វើការអង្កេតនិងវាស់ស្ទង់ទិន្នផលស្រូវពូជផ្ការំដួល និងដំណាំបន្លែ នៅស្រុកក្រូចឆ្មារ
ចេញ​ផ្សាយ ១៣ វិច្ឆិកា ២០២០
209

ប្រជាកសិករសប្បាយរីករាយ ជាមួយផលស្រូវនិងបន្លែ ដែលល្អប្រសើរនៅឆ្នាំនេះ ឆ្លើយតបផែនការជំរុញផលិតកម្មកសិកម្មរបស់រាជរដ្ឋាភិបាល ក្នុងវិបត្តិជំងឺ កូវីដ ១៩ 
រសៀលថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានអង្គភាពអនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន រួមដំណើរដោយលោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរ លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម បានចុះពិនិត្យការងារបង្កបង្កើនផលស្រូវរដូវវស្សានិងធ្វើការអង្កេតនិងវាស់ស្ទង់ទិន្នផលស្រូវពូជផ្ការំដួល របស់កសិករ ២គ្រួសារ នៅឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលមានទិន្នផលមធ្យម ៣ ៨៤៥គក្រ/ហិកតា ក្នុងនោះ ៖
១-កសិករ ជ្រុន ស្រី សមាជិកសហគមន៍កសិកម្មក្ដីសង្ឃឹមកសិករ នៅភូមិបីម៉ែត្រ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានដាំស្រូវពូជផ្ការំដួល លើផ្ទៃដី ៨ ០០០ម៉ែត្រក្រឡា លទ្ធផលទទួលបានពីការអង្កេតនិងស្ទង់ទិន្នផល ចំនួន ៣ ៩១៥គក្រ/ហិកតា (ស្រូវស្ងួត ១៤%) ដោយទទួលបានបរិមាណផលចំនួន ៣ ១៣២គក្រ ។ 
២-កសិករ  ស៊ឹម ដានី សមាជិកសហគមន៍កសិកម្មក្ដីសង្ឃឹមកសិករ នៅភូមិបីម៉ែត្រ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានដាំស្រូវពូជផ្ការំដួល លើផ្ទៃដី ៧ ៥០០ម៉ែត្រក្រឡា លទ្ធផលទទួលបានពីការអង្កេតនិងស្ទង់ទិន្នផល ចំនួន ៣ ៧៧៥គក្រ/ហិកតា (ស្រូវស្ងួត ១៤%) ដោយទទួលបានបរិមាណផលចំនួន ២ ៨៣០គក្រ ។
លោក សេង សំបាត់ ប្រធានក្រុមប្រឹក្សាភិបាល សហគមន៍កសិកម្មក្តីសង្ឃឹមកសិករ បានរៀបរាប់ថា ស្រូវរដូវវស្សានៅឃុំនេះ ជួបនូវគ្រោះរាំងស្ងួត២ដង គឺនៅដើមរដូវនិងកូនរដូវប្រាំង ប៉ុន្តែបន្ទាប់ពីភ្លៀងធ្លាក់ ស្រូវបានល្អប្រសើរឡើងវិញ។ ទន្ទឹមនោះ ភ្លៀងធ្លាក់ជាប់ៗគ្នាក្រោយរដូវបិណ្ឌភ្ជុំ បានក្លាយជាឧបសគ្គដល់ការបង្កបង្កើតគ្រាប់ ព្រោះលំអងឈ្មោល មិនអាចហោះហើរទៅរកលំអងញីបាន។ ទោះយ៉ាងណា ស្រូវរដូវវស្សានៅឃុំទួលស្នួល ឆ្នាំនេះល្អ មិនចាញ់ឆ្នាំមុនៗទេ។
លោក សេង សំបាត់ (ទូរស័ព្ទលេខ ០៩៧ ៥៨ ០៨ ២៩២) បានរៀបរាប់ទៀតថា ឃុំទួលស្នួល មានដាំដុះស្រូវកណ្តាល និងស្រូវធ្ងន់លើផ្ទៃដី ២ ១០០% ហើយកំពុងប្រមូលផលបានប្រមាណ ១០%ហើយ ដោយលក់បានតម្លៃរង្វង់ ១១៥០រៀល/គក្រ(ស្រូវសើម)។ ទន្ទឹមនេះ ស្រូវរដូវប្រាំង (ស្រូវប្រដេញទឹក) ប្រជាពលរដ្ឋក៏កំពុងប្រញឹកភ្ជួររាស់ ព្រោះ សាបដែរ លើផែនការផ្ទៃដីប្រមាណ ៥ ០០០ហិកតា។ ទន្ទឹមផលិតកម្មស្រូវ សហគមន៍កសិកម្ម មានសមាជិក ១២គ្រួសារ ដាំបន្លែសុវត្ថិភាព ដែលបច្ចុប្បន្ន សមាជិកមួយចំនួនកំពុងរៀបចំដីនិងមួយចំនួនបានដាំនិងកំពុងប្រមូលផលលើ ផ្ទៃដី ១,៥ហិកតា។
ក្នុងឱកាសនោះ ក្រុមការងារ បានអបអរសាទរជាមួយលទ្ធផលដែលសហគមន៍និងបងប្អូនប្រជាកសិករទទួលបាន ហើយបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើនផលិតកម្មស្បៀង ក្នុងវិបត្តិ កូវីដ ១៩ ធានាសន្តិសុខស្បៀងនិងរក្សាចំណូលគ្រួសាររបស់ប្រជាកសិករ។ ទន្ទឹមនេះ សូមបងប្អូន ចូលរួមឲ្យបានខ្ចាប់ខ្ជួនជាមួយវិធានសុខាភិបាល តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីសុខភាពផ្ទាល់ខ្លួន សុខភាពក្រុមគ្រួសារ និងសុខសុវត្ថិភាពសង្គម។  
សូមជម្រាបជូនថា គិតត្រឹមថ្ងៃអង្គារ ៩រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ការប្រមូលផលដំណាំស្រូវរដូវវស្សាក្នុងខេត្តត្បូងឃ្មុំ សម្រេចបាន ១៤ ២១០ហិកតា ស្មើនឹង ១៨,៤៩% នៃផ្ទៃដីបានដាំដុះ ៧៧ ៣៨០ហិកតា ដោយមានទិន្នផលជាមធ្យម ៣,៤១តោន/ហិកតា ក្នុងនោះស្រូវស្រាល ៧ ២១៥ហិកតា ទិន្នផល ៣,៥៩តោន/ហិកតានិងស្រូវកណ្តាល ៧ ០៩៥ហិកតា ទិន្នផល ៣,២២តោន/ហិកតា។                           
ដោយឡែកការបង្កបង្កើផលស្រូវរដូវប្រាំង អនុវត្តភ្ជួររាស់សម្រេចបាន ៥ ៩០០ហិកតា ហើយដាំដុះបាន ៥ ៤៧០ហិកតា  ស្មើនឹង ៤៤,៦៩% នៃផែនការដាំដុះសរុប ១០ ២៤០ហិកតា  ស្មើនឹង ៩២,៧១%នៃផ្ទៃដីបានភ្ជួររាស់។

ចំនួនអ្នកចូលទស្សនា
Flag Counter