តោះទៅមើលស្វាយកែវល្មៀតនៅស្រុកតំបែរ
រសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ដដែល
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការី និងប្រធានសហគមន៍កសិកម្មសាមគ្គីតំបែរ ចុះពិនិត្យដំណាំស្វាយកែវល្មៀតរបស់កសិករជាសមាជិកសហគមន៍កសិកម្មសាមគ្គីតំបែរ ដែលបានដាំស្វាយចំនួន ១៣ហិកតា។ តាមលោក អុំ សុភា (097 63 88 097) ប្រធានសហគមន៍កសិកម្ម បានរៀបរាប់ថា សហគមន៍កសិកម្ម មានសមាជិក ៧០គ្រួសារ មានចម្ការស្វាយកែវល្មៀត ចំនួន ១២៧ហិកតា ហើយនៅឆ្នាំនេះ ស្វាយបានចេញផ្កាស្រុះល្អ។ សហគមន៍ កំពុងប្រឹងប្រែងទំនាក់ទំនងទៅកាន់ទីផ្សារនិងអញ្ជើញអ្នកទិញដុំ មកពិនិត្យ ផ្តល់យោបល់ ដើមហបីធ្វើការលក់ទិញតាមកិច្ចសន្យា។ តាមការព្រមព្រៀងគ្នា នៅសប្តាហ៍ក្រោយនេះ នឹងមានចុះកិច្ចសន្យាទិញលក់ ស្វាយកែវល្មៀត ជាមួយក្រុមហ៊ុនអង្គរគ្រីននិងឈ្នួញវៀតណាម នូវបរិមាណស្វាយចំនួនពី ៧០តោន ទៅ៨០តោន។ លោកប្រធានសហគមន៍ ក៏បានប្រកាសជម្រាបដល់អ្នកទិញស្វាយទាំងអស់ អញ្ជើញមកពិនិត្យចម្ការស្វាយក្នុងស្រុកតំបែរនិងជួយទិញពីកសិករ អាចមានទាំងខ្ចប់ និង មិនខ្ចប់។
សូមជម្រាបជូនថា តាមរបាយការណ៍របស់ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកតំបែរ បង្ហាញថា នៅក្នុងស្រុកតំបែរមានចម្ការស្វាយកែវល្មៀតចំនួន ១ ០៥០ហិតា និងស្វាយដែលអាចប្រមូលផលបានមានប្រមាណ ៦០%។