ចុះពិនិត្យនិងសួរសុខទុក្ខបងប្អូនប្រជាកសិករដែលទទួលរងផលប៉ះពាល់ដំណាំស្រូវប្រដេញទឹក នៅស្រុកត្បូងឃ្មុំ
ចេញ​ផ្សាយ ២៧ តុលា ២០២០
134

អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន ត្រូវបន្តតាមដាននិងវាយតម្លៃឲ្យបានច្បាស់លាស់ ដើម្បីដាក់ចេញវិធានការអន្តរាគមន៍ដោះស្រាយផលប៉ះពាល់របស់បងប្អូនប្រជាកសិករបានសមស្របនិងទាន់ពេលវេលា
ប្រសាសន៍ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក្នុងដំណើរចុះពិនិត្យនិងសួរសុខទុក្ខបងប្អូនប្រជាកសិករដែលទទួលរងផលប៉ះពាល់ដំណាំស្រូវប្រដេញទឹក ត្រូវទឹកជន់លិចនៅឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងកម្មវិធីទី៣ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០នេះ។
តាមរបាយការណ៍របស់លោកស្រីមេឃុំបឹងព្រួល បានរៀបរាប់ថា ឃុំបឹងព្រួល មានផ្ទៃដីស្រូវប្រដេញទឹក ១៩២ហិកតា រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនិងបន្ទាប់មកជំនន់ទឹកទន្លេមេគង្គ។ បើទឹកមិនស្រកទៅវិញឆាប់ៗទេ នឹងត្រូវរលួយខូច។
សូមជម្រាបថា ទឹកភ្លៀងនិងទឹកទន្លេមេគង្គ នៅប៉ុន្មានសប្តាហ៍កន្លងមកនេះ បានធ្វើឲ្យដំណាំ ស្រូវរដូវវស្សានិងស្រូវរដូវប្រាំងក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ បានរងផលប៉ះពាល់ ២ ៣២៥,៥៨ហិកតា ក្នុងនោះខូចខាត ១ ៧២៥,៧៥ហិកតា(ខូចខាតដោយជំនន់ទឹកភ្លៀង ៩៤៥,៧៥ហិកតានិងការបំផ្លាញពីសត្វកណ្តុរ ៧៨០ហិកតា) នៅតាមបណ្តាក្រុង ស្រុក ដូចខាងក្រោម ៖ 
      ១- ស្រុកក្រូចឆ្មារ ប៉ះពាល់ដំណាំស្រូវ ៥៣៧ហិកតា ក្នុងនោះខូចខាត ៤០៥ហិកតា នៅក្នុង ៤ឃុំ។
      ២- ស្រុកត្បូងឃ្មុំ ប៉ះពាល់ដំណាំស្រូវ ១ ៥១២,០៨ហិកតា ក្នុងនោះខូចខាត ១ ៣០៣,៧៥ហិកតា នៅក្នុង ៦ឃុំ។ 
      ៣- ស្រុកអូររាំងឪ ប៉ះពាល់ដំណាំស្រូវ ២៥៣ហិកតា នៅក្នុង ២ឃុំ។
      ៤- ក្រុងសួង  ប៉ះពាល់ដំណាំស្រូវ ២៣ហិកតា ក្នុងនោះខូចខាត ១៧ហិកតា ក្នុង ១សង្កាត់។

ចំនួនអ្នកចូលទស្សនា
Flag Counter