ចុះសួរសុខទុក្ខនិងពិនិត្យពិគ្រោះពីការចិញ្ចឹមត្រីអណ្ដែង មាន់ និងទាកាប៉ា នៅស្រុកអូររាំងឪ
ចេញ​ផ្សាយ ២៧ តុលា ២០២០
185

ភូមិជ្រោយផ្អុង ជាភូមិមួយដែលដាច់ស្រយាលពីគេក្នុងឃុំចក ស្រុកអូររាំងឪ មានព្រំប្រទល់ជាប់ខេត្តព្រៃវែង។ ឆ្លើយតបនឹងការសំណូមពររបស់ប្រជាកសិករ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី បានអញ្ជើញចុះសួរសុខទុក្ខនិងពិនិត្យពិគ្រោះពីការចិញ្ចឹមត្រីអណ្ដែង មាន់ និងទាកាប៉ា របស់ប្រជាកសិករ មិត្ត ម៉េត ដែលបានចិញ្ចឹមត្រីអណ្ដែងក្នុងតង់ចំនួន ២តង់ ដែលតង់នីមួយៗ មានទំហំ ៤មx៨ម បានដាក់កូនត្រីចំនួន ២០គីឡូក្រាម ស្មើនឹង ៦ ០០០ក្បាល តង់ចិញ្ចឹមអាសូឡា ចំនួន ៣តង់ និងមានចិញ្ចឹមមាន់ស្រែចំនួន ១៥ក្បាល ទាកាប៉ាចំនួន ២០ក្បាល ដោយមានប្រជាកសិករជិតខាងក្នុងភូមិចំនួន ៨នាក់ ក្នុងនោះស្រី ៥នាក់ ចូលរួមពិគញរោះផងដែរ។ ក្នុងការសាកសួរនិងពិនិត្យជាក់ស្តែងបញ្ជាក់ថា ការដាក់ចិញ្ចឹមត្រីអណ្ដែងមានបរិមាណតង់សុីតេខ្ពស់  កូនត្រីមានការលាយឡំធំតូចច្រើនដែលបណ្ដាលឲ្យត្រីធំសុីត្រីតូច ការប្រើប្រាស់ចំណីមិនបានត្រឹមត្រូវទៅតាមទម្ងន់កូនត្រី បណ្តាលឲ្យត្រីធំធាត់យឺតនិងអត្រាបាត់បង់ខ្ពស់ និងការចិញ្ចឹមមាន់ ទា ព្រលែងពាស់វាលពាស់កាល មិនបានធ្វើវ៉ាក់សាំង និងមិនបានដាក់ទ្រុងត្រឹមត្រូវ ប្រឈមនឹងជំងឺ។ 
ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានផ្តល់ការប្រឹក្សាបច្ចេកទេសតម្រង់ទិសមួយចំនួនជូនដល់ប្រជាកសិករដូចជា ៖
-ត្រូវជ្រើសរើសទំហំកូនត្រីឲ្យបានប៉ុនៗគ្នា ធំល្មម ដើម្បីងាយស្រួលក្នុងការថែទាំ
-ប្រើប្រាស់ចំណីដែលមានប្រូតេអ៊ីន សមស្របទៅតាមទម្ងន់កូនត្រី ដើម្បីត្រីមានការលូតលាស់ឆាប់រហ័ស
-ត្រូវឧស្សាហ៍ប្ដូរទឹកត្រីឲ្យបានជាប្រចាំ នៅពេលទឹកមានក្លិនមិនល្អ ហើយអ្វីដែលគួរពិចារណាដែឬនោះ គឺការប្រើប្រាស់ទឹកអណ្ដូង ត្រូវពិនិត្យមើលសារធាតុកំបោរក្នុងទឹកអណ្ដូង បើកំបោរខ្ពស់នាំឲ្យប៉ះពាល់ដល់ការដកដង្ហើមរបស់ត្រី។ ទឹកអណ្តូង ត្រូវបូមរក្សាទុកមួយរយៈសិន
-មិនត្រូវចិញ្វឹមមាន់ ទា ព្រលែងពាស់វាលពាល់កាលទេ ដែលអាចបង្កឲ្យសត្វប្រឈមជំងឺផ្សេងៗខ្ពស់
-ត្រូវធ្វើការចាក់វ៉ាក់សាំងឲ្យបានត្រឹមត្រូវ តាមបច្ចេកទេស និងធ្វើការដាក់ថ្នាំទម្លាក់ព្រូន សត្វល្អិត ដើម្បីធានាសុខភាពសត្វនិងសុវត្ថិភាពដល់អ្នកបរិភោគ
-ត្រូវដាំប្រភេទបន្លែបន្ថែមលើដីទំនេរ ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារនិងសល់កាកសំណល់បន្លែធ្វើជាចំណីត្រី មាន់ ទា ជាដើម។

ចំនួនអ្នកចូលទស្សនា
Flag Counter