ចុះពិនិត្យការដាំដុះដំណាំបន្លែ ចិញ្ចឹមមាន់ ចិញ្ចឹមត្រី និងកង្កែប របស់សម្បទានិក នៅស្រុកមេមត់
ចេញ​ផ្សាយ ១៦ តុលា ២០២០
160

ការដាំដុះដំណាំបន្លែ ចិញ្ចឹមត្រី មាន់ ធានាសុវត្ថិភាពស្បៀងនិងបង្កើតប្រាក់ចំណូលដល់សម្បទានិក គ្រប់កាលៈទេសៈ
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ អមដំណើរដោយលោកអនុប្រធានមន្ទីរ និងសហការី ដោយមានកិច្ចសហការពីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកមេមត់ អាជ្ញាធរមូលដ្ឋាន ចូលរួមរៀបចំទិវាស្រែបង្ហាញពីបច្ចេកទេសផលិតកម្មបន្លែ ដែលមានការចូលរួមពីសម្បទានិកចំនួន ៣១នាក់ ក្នុងនោះស្រី ១៤នាក់ នៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលរៀបចំឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ក្នុងការអនុវត្តគម្រោងបែងចែកដី ដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II) របស់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រមូលនិធិដោយធនាគារពិភពលោក (WB) និងរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសនេះ លោកប្រធានមន្ទីរ បានមានមតិសំណេះសំណាលនិងលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការរៀបចំនិងបែងចែកដីជូនប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធិរួមទាំងអភិវឌ្ឍន៍លើគ្រប់វិស័យ ដើម្បីឲ្យប្រជាពលរដ្ឋអាចរស់នៅប្រកបរបរចិញ្ចឹមជីវិតនិងតកូនតចៅនៅក្នុងតំបន់នេះ។ ក្នុងនោះដែរ លោកប្រធានមន្ទីរ បានមានប្រសាសន៍បន្តថា ទាក់ទងទៅនឹងកសិកម្មនេះ គឺបានជួយដល់បងប្អូនប្រជាពលរដ្ឋនៅទីនេះ ដើម្បីធ្វើការដាំដុះបានជាស្បៀងសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារនិងទទួលបានភោគផលសម្រាប់លក់ទ្រទ្រង់ជីវភាពគ្រួសារថែមទៀត។ តាមការពិនិត្យឃើញថា អ្វីដែលបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់ដីពិតប្រាកដនិងជាប់លាប់គឺការដាំដំណាំស្វាយចន្ទីនិងដំណាំដំឡូងមីលើដីកសិកម្មដែលរាជរដ្ឋាភិបាលប្រគល់ឲ្យបន្ថែមក្រៅពីដីលំនៅដ្ឋាន។ ដូចនេះ នៅលើដីលំនៅដ្ឋានយើងត្រូវការធ្វើការដាំដុះបន្ថែមទៀតទៅលើដំណាំរយៈពេលខ្លី រួមទាំងការចិញ្ចឹមមាន់ ចិញ្ចឹមត្រី និងកង្កែប ដើម្បីជាចំណូលបន្ថែមទៀត យើងមិនអាចដេកចាំតែដំណាំរយៈពេលវែងដែលមួយឆ្នាំទើបធ្វើការប្រមូលផលម្ដងនោះទេ។ កន្លងមកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដោយមានការគាំទ្រនិងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល បានផ្ដល់ជូនដល់សម្បទានិកយើងទាំងធនធាន សម្ភារ និងបច្ចេកទេសកសិកម្ម ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ជីវភាព បើទោះបីជាធនធានទាំងនេះមិនបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើងមានជីវភាពធូរធារក៏ដោយ តែនេះជាទុនមួយសម្រាប់បងប្អូនយកទៅបង្កើននិងពង្រីកបន្ថែម ដើម្បីប្រែក្លាយជីវភាពល្អប្រសើរនាពេលអនាគត។ សម្រាប់ពេលនេះដែរ មន្ទីរធ្វើការបង្ហាញបច្ចេកទេសកសិកម្ម និងចែកជូនសម្ភារកសិកម្ម រួមជាមួយពូជបន្លែ (ពូជត្រសក់ ត្រប់ ននោង ត្រឡាច ម្រះ ស្ពៃ ត្រកួន និងសណ្ដែកកួរ) មួយចំនួនដល់សម្បទានិកដែលបានចូលរួមទាំង ៣១នាក់នេះ សម្រាប់យកទៅអនុវត្តនៅក្នុងគ្រួសារ។
បន្ទាប់មកទៀត លោកប្រធានមន្ទីរបានអនុញ្ញាតឲ្យមន្ត្រីជំនាញធ្វើបទបង្ហាញបច្ចេកទេសផលិតកម្មបន្លែ ដើម្បីចែកជូននូវចំណេះដឹងនិងបច្ចេកទេសដល់សម្បទានិកបន្ថែមទៀតនិងដឹកនាំកសិករចុះពិនិត្យការដាំដុះដំណាំត្រសក់ចំណាររបស់សម្បទានិកឈ្មោះ ស៊ុន រុន រួមទាំងការចែករំលែកបទពិសោធន៍លើបច្ចេកទេសដាំដុះ ការការផលិត ការប្រើប្រាស់ជីនិងថ្នាំពុលធម្មជាតិ។ កសិករ ស៊ុន រុន បានដាំដុះដំណាំត្រសក់ចំណារ លើផ្ទៃដី ១០អារ ដែលអាចប្រមូលផលបានពី ៤០ទៅ៦០គីឡូក្រាមក្នុងមួយថ្ងៃ និងលក់ក្នុងតម្លៃ ១ ៥០០៛ទៅ
២ ០០០៛/គក្រ។ 
រួមជាមួយគ្នានេះដែរ លោក ខាន់ សារិន ប្រធានសហគមន៍កសិកម្មពន្លឺរស្មីសាមគ្គីសែនជ័យ បានមានមតិចំណាប់អារម្មណ៍បង្ហាញពីបទពិសោធន៍និងផ្ដល់គំនិត្យដល់សម្បទានិករួមសហការគ្នាក្នុងការចិញ្ចឹមសត្វនិងដាំដុះដំណាំបន្លែឲ្យបានច្រើនដើម្បីងាយស្រួលក្នុងការស្វែងរកទីផ្សារនិងដៃគូប្រមូលទិញ លក់ផលិតផល និងបានអគុណដល់រាជរដ្ឋាភិបាលក៏ដូចជាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានយកចិត្តទុកដាក់ជួយគាំទ្រនិងផ្ដល់បច្ចេកទេសដល់ពួកគាត់ និងសុំបន្តធ្វើតទៅទៀត។ 
ជាទីបញ្ចប់ លោកប្រធានមន្ទីរ បានសំណូមពរដល់សហគមន៍កសិកម្មនិងបងប្អូនសម្បទានិកទាំងអស់សហការគ្នាដោយបង្កើតជាក្រុមផលិតបន្លែ មាន់ ដំឡូងមី និងស្វាយចន្ទីរ ដោយរៀបចំឲ្យមានផែនការដាំដុះឲ្យក្រុមកសិករ ការរកទីផ្សារ និងឆ្លើតតមទៅតាមតម្រូវការនាពេលបច្ចុប្បន្ននិងអនាគត់ និងសូមឲ្យកសិករចូលរួមទាំងអស់គ្នា ទើមរីកចម្រើនទាំងអស់គ្នា ហើយបើទោះបីជាមិនមានជំនួយពីគម្រោងក៏ដោយ រាជរដ្ឋាភិបាលក៏ដូចជាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែបន្តជួយបងប្អូនតាមសេក្ដីត្រូវការ ដោយពុំចង់បានអ្វីក្រៅពីឃើញបងប្អូនទាំងអស់មានជីវភាពល្អប្រសើរនោះឡើយ។ ជាមួយគ្នានេះដែរ បន្ទាប់ពីកម្មវិធីបានបញ្ជប់ លោកប្រធានមន្ទីរ និងសហការី បានចុះពិនិត្យការដាំដុះដំណាំបន្លែ ចិញ្ចឹមមាន់ ចិញ្ចឹមត្រី និងកង្កែប របស់សម្បទានិក រួមជាមួយការផ្ដល់បច្ចេកទេសបន្ថែម ជំរុញការអនុវត្ត និងពង្រីកបន្ថែមទៀត។
ព្រឹកថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០

ចំនួនអ្នកចូលទស្សនា
Flag Counter