របៀបប្រើប្រាស់អង្កាម សម្រាប់សុខភាពកូនដំណាំ
ចេញ​ផ្សាយ ២៧ តុលា ២០២០
740

អង្កាមនិងរបៀបប្រើប្រាស់អង្កាម សម្រាប់សុខភាពកូនដំណាំ
អង្កាម ត្រូវបានយកទៅប្រើប្រាស់ក្នុងផលិតកម្មដំណាំនិងចិញ្ចឹមមាន់ យ៉ាងល្អ ប៉ុន្តែទាមទារការប្រើត្រឹមត្រូវតាមកាលៈទេសៈ។
ក្រោយរដូវភ្ជុំបិណ្ឌនេះ ប្រជាកសិករ តាមដងទន្លេមេគង្គនៅស្រុកក្រូចឆ្មារនិងស្រុកត្បូងឃ្មុំ កំពុងមមាញឹកក្នុងការដាំដំណាំរដូវប្រាំងក្រោយទឹកស្រក ជាពិសេសដំណាំថ្នាំជក់ ដែលមន្ទីរ ពិនិត្យឃើញថា បានប្រើប្រាស់អង្កាម ដោយយល់ថា អង្កាម ជាធាតុផ្សំធ្វើឲ្យដីផុស កូនថ្នាំមានឬសច្រើន។ ជាការពិត តែការប្រើអង្កាមស្រស់(មិនទាន់កែច្នៃ) បានធ្វើឲ្យប៉ះពាល់ដល់កូនថ្នាំ ជាងផ្តល់ផល។ 
ហេតុនេះ ខ្ញុំ សូមបង្ហាញពីអត្ថប្រយោជន៍នៃអង្កាមនិងរបៀបប្រើប្រាស់អង្កាមដូចតទៅ ៖ 
+អត្ថប្រយោជន៍អង្កាម
-អាចប្រើជាវត្ថុធាតុដើមសម្រាប់ផលិតជាជីកំប៉ុស្តគោក
-ប្រើសម្រាប់ច្របល់ចូលទៅក្នុងដីមុនពេលដាំដុះដើម្បីធ្វើដីធូរនិងជួយរក្សាសំណើមដីបានយូ
+របៀបប្រើប្រាស់អង្គាម
ពិតណាស់ថាមានប្រយោជន៍ តែបើប្រើអង្កាមស្រស់(មិនទាន់កែច្នៃ) នោះនឹងធ្វើឲ្យ ៖
-ធ្វើអោយប្រព័ន្ធឬសរបស់ដំណាំខ្សោយ ប្រសិនបើប្រើវាផ្ទាល់ដោយមិនបានកែឆ្នៃ
-ធ្វើឲ្យកូនដំណាំជួបនូវជំងឺរលាកគល់។ 
ដូចនេះកសិករ មិនត្រូវប្រើអង្កាមស្រស់ នៅលើថ្នាលសម្រាប់បណ្តុះកូនដំណាំនោះទេ។ យើងត្រូវកែច្នៃអង្កាមនោះ ឲ្យទៅជាកំប៉ុស្ត៍គោក ឬ ដុតអង្កាមឲ្យក្លាយជាធ្យូងអង្កាម ហើយយកទៅត្រាំទឹកឲ្យអស់ជាតិប្រៃដើម្បីផ្សំជាមួយវត្ថុធាតុដើមផ្សេងៗសម្រាប់ធ្វើជាល្បាយដីបណ្តុះកូនដំណាំ ជៀសវាងការដាក់អង្កាមស្រស់ផ្ទាល់ទៅក្នុងថ្នាលព្រោះវាអាចធ្វើមានប្រតិកម្មផ្សេងៗដូចជាការកើនឡើងនូវកំដៅ ធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនដំណាំ។
រៀបរៀងដោយលោក ដុក សាវឿន ប្រធានការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ

ចំនួនអ្នកចូលទស្សនា
Flag Counter