នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ណី លន់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកក្រុមប្រឹក្សាឃុំព្រះធាតុ មន្ត្រីការិយាល័យក្សេត្រសាស្ត្រ មន្ត្រីការិយាល័យកសិកម្មស្រុក បានបន្តចុះពិនិត្យស្រូវរដូវប្រាំងរងការខូចខាតនៅឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ស្រុកអូររាំងឪ មានសេចក្តីរាយការណ៍ថា ស្រូវរដូវប្រាំង(ស្រូវប្រដេញទឹក) ៣ឃុំ រងផលប៉ះពាល់ ៣៩០ហិកតានិងខូចខាត ៣១២ហិកតា ស្មើ ៤៥៥គ្រួសារ។ តាមការចុះពិនិត្យសាកសួរព័ត៌មាននិងវាយតម្លៃ នៅឃុំមៀននិងឃុំព្រះធាតុ បង្ហាញថា ឃុំមៀន ប៉ះពាល់ ខូចខាត ហិកតា ស្មើ គ្រួសារ។ ចំណែកឃុំព្រះធាតុ ប៉ះពាល់ ១៧៣ហិកតា ខូចខាត ១៤៧ហិកតា ស្មើ ២៣៣គ្រួសារ។
មានប្រសាសន៍ទៅកាន់ក្រុមប្រឹក្សាឃុំ មេភូមិ បងប្អូនប្រជាកសិកររងផលប៉ះពាល់ ឯកឧត្តម ណី លន់ បានជម្រាបជូនជ្រាបថា ឆ្នាំនេះទឹកទន្លេតូច តែចុងរដូវវស្សាភ្លៀវបង្អុរធ្លាក់ជោគជាំ បង្កជាជំនន់លិច ២០រាជធានី ខេត្ត ដែលបង្កឲ្យប៉ះពាល់ផលដំណាំ សត្វ ផ្លូវ ថ្នល់ ផ្ទះសំបែង ប្រព័ន្ធធារាសាស្ត្រ និងបណ្តាលស្លាប់ប្រជាពលរដ្ឋផងដែរ ជាពិសេសនៅតាមបណ្តាខេត្តភាគពាយ័ព្យ។ ពាក់ព័ន្ធករណីនេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី មានការខ្វល់ខ្វាយអាណិតអាសូរដល់ជនរងគ្រោះជាខ្លាំងនិងបានចុះសួរសុខទុក្ខដោយផ្ទាល់ ព្រមទាំងណែនាំឲ្យក្រសួងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យវាយតម្លៃ និងដាក់ចេញផែនការស្តារឡើងវិញជាបន្ទាន់។ ហេតុនេះហើយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនាមក្រសួងអាទិភាពមួយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី បានបែងចែកក្រុមការងារចុះគ្រប់ខេត្ត ពិនិត្យ វាយតម្លៃ និងលើកផែនការស្តារផលដំណាំនិងពិនិត្យលទ្ធភាពបង្កើតមុខរបរក្នុងក្របខ័ណ្ឌកសិកម្មផ្សេងៗតាមភូមិសាស្ត្រជាក់ស្តែង។ ដោយឡែកនៅខេត្តត្បូងឃ្មុំ ក៏ត្រូវចុះពិនិត្យការងារនេះដែរ ហើយពិនិត្យឃើញថា ស្រូវទីនេះក៏មានការខូចខាតដូច្នេះដែរ។ ហេតុនេះ សូមអាជ្ញាធរមូលដ្ឋានធ្វើការពិនិត្យទីតាំងដែលមានព្រោះគ្រាប់ស្រូវ ហើយត្រូវជន់លិច រួចស្រង់ស្ថិតិនិងសិក្សាពីប្រភពទឹកស្រោចស្រពក្នុងការដាំស្តារឡើងវិញ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច។