ផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ
ចេញ​ផ្សាយ ២៧ តុលា ២០២០
130

ភ្លៀងធ្លាក់ជាប់ៗយូរថ្ងៃ មេឃអួរអ័ព្ទ កសិករចិញ្ចឹមត្រី កង្កែប ត្រូវមើលថែ អនុវត្តតាមការណែនាំបច្ចេកទេសពីមន្ត្រីជំនាញ
មួយរយៈនេះ អាកាសធាតុរងសំពាធទាបបណ្តាលឲ្យមានរបាយទឹកភ្លៀងធ្លាក់ជាប់ៗគ្នា សីតុណ្ហភាពចុះត្រជាក់ មេឃអួរអ័ព្ទខ្វះពន្លឺថ្ងៃ និងបង្កឲ្យមានទឹកជំនន់តាមបណ្តាខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា។ 
ករណីអាកាសធាតុនៅតែបន្តអូសបន្លាយបែបនេះ នឹងបង្កឲ្យមានផលលំបាកនិងគម្រាមគំហែងដល់ការចិញ្ចឹមត្រី ចិញ្ចឹមកង្កែប របស់បងប្អូនប្រជាកសិករ។ 
កាលណាមេឃអួរអ័ព្ទគ្មានពន្លឺថ្ងៃ រុក្ខជាតិប្លង់តុងពុំអាចធ្វើរស្មីសំយោគបង្កើតអុកស៊ីសែនក្នុងទឹកស្រះបានឡើយ ជាហេតុធ្វើឲ្យទឹកស្រះខ្វះអុកស៊ីសែន ត្រីពិបាកដកដង្ហើម ពិសេសត្រីស្រកា ដូចជាត្រីឆ្ពិន ទីឡាព្យា ត្រីកាបជាដើម។ 
សីតុណ្ហភាពទឹកចុះត្រជាក់ ប៉េហាសទឹកក៏ប្រែប្រួល គួបផ្សំខ្វះអុកស៊ីសែនផងនោះ នឹងជះឥទ្ធិពលមិនល្អដល់ដំណើរ ការរំលាយអាហាររបស់ត្រី ការសំយោគសារធាតុចិញ្ចឹមពីចំណីសម្រាប់ការលូតលាស់របស់ត្រី។
អុកស៊ីសែនក្នុងទឹកមិនគ្រប់គ្រាន់ធ្វើឲ្យត្រីពិបាកដកដង្ហើម មិនសូវស៊ីចំណី ស្ត្រេស ចុះខ្សោយ ងាយទទួលរងនូវការវាយប្រហារពីភ្នាក់ងារបង្កជំងឺ ជាពិសេសពពួកត្រីប្រា ត្រីឆ្តោរ និងកង្កែប។ សីតុណ្ហភាពក្រោម ២៨អង្សាសេ ជាស៊ីតុណ្ហភាពសមស្របសម្រាប់ការលូតលាស់ បំបែកខ្លួនរបស់ភ្នាក់ងារបង្កជំងឺក្នុងស្រះ។ 
ដូច្នេះ ដើម្បីបង្ការហានិភ័យអំឡុងពេលអាកាសធាតុមិនអំណោយផលបែបនេះ បងប្អូនប្រជាកសិករគប្បីអនុវត្តតាមវិធានការបឋមដូចតទៅ ៖
-បន្ថយការផ្តល់ចំណីនិងបន្ថែមវីតាមីនសេក្នុងចំណី ក្នុងបរិមាណ ១គីឡូក្រាមវីតាមីនសេ លើចំណី ៥០០ ទៅ ៧០០គក្រ ហើយឲ្យត្រីស៊ីតែពី ២ ទៅ៣ដង ក្នុងមួយសប្តាហ៍ (ដើម្បីគ្រាន់តែជំនួយកម្លាំង ពង្រឹងប្រព័ន្ធភាពស៊ាំនឹងជំងឺ)
-បន្ទាប់ពីភ្លៀងធ្លាក់រួច ត្រូវប្រើអំបិលគ្រួសបាចតាមមាត់ស្រះ និងលាយទឹកបាចលើផ្ទៃស្រះក្នុងបរិមាណ ២០ ទៅ ៣០គក្រ/១០០ម៉ែត្រការ៉េ (ដើម្បីរក្សាលំនឹងប៉េហាស់)
-ប្រើរហាត់ទឹក ឬ ម៉ាស៊ីនបូមទឹកបាញ់ ឬ ព្រលែងទា ចូលក្នុងស្រះ ដើម្បីបង្កើតចរន្តទឹក ធ្វើឲ្យទឹកមានអុកស៊ីសែន
-ករណីត្រីមានជំងឺ ឬ ពិនិត្យឃើញត្រីងាប់ សូមទាក់ទងបន្ទាន់ទៅកាន់ មន្ត្រីជំនាញជលផល ដើម្បីប្រឹក្សាបច្ចេកទេសនិងជួយអន្តរាគមន៍ តាមរយៈលេខទូរស័ព្ទ ០៩៧ ៤៦ ៧៧ ៩០២ ឬ ០៣១ ៥៧ ០៩ ៧០៩។
រៀបរៀងដោយលោក សេង ប៊ុនសុង នាយរងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ

ចំនួនអ្នកចូលទស្សនា
Flag Counter