ចុះពិនិត្យការស្ដារឡើងវិញនូវស្រូវរដូវប្រាំង ដែលរងការខូចខាតដោយសារជំនន់
ចេញ​ផ្សាយ ២៤ វិច្ឆិកា ២០២០
134

ផ្ទៃដីស្រូវខូចខាត ៦១,៥ភាគរយ នៅក្នុងស្រុកអូររាំងឪ ត្រូវបានស្ដារឡើងវិញ
នៅព្រឹកថ្ងៃសុក្រ ៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ 
លោក យូ តាំងហ៊ី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី សហការជាមួយលោកអភិបាលរងស្រុកអូររាំងឪ លោកមេឃុំ លោកមេភូមិ បានចុះពិនិត្យការស្ដារឡើងវិញនូវស្រូវរដូវប្រាំង ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនិងទឹកទន្លេមេគង្គនាពេលកន្លងមក ក្នុងឃុំព្រះធាតុ អំពិលតាពក  និងឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។  សូមជម្រាបថា ជំនន់ទឹកភ្លៀងនិងទឹកទន្លេមេគង្គ បណ្តាលឲ្យស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋមួយចំនួននៅឃុំទាំង៣ ខូចខាតលើផ្ទៃដីចំនួន ៣១២ហិកតា។ ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ស្រូវពូជចំនួន ២០តោន បានផ្តល់ជូនប្រជាពលរដ្ឋចំនួន ៤៥៥គ្រួសារ ដែលមានស្រូវខូចខាត សម្រាប់រួមចំណែកស្ដារឡើងវិញលើផ្ទៃដីទាំង ៣១២ហិកតា។
តាមការចុះពិនិត្យនិងវាយតម្លៃរបស់ក្រុមការងារពិនិត្យឃើញថា ផ្ទៃដីស្រូវរដូវប្រាំងដែលរងការខូចខាត ត្រូវបានប្រជាពលរដ្ឋភ្ជួររាស់ ព្រោះឡើងវិញបាន ១៩២ហិកតា ហើយមានការដុះលូតលាស់ល្អប្រសើរ ក្នុងនោះមាន ៖
-ឃុំព្រះធាតុ មានផ្ទៃដីខូចខាតចំនួន ១៤៧ហិកតា បានស្ដារឡើងវិញចំនួន ១១០ហិកតា 
-ឃុំអំពិលតាពក មានផ្ទៃដីខូចខាតចំនួន ៣៧ហិកតា បានស្ដារឡើងវិញចំនួន ១៥ហិកតា 
-ឃុំមៀន មានផ្ទៃដីខូចខាតចំនួន ១២៨ហិកតា បានស្ដារឡើងវិញចំនួន ៦៧ហិកតា។
ជាការផ្ដាំផ្ញើ លោកអនុប្រធានមន្ទីរ បានណែនាំដល់លោកមេឃុំនិងមេភូមិ បន្តជួយជំរុញធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ បានស្ដារឡើងវិញលើផ្ទៃដីដែលនៅសល់។ ទន្ទឹមនោះ ក៏សូមលោកមេឃុំនិងមេភូមិ ជួយផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ឧស្សាហ៍ចុះមើលស្រែ ថែទាំកុំឲ្យមានស្មៅចង្រៃ សត្វល្អិត ដង្កូវ ឬកត្តាចង្រៃផ្សេងៗ បំផ្លាញស្រូវ នាំទៅរកការខូចខាតជាថ្មីទៀត។ ក្នុងនោះក៏ត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពទឹកស្រោចស្រពផងដែរ។
បើមានបញ្ហាចាំបាច់ សូមទាក់ទងលេខទូរស័ព្ទមន្ត្រីជំនាញ ០៩៧ ៧១១៧៣៤៦, ០៨៨ ៩៥ ៥៥ ៣៣២, ០៩៧ ៥៧ ០៤ ០១០។
ខ្ញុំសូមជម្រាបជូនផងដែរថា រហូតមកដល់ថ្ងៃនេះ ការប្រមូលផលស្រូវរដូវវស្សាក្នុងស្រុកអូររាំងឪ សម្រេចបាន 
១១ ៣០០ហិកតា នៃផ្ទៃដីដាំដុះ ១៦ ០០០ហត (ស្រូវស្រាល ៧០០ហិកតា និងស្រូវកណ្តាល ១០ ៦០០ហិកតា) ដោយទទួលទិន្នផលជាមធ្យម ៣,៣៤តោន/ហិកតា។ ក្រៅពីទុកហូប ស្រូវ ត្រូវបានលក់អស់ មិនមានការកកស្ទះនោះទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter