ការដាំដុះបន្លែរបស់បងប្អូនប្រជាកសិករ កំពុងបំពេញសេចក្តីត្រូវការស្បៀងអាហារ ក្នុងវិបត្តិកូវីដ ១៩
ឆ្លៀតមុនពេលចូលរួមប្រជុំ នៅសាលាស្រុកអូររាំងឪដោះស្រាយកង្វល់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃព្រហស្បត៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះសួរសុខទុក្ខនិងពិនិត្យការដាំដុះដំណាំរបស់កសិករ សុខ មឿន ទូរស័ព្ទលេខ ០៨៨ ៦៦ ៤ ៣៨៥ នៅភូមិសុក្រំជ្រុំ ឃុំគងជ័យ ស្រុកអូររាំងឪ ដែលបានដាំដុះបន្លែក្នុងផ្ទះសំណាញ់ និងក្រៅផ្ទះសំណាញ់ មានដូចជាស្ពៃចង្កឹះចំនួន ៥រង ត្រកួនចំនួន ៥រង ស្ពៃតឿចំនួន ៣រង ស្ពៃក្រញ៉ាញ់ចំនួន ២រង ខាត់ណាដើមចំនួន ២រង ហើយរងនីមួយៗ មានទំហំ ១៥ម៉្រែតx១,៥ម្រ៉ែត និងត្រប់ស្រួយមានទំហំដី ១ ៨០០ម្រ៉ែតការ៉េ។ ចំពោះស្ពៃតឿ ស្ពៃក្រញ៉ាញ់ អាចប្រមូលផលបានចាប់ពីឥឡូវនេះ និងត្រប់ស្រួយ ប្រមូលផលបានជារៀងរាល់ថ្ងៃរយៈពេល ២ខែមកហើយ បានផលចន្លោះពី ៥០គីឡូក្រាម ទៅ៦០គីឡូក្រាម/មួយថ្ងៃ តម្លៃ ២ ០០០រៀល/កក្រ។ ក្នុងនោះកសិករ សុខ មឿន បានដាំពុទ្រា ១៥០ដើម កំពុងប្រមូលផល លក់បានតម្លៃ ២ ០០០រៀល/គក្រ។
ក្នុងឱកាសនោះផងដែរ លោកប្រធាន បានណែនាំតម្រង់ទិសដល់កសិករមួយចំនួនដូចជា ៖
-ជួយផ្សព្វផ្សាយបន្លែសុវត្ថិភាព ដែលបានដាំនៅក្នុងផ្ទះសំណាញ់ ឲ្យបានទូលំទូលាយ ដើម្បីសុខភាពអ្នកបរិភោគ
-មិនត្រូវប្រើប្រាស់ថ្នាំពុលគីមី ខុសពីគោលការណ៍បច្ចេកទេសដែលនាំឲ្យប៉ះពាល់សុវត្ថិភាពដល់អ្នកបរិភោគ
-ទុកចន្លោះរងឲ្យធំល្មម ងាយស្រួលសម្អាតស្មៅ និងការថែទាំ
-ត្រូវប្រុងប្រយ័ត្នច្រកទ្វារពេលចេញចូល ការពារសត្វល្អិតចង្រៃចូលបំផ្លាញដំណាំ។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានណែនាំបន្ថែម ត្រូវប្រុងប្រយ័ត្នជំងឺកូវីដ ១៩ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល។ សូមកុំមានការព្រួយបារម្មណ៍នឹងពាក្យចចាមអារាម ថារាជរដ្ឋាភិបាលបិទក្រុង បិទផ្លូវដោយសារកូវីដ១៩នោះអី រាជរដ្ឋាភិបាល បានបញ្ជាក់ច្បាស់ហើយថា ឲ្យតែមានការចូលរួមទប់ស្កាត់បានទាំងអស់គ្នា នឹងមិនមានការរីករាលដាលនោះទេ។ រាជរដ្ឋាភិបាល មានតែជំរុញនិងលើកទឹកចិត្តដល់កសិករដែលបានដាំដុះ ចិញ្ចឹមសត្វ ចិញ្ចឹមត្រីព្រោះវិស័យកសិកម្មកំពុងដើរតួនាទីសំខាន់ក្នុងការរក្សាសន្តិសុខស្បៀងក្នុងសង្គម និងប្រាក់ចំណូលគ្រួសាររបស់បងប្អូនបហរជាកសិករ ក្មុងវិបត្តិកូវីដ ១៩។ សូមបងប្អូនប្រឹងប្រែងបន្ថែមទៀត ផលិតឲ្យបានច្រើន។
ពាក់ម៉ាស់ គ្រប់ទីកន្លែង គ្រប់ពេលវេលា ទប់ស្កាត់ការឆ្លងរាលដាលកូវីដ ១៩!!