ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីចុះពិនិត្យស្រូវរដូវប្រាំងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅឃុំមៀន ស្រុកអូររាំងឪ ឯកឧត្តម ណី លន់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោកអភិបាលស្រុក លោកអភិបាលរងស្រុកអូររាំងឪ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកមេឃុំ ក្រុមប្រឹក្សាឃុំមៀន មន្ត្រីការិយាល័យក្សេត្រសាស្ត្រ មន្ត្រីការិយាល័យកសិកម្មស្រុក បានបន្តចុះពិនិត្យស្រូវរដូវវស្សា នៅក្នុងឃុំមៀននិងឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលមានការលូតលាស់ល្អ កំពុងដាក់គ្រាប់និងកំពុងប្រមូលផលបណ្តើរ។ បន្ទាប់មក ក្រុមការងារ ក៏បានចុះពិនិត្យសួរសុខទុក្ខពីការចិញ្ចឹមជ្រូក កង្កែប និងត្រីអណ្តែងរបស់កសិករ នៅភូមិសោយ ឃុំមៀន។
-កសិករ យន់ សាវុធ លេខទូរស័ព្ទ ០៩៧ ២៩ ៨៧ ៤៧៨ មានចិញ្ចឹមជ្រូកសាច់ ៦០ក្បាលនិងកង្កែបភ្ញាស់យកកូន មានពូជ ៣០០ក្បាល អាងកង្កែប ៩អាង។
-កសិករ កាក រស្មីលេខទូរស័ព្ទ ០៨៨ ៩៥ ០៧ ៩៣០ មានចិញ្ចឹមកង្កែបភ្ញាស់យកកូន មានពូជកង្កែប ៣៥០ក្បាល អាងថ្ម ៣អាងនិងត្រីអណ្តែង ៧អាង ដោយដាក់ពូជត្រី ប្រមាណ ២ ៥០០ក្បាលក្នុងមួយអាង។ កសិករ រៀបរាប់ថា ដោយវិបត្តិកូវីដ១៩ គាត់ត្រូវបញ្ចប់មុខរបររត់ម៉ូតូ ផាស់អាប់នៅខេត្តព្រះសីហនុ ហើយបានសម្រេចវិលត្រឡប់មកស្រុកកំណើតវិញ ចាប់យករបរចិញ្ចឹមកង្កែបនិងត្រីអណ្តែងនេះ ដែលមានរយៈពេល ២ខែមកហើយ ដោយសិក្សាបច្ចេកទេសតាមបណ្តាញសង្គម។ គាត់គ្រោងចាប់លក់ត្រីនៅពាក់កណ្តាលខែវិច្ឆិកានេះ។
ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរចំពោះការចូលរួមផលិតកម្មកសិកម្មការចិញ្ចឹមត្រី កង្កែប ជ្រូកនេះ ឆ្លើយតបការចង់បានរបស់រាជរដ្ឋាភិបាលដែលជាប្រភពចំណូលរបស់បងប្អូន ជាពិសេសក្នុងវិបត្តិកូវីដ១៩។ កសិកម្ម បានផ្តល់ការងារនិងបហរភពចំណូល ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
ឆ្លើយតបចំពោះកសិករទាំងពីររូប មន្ត្រីខណ្ឌរដ្ឋបាលជលផល បានណែនាំបច្ចេកទេសបន្ថែមមួយចំនួននិងបានស្នើសុំឲ្យគាត់ចូលរួមបណ្តុះបណ្តាលបច្ចេកទេសភ្ញាស់កង្កែបនៅពេលខាងមុខ។ ដោយឡែកត្រីអណ្តែងត្រូវធ្វើការផ្លាស់ប្តូរទឹកញឹកញាប់និងត្រូវឧស្សាហ៍ចាប់ត្រីដែលធំលឿនចេញ ចៀសវាសស៊ីត្រីតូចៗ។