កសិករខ្នាតតូច ត្រូវតែចិញ្ចឹមមាន់ស្រែ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០ដដែលនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំប្រតិភូរដ្ឋបាលខេត្ត លោកអភិបាលស្រុកតំបែរ លោកប្រធាន អនុប្រធានមន្ទីរ អង្គភាព ចុះពិនិត្យពីការចិញ្ចឹមមាន់ភ្ញាស់យកកូនបែបសិប្បនិម្មិតនិងចិញ្ចឹមមាន់យកសាច់របស់កសិករ ឈៀង ម៉េត(097 22 44 040) រស់នៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលបានដំណើរការចិញ្ចឹមមាន់រយៈពេល មួយឆ្នាំមកហើយ។ បច្ចុប្បន្នកសិករ ឈៀង ម៉េត មានមេមាន់ពូជ ១២០ក្បាល មាន់ឈ្មោលពូជ ១០ក្បាល មានកូនមាន់ ១០០ក្បាល និងមាន់ជំទង់ចិញ្ចឹមយកសាច់ ១២០ក្បាល។ កូនមាន់ សម្រាប់ទុកចិញ្ចឹមបន្តខ្លួនឯងផងនិងលក់ចែកចាយដល់ប្រជាកសិករក្នុងស្រុកនិងក្រៅស្រុកផង ដោយបានតម្លៃជាមធ្យម ៦ ០០០រៀល/ក្បាល (កូនមាន់អាយុបាន ២១ថ្ងៃ ហើយបានចាក់វ៉ាក់សាំងការពារជំងឺឆ្លងបីមុខ)។ ក្រៅពីចិញ្ចឹមមាន់ កសិករ ឈៀង ម៉េត ចេះរៀបចំតម្លើងទូភ្ញាស់កូនមាន់ផងដែរ សម្រាប់ប្រើប្រាស់ខ្លួនឯងនិងលក់ចែកចាយ។
ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរនិងលើកទឹកចិត្តឲ្យប្រឹងប្រែងបន្ថែមទៀត សម្រេចទិសដៅរបស់ខ្លួន ពង្រីកការផ្គត់ផ្គង់ កូនមាន់ មាន់សាច់ ទូភ្ញាស់ ឲ្យបានកាន់តែធំ។ នេះជាមុខរបរនៅនឹងកន្លែង ចំណូលជាប្រចាំ។ ទន្ទឹមនេះ សូមបងប្អូនប្រជាកសិករ ចូលរួមចិញ្ចឹមមាន់ស្រែនេះឲ្យបានច្រើន ដើម្បីបំពេញតម្រូវការក្នុងស្រុក ក៏ដូចជាទីផ្សារនៅភ្នំពេញនិងតំបន់ទេសចរណ៍ឯទៀត។
មានតែការចិញ្ចឹមមាន់ស្រែប៉ុណ្ណោះ ដែលអាចឲ្យកសិករចិញ្ចឹមខ្នាតតូច មានភាពប្រកួតប្រជែងលើទីផ្សារបាន។