រសៀលថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការី ចុះពិនិត្យការចិញ្ចឹមគោរបស់កសិករ ធឿន ផល្លីន (088 75 09 954) នៅភូមិផ្កាដូង ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលបានចាប់ផ្ដើមចិញ្ចឹមគោមេចំនួន ៣ក្បាល និងកូនចំនួន ៣ក្បាល តាំងពីឆ្នាំ២០០២ រហូតមកទាល់ពេលនេះ មានគោចំនួន ៦០ក្បាល លើផ្ទៃដី ៦ហិកតា។ នេះ ជាសមិទ្ធផលមួយរបស់គ្រួសារកសិករ ដែលបានខិតខំប្រឹងប្រែង រហូតទទួលបានលទ្ធផលល្អប្រសើរ រួមចំណែកជាប្រភពចំណូលក្នុងគ្រួសារ ឆ្លើយតបការចង់បានរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តត្បូងឃ្មុំ បានឃើញប្រជាកសិករពង្រីកទំហំផលិតកម្មកសិកម្មរបស់ខ្លួន បំពេញតម្រូវការទីផ្សារ។
ក្នុងគោលបំណងជំរុញឲ្យការចិញ្ចឹមនេះ កាន់តែរីកចម្រើនទៅមុខទៀត ក្រុមការងារ បានណែនាំឲ្យការចិញ្ចឹមគោនេះ រក្សាក្នុងទ្រុងជាក់លាក់ កំណត់ទីធ្លារដើរឲ្យបានសមស្រប អនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដែលធ្វើឲ្យគោមិនចំណាយថាមពលដើរ តែត្រូវប្រមូលផ្តុំថាមពលសម្រាប់ការធំធាត់ និងទប់ស្កាត់ជំងឺផ្សេងៗជាយថាហេតុ។ ក្រុមការងារ ក៏បានផ្តល់ការតម្រង់ទិសបន្ថែមមួយចំនួន ដូចជា ៖
-រៀបចំក្រោលគោឲ្យបានស្អាត ដោយធ្វើការចាក់ដី ឬ ចាក់សាបឲ្យបានស្មើ
-ត្រូវលាងសម្អាតគោ ២ដង ក្នុងមួយថ្ងៃ ដើម្បីឲ្យគោមានសុខភាពល្អនិងឆាប់ធំធាត់
-មិនត្រូវព្រលែងគោឲ្យដើរច្រើន ធ្វើឲ្យគោបញ្ចេញកម្លាំងពលកម្ម គោមិនឆាប់ធំ និងប្រឈមជំងឺ
-ដាំស្មៅ សម្រាប់ផ្ដល់ឲ្យគោសុីនិងប្រមូលចំបើងរក្សាទុក ព្រោះបច្ចុប្បន្នជារដូវច្រូតកាត់ហើយ ដើម្បីធ្វើផ្អកចំបើង
-ត្រូវប្រើចំណីផ្សំបន្ថែម សម្រាប់គោ ដើម្បីគោឆាប់ធំធាត់
-ត្រូវធ្វើវ៉ាក់សាំងឲ្យបានគ្រប់ៗ គោទាំងអស់
-ចាក់ថ្នាំទម្លាក់សត្វល្អិតឲ្យបានទៀងទាត់ តាមបច្ចេកទេស
-ធ្វើឡជីវឧស្ម័ន ដើម្បីទាញផលប្រយោជន៍ពីលាមកគោបន្ថែមទៀត ដូចជាការទទួលបាន ជីធម្មជាតិ អាចលក់បានប្រាក់ចំណូលបន្ថែម ឬ ប្រើប្រាស់សម្រាប់បំប៉នគ្រប់មុខដំណាំ ផ្ដល់ចំហេះសម្រាប់ដាំបាយ ធ្វើម្ហូប ដាំទឹក។