ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញ សហការជាមួយលោកអភិបាលរងនៃគណៈអភិបាលស្រុកត្បូងឃ្មុំ លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ ចុះពិនិត្យវាយតម្លៃស្រូវរងប៉ះពាល់ ដោយជំនន់ទឹកភ្លៀង នៅឃុំជីគរ ស្រុកត្បូងឃ្មុំ។
តាមរបាយការណ៍របស់ឃុំជីគរ ដោយសារប៉ុន្មានសប្តាហ៍មកនេះមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ បណ្តាលឲ្យស្រូវរបស់កសិករចំនួន ៦ភូមិ មានផ្ទៃដី ២២៦ហិកតា(មួយចំនួននៅភូមិសាស្ត្រក្រុងសួង) ស្មើនឹង ១៤៤គ្រួសារ រងការលិចលង់ ដោយទឹកភ្លៀង ដែលជាស្រូវកសិករដាំដុះលើកទី២ បន្ទាប់ពីប្រមូលផលស្រូវបង្កើនរដូវរួច។
ពិនិត្យជារួម ការដាំដុះស្រូវលើកទី2 នេះ មានការលូតលាស់ល្អប្រសើរ លើកលែងតែស្រូវដែលកសិករដាំដុះលើកទី២ ហើយបានដាំក្រោយគេ មានអាយុចាប់ពី១៥ទៅ២០ថ្ងៃ
លក្ខណៈដើមនៅខ្ចី វាងាយប្រឈមនឹងការរលួយនិងធ្វើឲ្យខូចខាតតែម្តង ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់។ ស្រូវដែលខូចខាត មានទីតាំងឆ្លកៗ(ត្រង់នេះបន្តិច ត្រង់នោះបន្តិច ដោយសារដាំក្រោយគេ)។
ក្នុងនោះក៏មានវត្តមានពួកដង្កូវ បំពង់កាត់ស្លឹក កំពុងស៊ីបំផ្លាញស្រូវដែលនៅខ្ចីនេះផងដែរ។ ដោយហេតុនេះក្រុមការងារបានណែនាំវិធីសាស្ត្រមួយចំនួនដូចជា៖
-ដោយតំបន់នោះពោពេញដោយទឹក កសិករត្រូវប្រើស្បៃ ដើម្បីអូសយកដង្កូវចេញរួចបំផ្លាញចោល
-ត្រូវសម្អាតស្មៅជុំវិញស្រែឲ្យស្អាត ដើម្បីកុំឱ្យពួកមេអំបៅអាចពងកូនបាន
-ចំពោះវិធានការគីមី មុននឹងប្រើប្រាស់ថ្នាំកម្ចាត់ ត្រូវយកឬស្សី ឬមែកឈើ វៀសឲ្យបែកសំបុក ឲ្យដង្កូវចេញមកក្រៅសិនទើបប្រើប្រាស់ថ្នាំមានប្រសិទ្ធភាព។
-ចំពោះការរៀបចំដីស្រែ វិញ កសិករត្រូវភ្ជួររាស់ឲ្យបាន២ទៅ៣ដង មុនពេលស្ទូង ឬ ព្រោះស្រូវ ដើម្បីកាត់បន្ថយដុះស្មៅ
-ត្រូវកៀរពង្រាបដីស្រែឲ្យបានស្មើល្អ ដើម្បីប្រើប្រាស់ទឹក និងជីមានប្រសិទ្ធភាព
-ត្រូវលើកភ្លឺស្រែឲ្យបានធំ មាំ ដើម្បីរក្សាទឹកក្នុងស្រែ និងងាយស្រួលបញ្ចេញបញ្ចូលទឹក ជាពិសេសនៅពេលមានទឹកច្រើន ងាយស្រួលបូមចេញ
-កសិករមិនត្រូវដាំដុះស្រូវតែឯងឫក្នុងបរិមាណតិច ខុសពេលវេលាពីគេខ្លាំងពេកនោះទេ ជៀសវាងប្រឈមសត្វល្អិតចង្រៃនិងពពួកកណ្តុរកាត់ស្រូវ។
ចំពោះផ្ទៃដីដែលខូចខាត មិនអាចធ្វើឡើងវិញនៅពេលស្រកនេះទេ ដោយសារតំបន់នោះមិនមានប្រភពទឹកគ្រប់គ្រាន់សម្រាប់ធ្វើស្រូវនៅរដូវប្រាំងបាន និងជៀសវាងត្រូវខូចខាតដោយសារសតហវល្អិតចង្រៃនិងកណ្តុរកាត់ពេលជិតដល់ពេលប្រមូលផល។ ដូច្នេះ លោកប្រធានមន្ទីរ និងលោកអភិបាលរងស្រុក បានស្នើឱ្យឃុំ ភូមិ ត្រូវស្រង់ស្ថិតិកសិករដែលមានដីជាប់ប្រភពទឹក ផ្សព្វផ្សាយ ណែនាំឲ្យធ្វើការដាំដុះដំណាំត្រឡាច ត្រសក់ស្រូវ ឪឡឹក និងដំណាំបន្លែ ជំនួសវិញ បន្ទាប់ពីទឹកស្រក ហើយមន្ទីរ នឹងជួយផ្តល់ជាបច្ចេកទេស។