បច្ចេកទេសនិងបទពិសោធន៍ ដែលនាំទៅរកជោគជ័យក្នុងការដាំដុះដំណាំស្រូវ
ចេញ​ផ្សាយ ១៩ វិច្ឆិកា ២០២០
591

ជ្រុងមួយនៃបច្ចេកទេសនិងបទពិសោធន៍ ដែលនាំទៅរកជោគជ័យក្នុងការដាំដុះដំណាំស្រូវ
វគ្គរៀបចំដីនិងការប្រើប្រាស់គ្រាប់ពូជ
ដី ទឹក ពន្លឺ ជាមូលដ្ឋានគ្រឹះក្នុងផលិតកម្មដំណាំ។ រុក្ខជាតិគ្រប់ប្រភេទ ត្រូវការសារធាតុចិញ្ចឹម ១៦ប្រភេទ ក្នុងនោះសារធាតុចិញ្ចឹមចាំបាច់ជាងគេ មាន អាស៊ូត(N) ផូស្វ័រ(P) ប៉ូតាស្យូម(K) ដែលមិនអាចខ្វះបានក្នុងការលូតលាស់និងផ្តល់ផល។ ទន្ទឹមនោះ ការជ្រើសរើសពូជ រៀបចំដី ការថែទាំ និងការប្រមូលផល ក៏ត្រូវយកចិត្តទុកដាក់ខ្ពស់។ ដូចនេះ ដើម្បីទទួលបានជោគជ័យក្នុងផលិតកម្មដំណាំស្រូវ ក្នុងនាមជាមន្ត្រីបច្ចេកទេស សូមផ្តល់ជូននូវយន្តការនិងវិធានបច្ចេកទេសខ្លីៗ សំខាន់ៗ មួយចំនួន ដូចតទៅ ៖
ស្ថានភាពទូទៅ ៖ 
តាមការសិក្សាស្រាវជ្រាវ ប្រភេទពូជស្រូវប្រើប្រាស់ក្នុងខេត្តត្បូងឃ្មុំ
-ស្រូវស្រាល  មានដាំប្រភេទពូជសែនពិដោរ សែនក្រអូប ខា១៥ អ៊ីអ៊ែរ ៦៦ OM៤៩ OM៥៤៥១ អាយុកាល ៨៥ថ្ងៃ ទៅ១២០ថ្ងៃ ហើយដាំដុះនៅក្នុងខែមីនា មេសា ឧសភា កញ្ញា តុលា វិច្ឆិកា និងខែធ្នូ។
-ស្រូវកណ្តាល  មានដាំប្រភេទពូជផ្ការំដួល ផ្កាមាលតី ផ្ការមៀត និងពូជស្រូវប្រពៃណី អាយុកាល ១២០ថ្ងៃ ទៅ១៦០ថ្ងៃ និងអាចប្រមូលផលនៅចាប់ពីចុងខែតុលាដល់ខែវិច្ឆិកា ហើយដាំដុះនៅក្នុងខែមេសា ឧសភា មិថុនា និងខែកក្កដា។
-ស្រូវធ្ងន់ មានដាំប្រភេទពូជរាំងជ័យ ខា៤ ខា៦ ខា២ និងពូជស្រូវប្រពៃណី ស្អាង នាងស អាយុកាលលើសពី ១៦០ថ្ងៃ និងអាចប្រមូលផលចាប់ពីចុងខែវិច្ឆិកា ដល់ខែធ្នូ ហើយដាំដុះក្នុង ខែមេសា ឧសភា មិថុនា កក្កដា និងខែសីហា។
១.ការរៀបចំដី ៖ 
ដី ត្រូវរាបស្មើល្អ មានភ្លឺស្រែធំមាំល្អ ងាយស្រួលគ្រប់គ្រងទឹក បង្ហូរទឹកចូល ឬ រំដោះទឹកចេញ។ ការភ្ជួរដីលើកទី១ ត្រូវចាប់ផ្តើមនៅក្រោយពេលច្រូតកាត់ភ្លាមៗ ព្រោះដីនៅមានសំណើមសមស្របអាចភ្ជួរបាន ជាពិសេសដើម្បីលុបកាកសំណល់ ដូចជា គល់ជញ្ជ្រាំងទៅក្នុងដីធ្វើជាជី។ ពេលវេលានៃការភ្ជូរលើកទី២ អាចធ្វើមុនពេលព្រោះ ឬ ស្ទូង រយៈពេលពី ២ ទៅ ៣សប្តាហ៍ ដើម្បីប្រែត្រលប់ដី ដីម៉ដ្ឋល្អ និងងាយស្រួលក្នុងការកៀរពង្រាបឲ្យស្មើ។ សម្រាប់ស្រែស្រូវរដូវប្រាំង ឬស្រែស្រូវប្រដេញទឹក ការភ្ជួរដី គួរអនុវត្តមុនពេលទឹកលិច ក្នុងជម្រៅចាប់ពី ១៥ស.ម ទៅ ២៥ស.ម។ ហើយការរាស់ និងកៀរពង្រាបដី ត្រូវអនុវត្តពេលទឹកស្រកទៅវិញ សម្រាប់ព្រោះ ឬស្ទូង។
២.ការជ្រើសរើសពូជ ៖ 
ពូជ ដើរតួនាទីយ៉ាងសំខាន់ក្នុងផលិតកម្មដំណាំ។ កសិករត្រូវជ្រើសរើសប្រភេទពូជដែល ផ្តល់ទិន្នផលខ្ពស់ ធន់កត្តាចង្រៃ (សត្វល្អិត ស្មៅ និងជំងឺ) ការប្រែប្រួលអាកាសធាតុ និង ស្ថានភាពតំបន់ដាំដុះ។ ពូជដែលល្អ ឬសមស្របជាងគេបំផុត គឺជាពូជដែលត្រូវនឹង តម្រូវការរបស់កសិករនិងទីផ្សារ។
  គ្រាប់ពូជដែលមានគុណភាពល្អត្រូវមាន ៖
- ភាពសុទ្ធ           ៖ មិនទាបជាង ៩៥%
- ដំណុះគ្រាប់      ៖ មិនទាបជាង ៨០%
- សំណើមគ្រាប់   ៖ មិនខ្ពស់ជាង ១៤%
- គ្រាប់ស្មៅចង្រៃនិងដំណាំផ្សេងៗ ៖ ០.‌១%
- គ្រាប់ពូជស្រូវផ្សេងៗ ៖ ១០គ្រាប់/៥០០ក្រាម។
៣-ការប្រើប្រាស់គ្រាប់ពូជ ៖ 
តាមបទដ្ឋានបច្ចេកទេស បរិមាណគ្រាប់ពូជស្រូវ (ប្រើតាមរយៈការព្រោះ) អាស្រ័យតាម ប្រភេទស្រូវ ៖
- ស្រូវស្រាល បរិមាណ ១២០-១៥០គ.ក្រ/ហ.ត (ស្រូវសែនពិដោរ សែនក្រអូប ១ ខា១៥ OM៤៩ OM៥៤៥១)
- ស្រូវកណ្តាល បរិមាណ ១០០-១២០គ.ក្រ/ហ.ត (ស្រូវផ្ការំដួល ផ្កាមាលតី ផ្ការមៀត...)
- ស្រូវធ្ងន់ បរិមាណ ៨០-១០០គ.ក្រ/ហ.ត (ស្រូវខា២ ខា៤ ខា រាំងជ័យ.....)
***កសិករភាគច្រើន ព្រោះគ្រាប់ពូជស្រូវមានចំនួនច្រើនជាងបច្ចេកទេសបានណែនាំដល់ទៅ ២ដង។
ស្រាវជ្រាវរៀបចំដោយ ៖ លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម ទូរស័ព្ទលេខ ០៨៨ ៥៣ ៥១ ៣៣៣
ត្រួតពិនិត្យនិងកែសម្រួលដោយ ៖ 
-លោក ដុក សាវឿន ប្រធានការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្មខេត្តត្បូងឃ្មុំ ទូរស័ព្ទលេខ ០៨៨ ៩៥ ៥៥ ៣៣២
-លោក សន មិនា ប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្តត្បូងឃ្មុំ ទូរស័ព្ទលេខ ០៧១ ៥៩ ៥៩ ២៧១

ចំនួនអ្នកចូលទស្សនា
Flag Counter