កសិករដាំបន្លែ សប្បាយចិត្តព្រោះបានតម្លៃល្អប្រសើរ
ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០ដដែលនេះ ឯកឧត្តម ណី លន់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ត្រីការិយាល័យក្សេត្រសាស្ត្រ មន្ត្រីការិយាល័យកសិកម្មស្រុក បានបន្តចុះពិនិត្យការដាំនិងប្រមូលផលបន្លែរបស់កសិករ នៅឃុំទួលសុភីនិងឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលពួកគាត់មានការសប្បាយចិត្តដោយសារតម្លៃបានល្អប្រសើរ។
-នៅទួលចង្វារ ភូមិចង្វារ ឃុំគងជ័យ កសិករ ១០គ្រួសារ បានប្រកបរបរដាំបន្លែជាលក្ខណៈសហគមន៍ លើផ្ទៃដី ១,៥ហិកតា ដែលបច្ចុប្បន្នមានដាំស្ពៃក្រញាញ់ ស្ពៃចង្កឹះ ស្ពៃតឿ សាឡាដ ខ្ទឹមស្លឹក ហើយកំពុងប្រមូលផលស្ពៃក្រញាញ់ សាឡាដ លក់បាន ៥ ០០០រៀល/គក្រ។ បងស្រី សែន សំណាង បានរៀបរាប់ថា គាត់បានទៅធ្វើការនៅប្រទេសថៃត្រូវគេបោកប្រាស់ មិនបានប្រាក់សល់អ្វីនោះទេ ទើបសម្រេចចិត្តត្រឡប់មកវិញនិងដាំបន្លែលើផ្ទៃដី ៥អារ បានជាចំណូលសម្រាប់គ្រួសារ។ អ្វីដែលគាត់សប្បាយចិត្តនាពេលនេះ គឺតម្លៃបន្លែល្អប្រសើរនៅពេលនេះ។
-កសិករ ឈុន ឈឿន លេខទូរស័ព្ទ ០៨៨ ៥៩ ៨៤ ១៥៣ នៅភូមិស្ទឹង ឃុំទួលសុភី មានផ្ទៃដី ១០អារ ដាំសាឡាដនិងស្ពៃចង្កឹះ ហើយកំពុងប្រមូលលក់បានតម្លៃ ២ ៥០០រៀល/គក្រ។ តាមការប៉ាន់ស្មានស្ពៃចង្កឹះនិងសាឡាដ នឹងប្រមូលបានប្រមាណ ១តោន។
ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរចំពោះការចូលរួមផលិតកម្មកសិកម្មការដាំបន្លែនេះ ឆ្លើយតបការចង់បានរបស់រាជរដ្ឋាភិបាលដែលជាប្រភពចំណូលរបស់បងប្អូន ជាពិសេសក្នុងវិបត្តិកូវីដ១៩។ កសិកម្ម បានផ្តល់ការងារនិងប្រភពចំណូល ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។