ឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំ
ដាក់ផែនការរៀបចំសហគមន៍ព្រៃកំពែង ជាតំបន់ទេសចរណ៍ធម្មជាតិ
ផែនការនេះ បានដាក់ចេញក្នុងឱកាសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញសំណេះសំណាលនិងលែងកូនត្រីចំនួន ១១ ០០០ក្បាល រួមមាន កូនត្រីប្រា ត្រីក្រាញ់ ត្រីកន្ធរ និងអន្ទង់ ចូលទៅក្នុងអាងព្រៃកំពែង នៅភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុកតំបែរ លោកអភិបាលស្រុកតំបែរ លោកប្រធាន អនុប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំការិយាល័យ អង្គភាពជុំវិញស្រុក ប្រជាពលរដ្ឋ យុវជន សរុប ២៥០នាក់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០។
ដោយមានរុក្ខាលត្តាវល្ល៍ ធំៗសម្រស់ស្រស់ត្រកាល ផ្សារភ្ជាប់ជាមួយប្រវត្តិសាស្ត្រដ៏យូរលង់នៃព្រៃកំពែងនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដាក់ចេញផែនការរៀបចំឲ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រ សម្រាប់បម្រើឲ្យវិស័យទេសចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋពីគ្រប់ទិសទីមកកំសាន្ត ដែលនឹងបង្កើតបានការងារ រកចំណូលបន្ថែមសម្រាប់បងប្អូនយើងនៅតំបន់នេះផងដែរ។ ក្រោមដំបូលសន្តិភាពរកបានដោយលំបាកក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រជាពលរដ្ឋបានដើរកំសាន្តនៅគ្រប់ទីកន្លែង មានពេលវេលាគ្រប់គ្រាន់ប្រកបរបររកសុីនៅមូលដ្ឋាន ព្រមទាំងទទួលបានឱកាសការងារបន្ថែមតាមរយៈការកៀរគគម្រោងវិនិយោគលើគ្រប់វិស័យ។
បងប្អូនត្រូវបន្តចូលរួមថែរក្សាសន្តិភាពឲ្យបានគង់វង់ ទប់ស្កាត់រាល់ការប៉ុនប៉ងនាំមកនូវសង្គ្រាមពីក្រុមអគតិមួយក្តាប់តូចនោះ។
សូមកុំប្រើឧបករណ៍ឆក់ត្រី ព្រោះវាបំផ្លាញគ្រប់សត្វក្នុងទឹកនិងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកឆក់នោះផងដែរ។
ចូលរួមទប់ស្កាត់កូវីដ១៩ ដើម្បីសុខភាពទាំងអស់គ្នា