បង្កងអូស្ត្រាលី កាន់តែងាយចិញ្ចឹម កាន់តែងាយប្រមូលផល នៅស្រុកតំបែរ
ចេញ​ផ្សាយ ១៣ វិច្ឆិកា ២០២០
147

បង្កងអូស្ត្រាលី កាន់តែងាយចិញ្ចឹម កាន់តែងាយប្រមូលផល
រសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ រួមដំណើរដោយលោក អៀម ម៉ាយ៉ុងរី នាយខណ្ឌរដ្ឋបាលជលផល និងលោកស្រី ឈីម សុផារ៉ាវី ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំសេដា បានចុះសួរសុខទុក្ខ និងពិនិត្យការចិញ្ចឹមបង្កងអូស្ត្រាលីភ្ញាស់យកកូន និងការចិញ្ចឹមត្រីអណ្ដែងរបស់កសិករ ចយ សុឃន់ (088 300 87 26 & 097 30 81 063 ) នៅភូមិអណ្តូងពេជ្រ ឃុំសេដា ស្រុកតំបែរ ដែលបាននិងកំពុងចិញ្ចឹមបង្កងចំនួន ១៣អាង អាងធំចំនួន ៩អាង អាចដាក់បង្កងមេបាចំនួន ១០០ទៅ១៥០គូ/អាង និងអាងតូចចំនួន ៤អាង អាចដាក់បង្កងមេបាចំនួន ៥០ទៅ១០០គូ/អាង។ ចំណែកអាងចិញ្ចឹមត្រីអណ្តែងមានចំនួន ៤អាង ក្នុងនោះអាងធំចំនួន ១អាង ទំហំ ៧ម៉ែត្រx៩ម៉ែត្រ ដាក់កូនត្រីចំនួន ៤០គីឡូក្រាម និងអាងតូចចំនួន ៣អាង ទំហំ ៤ម៉ែត្រx៥ម៉ែត្រ ដាក់កូនត្រីចំនួន ១០គីឡូក្រាម/អាង។
កសិករ ចយ សុឃន់ បានរៀបរាប់ថា គាត់និងភរិយា បានចាប់ផ្ដើមចិញ្ចឹមបង្កងបានរយៈពេល ៤ខែមកហើយ ដែលចាប់ផ្ដើមមុនដំបូងចិញ្ចឹមបង្កងមេបាតែ ១គូ និងកូនចំនួន ១០០ក្បាល។ ក្រោយមក បានទិញមេបាបន្ថែមចំនួន ៥គូ ដែលរហូតមកពេលនេះបង្កើតបានមេបាសរុប ១ ០០០ក្បាល និងមានកូនបង្កងចំនួន ១០ ០០០ក្បាល។ ចំណីសម្រាប់បង្កង មានស្រូវ កង្កែប និងចំណីគ្រាប់។
ចំពោះតម្លៃមេបាបង្កង ១គូ លក់បាន ៤០ ០០០រៀល កូនបង្កងអាយុបាន ១ខែកន្លះ អាចលក់បានតម្លៃ ២ ០០០រៀល/ក្បាល  និងការចិញ្ចឹមត្រី បានរយៈពេល ១ខែកន្លះ ដែលអាចប្រមូលផលបាននៅរង្វង់ ១ខែទៅ២ខែទៀត។
លោកប្រធានមន្ទីរ បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ពួកគាត់ទាំងពីរនាក់ ចិញ្ចឹមបង្កងដោយប្រើបច្ចេកទេសសាមញ្ញ មានសមត្ថភាពកសាងបានបទពិសោធន៍ថ្មីៗក្នុងការចិញ្ចឹ  និងសង្ឃឹមថា ការខិតខំប្រឹងប្រែងរបស់គាត់ នឹងទទួលបានជោគជ័យថែមទៀត។
ជាបន្ត លោកប្រធានមន្ទីរ និងសហការី បានចុះពិនិត្យការចិញ្ចឹមត្រីអណ្ដែង ការចិញ្ចឹមទាកាប៉ា និងការសាងសង់រោងចិញ្ចឹមមាន់ស្រែបន្ថែមរបស់កសិករ ងន់ ស្រេង (ទូរស័ពញទលេខ 031 22 000 44 ) ស្ថិតនៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ដែលបានចិញ្ចឹមត្រីអណ្ដែងចំនួន ៤អាង ដែលអាងនីមួយៗ មានទំហំ ៣ម៉ែត្រx៦ម៉ែត្រ អាចដាក់កូនត្រីបានចំនួន ១០គីឡូក្រាម/អាង និងអាចប្រមូលផលបានក្នុងបរិមាណ ១៥០គីឡូក្រាម/អាង។ តម្លៃ ៧ ០០០រៀល/គ.ក្រ និងការចិញ្ចឹមទាកាប៉ា រយៈពេល ១ឆ្នាំ ក្នុងទ្រុង ទំហំ ៤ម៉ែត្រx៩ម៉ែត្រ មានមេបាចំនួន ១២០ក្បាល សម្រាប់ចិញ្ចឹមភ្ញាស់យកកូនលក់។ កូនទាកាប៉ា មានអាយុ ៤ថ្ងៃទៅ៧ថ្ងៃ អាចលក់បានតម្លៃ ៥ ៥០០រៀល/ក្បាល ហើយកំពុងសាងសង់ទ្រុងមាន់បន្ថែម ដែលមានទំហំ ៤ម៉ែត្រx១២ម៉ែត្រ សម្រាប់ចិញ្ចឹមមាន់ស្រែភ្ញាស់យកកូន គាំទ្រដោយគម្រោងសន្តិសុខស្បៀង សម្រាប់កសិករក្រីក្រ របស់រាជរដ្ឋាភិបាលជប៉ុន អនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ចំនួនអ្នកចូលទស្សនា
Flag Counter