សហគមន៍កសិកម្មគឺជាសហគ្រាសសេដ្ឋកិច្ចកិច្ចនៅជនបទ
ត្បូងឃ្មុំ ថ្ងៃអាទិត្យ ១រោច ខែអស្សុជ ឯកស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ កម្មវិធីទី១ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី បានចុះជួបសំណេះសំណាលនិងពង្រឹងការគ្រប់គ្រងសហគមន៍កសិកម្មជ័យនិគមមានជ័យ នៅស្នាក់ការសហគមន៍ ភូមិជ័យនិគម ឃុំកណ្ដាលជុំ ស្រុកពញាក្រែក ដែលជាសហគមន៍កសិកម្ម ទើបតែចងក្រងបង្កើតថ្មី ក្រោមការសម្របសម្រួលរបស់ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មចំនួន ១៨នាក់ ក្នុងនោះស្រី ៥នាក់។
ក្នុងឱកាសនោះ ដើម្បីចូលរួមចំណែកពង្រឹងការគ្រប់គ្រងសហគមន៍កសិកម្ម លោកប្រធាននិងសហការីបានផ្តល់ជាប្រសាសន៍ណែនាំមួយចំនួនដល់ថ្នាក់ដឹកនាំនិងសមាជិកសហគមន៍កសិកម្មដូចខាងក្រោម ៖
-សហគមន៍កសិកម្ម ត្រូវគោរពនិងអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្តីពីសហគមន៍កសិកម្ម លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍កសិកម្ម
-សហគមន៍កសិកម្ម ត្រូវរៀបចំឱ្យមានក្រុមផលិតកម្មកសិកម្មឱ្យបានច្បាស់លាស់ ស្របទៅតាមសក្តានុពល ដែលសមាជិកសហគមន៍មានស្រាប់ ដូចជាបណ្ដុំអាជីវកម្មមាន់ និងគោជាដើម
-សហគមន៍កសិកម្ម ត្រូវរៀបចំឱ្យមានកិច្ចសន្យាផលិតកម្មកសិកម្មជាមួយវិស័យឯកជន ដែលជាយន្តការរបស់រាជរដ្ឋាភិបាលបានដាក់ចេញមកដើម្បីការពារផលប្រយោជន៍របស់ភាគីទាំងសងខាង
-ត្រូវរៀបចំឱ្យមានគណៈកម្មការគ្រប់គ្រងមុខជំនួញក្នុងសហគមន៍កសិកម្ម ដើម្បីបង្កើនប្រសិទ្ធភាពការគ្រប់គ្រងមុខជំនួញរបស់សហគមន៍កសិកម្ម។
បន្ទាប់ពីកិច្ចប្រជុំ លោកប្រធានមន្ទីរនិងសហការីបានបន្តចុះពិនិត្យមើលទីតាំងកសិដ្ឋានចិញ្ចឹមគោ ត្រី ខ្យង និងក្តាម របស់លោក សយ សៅ ដែលជាអនុប្រធានក្រុមប្រឹក្សាសហគមន៍កសិកម្មជ័យនិគមមានជ័យ និងបានផ្តល់ការណែនាំតម្រង់ទិសបន្ថែមលើការងារផលិតកម្មរបស់គាត់។