ព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សហការជាមួយរដ្ឋបាលស្រុកពញាក្រែក ដោយមានការចូលរួមពីខណ្ឌរដ្ឋបាលជលផល ការិយាល័យនិងអង្គភាពជំនាញចំណុះស្រុកពញាក្រែក និងប្រជាពលរដ្ឋ បានធ្វើការលែងកូនត្រីប្រា ៥ ០០០ក្បាល កូនត្រីឆ្ពិន ៥ ០០០ក្បាល ចូលទៅក្នុងទក្សិណហ្លួងព្រះស្តេចកននិងលែងកូនត្រីប្រា ៥ ០០០ក្បាល កូនត្រីឆ្ពិន ៥ ០០០ក្បាលស្រះវត្តរើល ក្នុងឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ កូនត្រីទាំង ២០ ០០០ក្បាលនេះ ជាការឧបត្ថម្ភពីលោក ជិន សេង ជាវារីវប្បករចិញ្ចឹមភ្ញាស់ លក់កូនត្រី កង្កែប និងត្រីសាច់ នៅភូមិគោកនាវា ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានថ្លែងអំណរគុណដល់រដ្ឋបាលស្រុកពញាក្រែក ដែលបានសហការរៀបចំកម្មវិធីនេះឡើងនិងអរគុណចំពោះលោក ជិន សេង និងក្រុមគ្រួសារ ដែលបានបរិច្ចាកថវិកាផ្ទាល់ខ្លួនផ្តល់ជាកូនត្រីសម្រាប់ជាប្រយោជន៍សាធារណៈនិងកំពុងកសាងរៀបចំខ្លួនក្លាយជាអ្នកផ្គត់ផ្គង់កូនត្រី ចិញ្ចឹមត្រី ស្របតាមទិសដៅរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជំរុញការចិញ្ចឹមត្រី ឲ្យក្លាយជាកម្លាំងចលករបង្កើនផលិតកម្មស្បៀងនិងចំណូលរបស់ប្រជាកសិករ ជាពិសេសការចិញ្ចឹមត្រីអណ្តែងនិងកង្កែប។ សម្រាប់សកម្មភាពនាពេលនេះ គឺជាការរួមចំណែកធំធេងផងដែរ ដែលមិនមែនសម្រាប់ទុកត្រីឲ្យធំ ចាប់ហូបនោះទេ តែវានឹងបង្កើនផលស្តុកក្នុងធម្មជាតិ តាមរយៈការបន្តពូជបង្កបង្កើតជាហ្វូងត្រីកាន់តែច្រើនឡើងថែមទៀត។ ខ្ញុំ ក៏សូមកោតសរសើរដល់លោក ជិន សេង ដែលបានចលនាបងប្អូនប្រជាពលរដ្ឋក្នុងភូមិគោកនាវា ១៧គ្រួសារ ក្នុងចំណោម ២៧គ្រួសារ បានចាប់យករបរចិញ្ចឹមត្រីអណ្តែង គឺបានន័យថាស្ទើរគ្រប់ផ្ទះ មានអាងប្លាស្ទិច ចិញ្ចឹមត្រី។ ហើយខ្ញុំ ក៏ចង់ប្រសិទ្ធនាមថា ភូមិត្រីអណ្តែង។
ទន្ទឹមនឹងកាយវិការដ៏ល្អរបស់លោក ជិន សេង ខ្ញុំសំណូមពរបងប្អូនប្រជាពលរដ្ឋដែលនេសាទត្រី សុំប្រើតែឧបករណ៍នេសាទស្របច្បាប់ ជៀសវាងឧបករណ៍ហាមឃាត់ ជាពិសេសឧបករណ៍ ឆក់ត្រី ដែលវានឹងបំផ្លាញដល់ឬសគល់មច្ឆជាតិ ហើយម្តងម្កាលសង្កេតឃើញតាមសារព័ត៌មាន បង្កឲ្យអ្នកប្រើឧបករណ៍ឆក់នេះ បាត់បង់ជីវិតខ្លួនឯងថែមទៀត។ លោកប្រធានមន្ទីរ សំណូមពរដល់លោក ជិន សេង ប្រឹងប្រែងបន្ថែមទៀតពង្រឹងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនឲ្យបានរឹងមាំ ផលិតបាននូវពូជត្រី កង្កែប វារីសត្វឯទៀត ដែលមានគុណភាពល្អ សម្រាប់លក់ចែកចាយជូនដល់បងប្អូនប្រជាកសិករយើងចិញ្ចឹមបន្តបានផុលផុសនិងក្លាយជាប្រភពចំណូលមួយបន្ថែមទៀតសម្រាប់គ្រួសារគាត់។
ជាថ្មី សូមថ្លែងអំណរគុណនុវកាយវិការដ៏ល្អប្រសើររបស់លោក ជិន សេង និងជូនពរសុខភាពល្អ ទទួលបានជោគជ័យបន្ថែមទៀតលើដំណើរការអាជីវកម្មរបស់ខ្លួន។