ព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ណី លន់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោកអភិបាលស្រុកត្បូងឃ្មុំ លោកស្រីអភិបាលរងស្រុក លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកមេឃុំទន្លេបិទ មន្ត្រីការិយាល័យក្សេត្រសាស្ត្រ ការិយាល័យគ្រឿងយន្តកសិកម្ម ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកត្បូងឃ្មុំ បានចុះពិនិត្យស្រូវរដូវប្រាំងរងការខូចខាតនិងជួបសំណេះសំណាលជាមួយ មេភូមិទាំង៥ ប្រជាពលរដ្ឋភូមិដូនម៉ៅក្រោម ដូនម៉ៅលើ អន្លង់ពោង ព្រែកជីក និងភូមិស្រែខ្សាច់ ១២៣គ្រួសារ ដែលមានផ្ទៃដីស្រូវរងការខូចខាត ព្រមទាំងផ្តល់គ្រាប់ពូជសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាលកម្ពុជា ១២តោន ដើម្បីស្តារឡើងវិញនៅពេលទឹកស្រកទៅវិញនាពេលដ៏ខ្លីខាងមុខនេះ។
សូមជម្រាបថា ឆ្នាំទឹកតូច ហើយស្រកទៅវិញ ប្រជាកសិកម្ម បានចាប់ផ្តើមព្រោះគ្រាប់ពូជស្រូវរដូវប្រាំង(ស្រូវប្រដេញទឹក) បន្ទាប់ពីរចប់រដូវភ្ជុំបិណ្ឌនេះ។ តែដោយទទួលឥទ្ធិពលព្យុះ បង្កជាភ្លៀងជាប់ៗគ្នាជាច្រើនថ្ងៃ រួមផ្សំនឹងជំនន់ទឹកទន្លេមេគង្គជាថ្មី បណ្តាលឲ្យទឹក ជន់លិចកូនស្រូវពង្រោះរបស់ប្រជាកសិករនៅភូមិទាំង៥ ក្នុងឃុំទន្លេបិទនិងបណ្តាលឲ្យខូចខាត លើផ្ទៃដី ប្រមាណ ១២៦,៨ហិកតា។
មានប្រសាសន៍សំណេះសំណាលឯកឧត្តម ណី លន់ បានជម្រាបជូនបងប្អូនប្រជាកសិករបានជ្រាបថា ឆ្នាំនេះទឹកទន្លេតូច តែចុងរដូវវស្សាភ្លៀវបង្អុរធ្លាក់ជោគជាំ បង្កជាជំនន់លិច ២០រាជធានី ខេត្ត ដែលបង្កឲ្យប៉ះពាល់ផលដំណាំ សត្វ ផ្លូវ ថ្នល់ ផ្ទះសំបែង ប្រព័ន្ធធារាសាស្ត្រ និងបណ្តាលស្លាប់ប្រជាពលរដ្ឋផងដែរ ជាពិសេសនៅតាមបណ្តាខេត្តភាគពាយ័ព្យ។ ពាក់ព័ន្ធករណីនេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី មានការខ្វល់ខ្វាយអាណិតអាសូរដល់ជនរងគ្រោះជាខ្លាំងនិងបានចុះសួរសុខទុក្ខដោយផ្ទាល់ ព្រមទាំងណែនាំឲ្យក្រសួងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យវាយតម្លៃនិងដាក់ចេញផែនការស្តារឡើងវិញជាបន្ទាន់។ ហេតុនេះហើយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនាមក្រសួងអាទិភាពមួយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី បានបែងចែកក្រុមការងារចុះគ្រប់ខេត្ត ពិនិត្យ វាយតម្លៃ និងលើកផែនការស្តារផលដំណាំនិងពិនិត្យលទ្ធភាពបង្កើតមុខរបរក្នុងក្របខ័ណ្ឌកសិកម្មផ្សេងៗតាមភូមិសាស្ត្រជាក់ស្តែង។ ដោយឡែកនៅខេត្តត្បូងឃ្មុំ ក៏ត្រូវចុះពិនិត្យការងារនេះដែរ ហើយពិនិត្យឃើញថា ស្រូវទីនេះក៏មានការខូចខាតដូច្នេះដែរ ហើយមន្ត្រីជំនាញក៏បានពិនិត្យឃើញថាមានប្រភពទឹកអាចដាំស្តារឡើងវិញបាន ទើបរដ្ឋាភិបាលសម្រេចផ្តល់ពូជស្រូវមួយចំនួនរួមចំណែកដោះស្រាយបន្ទុកចំណាយខ្លះៗប៉ុណ្ណោះ។ អ្វីដែលសំខាន់គឺការដាំដុះត្រូវអនុវត្តតាមបច្ចេកទេសតាមការណែនាំរបស់មន្ត្រីជំនាញដែលចំពោះមុខគឺ ត្រូវរៀបចំពង្រាបដីឲ្យស្មើល្អ លើកភ្លឺឲ្យរឹងមាំ ព្រោះគ្រាប់ពូជសុទ្ធល្អបរិមាណសមល្មម(១០០-១២០គក្រ/ហិកតា) ទុកឱកាសឲ្យស្រូវបែកគុម្ព។ ទន្ទឹមនោះ ជំរុញការផលិតពូជដោយខ្លួនឯង លក្ខណៈផ្ទាល់ខ្លួន ឬជាសហគមន៍ផលិត។ សម្តេចតេជោ ហ៊ុន សែន តែងរំឮកជាញយដងហើយថា មន្ត្រីរាជការជាអ្នកបម្រើរាស្ត្រ ដូច្នេះអ្វីជាបញ្ហាប្រឈម ត្រូវជូនព័ត៌មានមកមន្ត្រីជំនាញ ដើម្បីជួយដោះស្រាយបានទាន់ពេលវេលា។