ព្រឹកថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ដដែលនេះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី បានសម្របសម្រួលដំណើរឯកឧត្តម ឡាន់ ឆន សមាជិកព្រឹទ្ធសភានិងឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភា អមដំណើរដោយលោក សេង សុខឿន អភិបាលស្រុកត្បូងឃ្មុំ និងសហការី ចុះសួរសុខទុក្ខនិងពិនិត្យការដាំដុះដំណាំបន្លែរបស់កសិករ ៣គ្រួសារនៅភូមិស្ទឹងពេញ ឃុំជីគរ ស្រុកត្បូងឃ្មុំ ដែលកំពុងដាំនិងប្រមូលផលបន្លែរួមមានសណ្តែកកួរ ត្រប់ និងស្ពៃក្នុងផ្ទះសំណាញ់។ កសិករ ចាន់ ថេន ជាប្រធានបណ្តុំអាជីវកម្មបន្លែ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ បានរៀបរាប់ថា សេន ឆាង ផ្ទៃដីទំហំ ៤៥អា និងកសិករ តេក ទិ ផ្ទៃដីទំហំ ៣០អា ដាំសណ្ដែកកួរ
កសិករ ឆាន ឈាង ផ្ទៃដីទំហំ ១០អា ដាំត្រប់ស្រួយ
និងរូបគាត់ វង់ ចាន់ថេន ដាំបន្លែក្នុងផ្ទះសំណាញ់ ទំហំ ១០មx៣៦ម។ សមាជិកបណ្តុំទាំងអស់ មានក្តីសប្បាយរីករាយ ដោយទទួលបានការបណ្តុះបណ្តាលបច្ចេកទេសថ្មីៗបន្ថែមនិងទទួលបានការឧបត្ថម្ភគាំទ្រជាធាតុចូលពីរាជរដ្ឋាភិបាលផងដែរ។
ឯកឧត្តមសមាជិកព្រឹទ្ធសភា បានកោតសរសើរដល់បងប្អូនប្រជាកសិករ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដាំដុះបង្កើតជាប្រភពចំណូលគ្រួសារ ទោះបីស្ថិតក្នុងវិបត្តិនៃជំងឺកូវីដ ១៩ ដែលធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចទូទាំងពិភពលោក។ រាជរដ្ឋាភិបាលបាននាំមកនូវសុខសន្តិភាព ជូនជាតិទាំងមូល ព្រមទាំងកៀរគការវិនិយោគ បង្កើតការងារនិប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ ដូច្នេះ យើងត្រូវតែនាំគ្នា យកឱកាសនេះ បង្កើតប្រាក់ចំណូល តាមរយៈសកម្មភាពដាំដុះ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ឲ្យបានផុសផុល។