នៅរសៀលថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ណី លន់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោកស្រីអភិបាលរងស្រុកក្រូចឆ្មារ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកមេឃុំក្រុមប្រឹក្សាឃុំ មន្ត្រីការិយាល័យក្សេត្រសាស្ត្រ បានចុះពិនិត្យស្រូវរដូវប្រាំងរងការខូចខាតនៅឃុំរកាខ្នុរប៉ើស២ ក្រូចឆ្មារ និងឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ស្រុកក្រូចឆ្មារ មានសេចក្តីរាយការណ៍ ស្រូវរដូវប្រាំង(ស្រូវប្រដេញទឹក) ៨ឃុំ រងផលប៉ះពាល់និងខូចខាត។ តាមការចុះពិនិត្យសាកសួរព័ត៌មាននៅឃុំរកាខ្នុរ ប៉ើស២ ក្រូចឆ្មារ និងឃុំព្រែកអាជី បង្ហាញថា ឃុំរកាខ្នុរ ដែលរងផលប៉ះពាល់ ២៩ហិកតា មានភាពល្អប្រសើរវិញ។ ចំណែកបីឃុំទៀតនោះ មានការខូចខាត ក្នុងនោះឃុំប៉ើស២ ខូចខាតលើ ៤ភូមិ ស្មើនឹងប្រជាពលរដ្ឋ ២៤២គ្រួសារ ឃុំក្រូចឆ្មារ ខូចខាតលើ ៦ភូមិ ស្មើនឹងប្រជាពលរដ្ឋ ១៦៨គ្រួសារ ឃុំព្រែកអាជី ខូចខាតលើ៥ភូមិ ស្មើនឹងប្រជាពលរដ្ឋ ៤២១គ្រួសារ។
មានប្រសាសន៍ទៅកាន់មេឃុំ ក្រុមប្រឹក្សាឃុំមេភូមិ ឯកឧត្តម ណី លន់ បានជម្រាបជូនជ្រាបថា ឆ្នាំនេះទឹកទន្លេតូច តែចុងរដូវវស្សាភ្លៀវបង្អុរធ្លាក់ជោគជាំ បង្កជាជំនន់លិច ២០រាជធានី ខេត្ត ដែលបង្កឲ្យប៉ះពាល់ផលដំណាំ សត្វ ផ្លូវ ថ្នល់ ផ្ទះសំបែង ប្រព័ន្ធធារាសាស្ត្រ និងបណ្តាលស្លាប់ប្រជាពលរដ្ឋផងដែរ ជាពិសេសនៅតាមបណ្តាខេត្តភាគពាយ័ព្យ។ ពាក់ព័ន្ធករណីនេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី មានការខ្វល់ខ្វាយអាណិតអាសូរដល់ជនរងគ្រោះជាខ្លាំងនិងបានចុះសួរសុខទុក្ខដោយផ្ទាល់ ព្រមទាំងណែនាំឲ្យក្រសួងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យវាយតម្លៃ និងដាក់ចេញផែនការស្តារឡើងវិញជាបន្ទាន់។ ហេតុនេះហើយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនាមក្រសួងអាទិភាពមួយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី បានបែងចែកក្រុមការងារចុះគ្រប់ខេត្ត ពិនិត្យ វាយតម្លៃ និងលើកផែនការស្តារផលដំណាំនិងពិនិត្យលទ្ធភាពបង្កើតមុខរបរក្នុងក្របខ័ណ្ឌកសិកម្មផ្សេងៗតាមភូមិសាស្ត្រជាក់ស្តែង។ ដោយឡែកនៅខេត្តត្បូងឃ្មុំ ក៏ត្រូវចុះពិនិត្យការងារនេះដែរ ហើយពិនិត្យឃើញថា ស្រូវទីនេះក៏មានការខូចខាតដូច្នេះដែរ។ ហេតុនេះ សូមអាជ្ញាធរមូលដ្ឋានធ្វើការពិនិត្យទីតាំងដែលមានព្រោះគ្រាប់ស្រូវ ហើយត្រូវជន់លិច រួចស្រង់ស្ថិតិនិងសិក្សាពីប្រភពទឹកស្រោចស្រពក្នុងការដាំស្តារឡើងវិញ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច។