ព្រឹកថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី ជាមួយភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំល្ងៀង បានចុះពិនិត្យការដាំដុះនិងការប្រមូលផលដំណាំត្រសក់ចំណាររបស់កសិករ ស្រ៊ាង ស្រេង (077 23 54 25) ជាសមាជិកសហគមន៍កសិកម្មល្ងៀងមានជ័យ នៅភូមិស្មោញ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបាននិងកំពុងប្រមូលផលដំណាំត្រសក់ចំណារលើផ្ទៃដីសរុប ៦០អារ ដែលអាចប្រមូលផលបានជារៀងរាល់ថ្ងៃចន្លោះពី ៥០០គីឡូក្រាម ទៅ ៦០០គីឡូក្រាម លក់បានតម្លៃ ១ ៣០០រៀល/គ.ក្រ និងបានដាំដុះត្រសក់ចំណារបន្ថែម លើផ្ទៃដី ១០អារ បានដាំនៅសប្ដាហ៍ទី៤ ខែតុលា អាចប្រមូលផលនៅសប្ដាហ៍ទី២ ខែធ្នូ និងសណ្ដែកកួរលើផ្ទៃដី ១០អារ បានដាំនៅសប្ដាហ៍ទី១ ខែវិច្ឆិកា អាចប្រមូលផលនៅសប្ដាហ៍ទី២ ខែធ្នូ ។
ក្នុងការចុះពិនិត្យ បានឲ្យឃើញថា កសិករបានប្រើប្រាស់ទុយោដំណក់ ទុយោសាធ ដែលចំណេញកម្លាំងពលកម្មច្រើន មិនជំរះស្មៅ និងការប្រើប្រាស់ដំណាំពោតសម្រាប់ជារបាំងការពារសត្វល្អិតចូលបំផ្លាញដំណាំ ហើយក៏អាចផ្ដល់ទិន្នផលផងដែរ។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរបានធ្វើការណែនាំតម្រង់ទិសមួយចំនួនដូចជា ៖
-សុំបន្តអនុវត្តការកាត់ខ្នែងខាងក្រោមចេញដែលមិនផ្ដល់ផល ព្រោះខ្នែងជាជម្រកសត្វល្អិត និងស្រូបយកសារធាតុចិញ្ចឹមក្នុងដី
-ត្រូវប្រមូលផលផ្លែត្រសក់ទៅតាមទំហំទីផ្សារ
-ត្រូវប្រុងប្រយ័ត្ននៅពេលមានទឹកដកនៅតាមរង ដែលអាចបង្កឲ្យមានផ្សិត
-ក្រោយពីប្រមូលផល ត្រូវភ្ជួរហាលដីឲ្យបាន ១៥ថ្ងៃមុនពេលដាំដុះ
$$$ជាបន្ត បានចុះពិនិត្យការដាំដំណាំរបស់កសិករ ស៊ុន ផល (088 58 58 421) ជាសមាជិកសហគមន៍កសិកម្មល្ងៀងមានជ័យ នៅភូមិស្មោញ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងប្រមូលផលត្រឡាចលើផ្ទៃដីសរុប ២០អារ អាចប្រមូលផល ២ថ្ងៃម្ដង បេះបានចន្លោះពី ៦០០ផ្លែទៅ ៧០០ផ្លែ លក់បានតម្លៃ ១ ០០០រៀល/ផ្លែ និងការប្រមូលផលត្រប់ស្រួយលើផ្ទៃដី ៣០អារ អាចប្រមូលផល ២ថ្ងៃម្ដង បេះបានចន្លោះពី ២៥០គីឡូក្រាម ទៅ ៣០០គីឡូក្រាម លក់បានតម្លៃ ៨០០រៀល/គ.ក្រ ហើយបានកំពុងរៀបចំដីសម្រាប់ដាំដុះសណ្ដែកកួរលើផ្ទៃដី ៦អារ និងត្រឡាច ៦អារបន្ដែមទៀត នៅសប្ដាហ៍ទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ និងអាចប្រមូលផលនៅសប្ដាហ៍ទី១ ខែមករា ឆ្នាំ២០២១ និងបានដាំដុះដូងក្រអូបចំនួន ១០០ដើម និងដូងខ្មែរចំនួន ៤០ដើម លើផ្ទៃដីសរុប ៧០អារ ដែលមានអាយុ ២ឆ្នាំ។
ក្រៅពីណែនាំបច្ចេកទេសខាងលើ លោកប្រធានមន្ទីរ បានសំណូមពរ ដល់កសិករត្រូវដាំដំណាំក្រោមម្លប់ថែម ដើម្បីប្រមូលផលបានច្រើនមុខលើដីតែមួយ ពេលវេលាតែមួយ។