ការស្ដារឡើងវិញនូវស្រូវរដូវប្រាំង ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ស្រុកត្បូងឃ្មុំ
ចេញ​ផ្សាយ ២៤ វិច្ឆិកា ២០២០
118

ផ្ទៃដីស្រូវខូចខាត ៨០ភាគរយ នៅក្នុងស្រុកត្បូងឃ្មុំ ត្រូវបានស្ដារឡើងវិញ
នៅព្រឹកថ្ងៃសុក្រ ៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ 
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី សហការជាមួយលោកអភិបាលរងស្រុកត្បូងឃ្មុំ មេឃុំ មេភូមិ បានចុះពិនិត្យការស្ដារឡើងវិញនូវស្រូវរដូវប្រាំង ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គនូវពេលកន្លងមក ក្នុងឃុំទន្លេបិទ បឹងព្រួល ពាមជីលាំង និងជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។  សូមជម្រាបថា ជំនន់ទឹកភ្លៀងនិងទឹកទន្លេមេគង្គ បណ្តាលឲ្យស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋមួយចំនួននៅឃុំទាំង៤ ខូចខាតលើផ្ទៃដីចំនួន ៦៦៧ហិកតា។ ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល តាមរយៈឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីរក្រសួងរៀបចំដែនដី នរគរូបនីយកម្ម និងសំណង់ បាននាំស្រូវពូជចំនួន ៦៨,៥តោន ផ្តល់ជូនប្រជាពលរដ្ឋចំនួន ៨១៤គ្រួសារ ដែលមានស្រូវខូចខាត ធ្វើការស្ដារឡើងវិញ លើផ្ទៃដីប្រមាណ ៦២៧ហិកតា។
តាមការចុះពិនិត្យនិងវាយតម្លៃរបស់ក្រុមការងារពិនិត្យឃើញថា ផ្ទៃដីស្រូវរដូវប្រាំងដែលរងការខូចខាត ត្រូវបានប្រជាពលរដ្ឋភ្ជួររាស់ព្រោះឡើងវិញបាន ៥១០ហិកតា ហើយមានការដុះលូតលាស់ល្អប្រសើរ ក្នុងនោះមាន ៖
-ឃុំទន្លេបិទ មានផ្ទៃដីខូចខាតចំនួន ១២៧ហិកតា បានស្ដារឡើងវិញចំនួន ១១៤ហិកតា 
-ឃុំបឹងព្រួល មានផ្ទៃដីខូចខាតចំនួន ១៩៣ហិកតា បានស្ដារឡើងវិញចំនួន ១១៥ហិកតា 
-ឃុំពាមជីលាំង មានផ្ទៃដីខូចខាតចំនួន ២២០ហិកតា បានស្ដារឡើងវិញចំនួន ១៩៨.ហិកតា
-ឃុំជីរោទិ៍ទី២ មានផ្ទៃដីខូចខាតចំនួន ៩៣ហិកតា បានស្ដារឡើងវិញចំនួន ៨៣ហិកតា។
ជាការផ្ដាំផ្ញើ លោកប្រធានមន្ទីរ បានណែនាំដល់លោកមេឃុំ លោក លោកស្រីមេឃុំ ជំទប់ឃុំ និងមេភូមិ បន្តជួយជំរុញធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ បានស្ដារឡើងវិញលើផ្ទៃដីទាំងអស់ ហើយទន្ទឹមនោះក៏សូមលោក  លោកស្រីមេឃុំ និងមេភូមិ ជួយផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ឧស្សាហ៍ចុះមើលស្រែ ថែទាំកុំឲ្យមានស្មៅចង្រៃ សត្វល្អិត ដង្កូវ ឬកត្តាចង្រៃផ្សេងៗបំផ្លាញស្រូវ ឈានទៅការខូចខាតជាថ្មីទៀត។ មានបញ្ហាចាំបាច់ សូមទាក់ទងលេខទូរស័ព្ទមន្ត្រីជំនាញ ០៩៧ ៧១១៧៣៤៦, ០៨៨ ៩៥ ៥៥ ៣៣២, ០៩៧ ៥៧ ០៤ ០១០។
សូមជម្រាបជូនផងដែរថា រហូតមកដល់ថ្ងៃនេះ ការប្រមូលផលស្រូវរដូវវស្សាក្នុងស្រុកត្បូងឃ្មុំ សម្រេចបាន ៩ ៣៩០ហិកតា នៃផ្ទៃដីដាំដុះ ១៧ ៧៦០ហត (ស្រូវស្រាល ៥ ៥០០ហិកតា និងស្រូវកណ្តាល ៣ ៨៩០ហិកតា) ដោយទទួលទិន្នផលជាមធ្យម៣.៦ តោន/ហិកតា។ ក្រៅពីទុកហូប ស្រូវ ត្រូវបានលក់អស់ មិនមានការកកស្ទះនោះទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter