សហគមន៍កសិកម្ម ជាតួអង្គមួយ ក្នុងការរួមចំណែកនិរន្តរភាពកំណើនវិស័យកសិកម្ម
កម្មវិធីទី៣ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី បានបន្តជួបសំណេះសំណាល ក្តាប់បញ្ហាប្រឈមក្នុងការគ្រប់គ្រង ទិសដៅនាពេលខាងមុខ ជាមួយក្រុមប្រឹក្សាភិបាល សមាជិក សហគមន៍កសិកម្មរំចេកមានជ័យ ស្ថិតនៅភូមិឈើខ្លឹម ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានអ្នកចូលរួមសរុប ៥០នាក់ ក្នុងនោះស្រី ១១នាក់ ។
សហគមន៍ មានសមាជិក នាក់ មានមុខរបរសំខាន់គឺ ចិញ្ចឹមមាន់ ត្រី ដាំបន្លែ ស្វាយចន្ទី កៅស៊ូ និងដំឡូងមី។ បញ្ហាប្រឈមសំខាន់គឺខ្វះការយល់ដឹងទាំងបច្ចេកទេសនិងការគ្រប់គ្រង។
បន្ទាប់ពីបានស្តាប់នូវបញ្ហាប្រឈមក្នុងការគ្រប់គ្រងនិងសំណូមពររបស់សមាជិកសហគមន៍រួចមក ខ្ញុំ បានសំដែងនូវការកោតសរសើរ ប្អូនៗជាយុវជន បានស្ម័គ្រចិត្តរួមគ្នាចងក្រងជាសហគមន៍កសិកម្ម ស្របតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់អាទិភាពក្នុងការបង្កើតសហគមន៍កសិកម្ម តាមរយៈច្បាប់ស្តីពីសហគមន៍កសិកម្ម ដើម្បីនិរន្តរភាពកំណើនវិស័យកសិកម្មនិងលើកកម្ពស់ចំណូលរបស់ប្រជាកសិករ។ ដើម្បីសម្រេចនូវទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានយកចិត្តទុកដាក់សម្របសម្រួលការរៀបចំនិងពង្រឹងសមត្ថភាពសហគមន៍ឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការក្លាយជាដៃគូពាណិជ្ជកម្មជាមួយវិស័យឯកជន ជាពិសេសការឈានទៅដល់ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។
ចំពោះមុខបញ្ហាប្រឈមនិងឆ្លើយតបសំណូមពរ ខ្ញុំ បានផ្តល់នូវការណែនាំតម្រង់ទិសមួយចំនួនដូចតទៅ ៖
១-សមាជិកសហគមន៍ ត្រូវចូលរួមទិញហ៊ុនឲ្យបានច្រើន ដើម្បីសហគមន៍មានទុនច្រើន សម្រាប់ពង្រីកមុខរបរនិងភ្ជាប់ការជួញដូរជាមួយដៃគូឯកជន។
២-សហគមន៍ ត្រូវបង្កើតគណនីធនាគារ ដើម្បីសុវត្ថិភាពនិងបង្កើនភាពជឿជាក់ពីសមាជិក។
៣-សហគមន៍ ត្រូវដឹងពីធនធានដែលខ្លួនមាន(ផលិតកម្មកសិកម្ម)និងត្រូវចងក្រងក្រុមផលិតកម្មឲ្យបានច្បាបស់លាស់ ដោយមានអ្នកទទួលខុសត្រូវតាមក្រុមនីមួយៗ ដូចជា ក្រុមដំណាំបន្លែ ក្រុមដំណាំកៅស៊ូ ក្រុមស្វាយចន្ទី ក្រុមចិញ្ចឹមសត្វ ត្រី និងពិភាក្សារៀបចំធ្វើផែនការផលិតកម្ម ដោយផ្អែកលើតម្រូវការទីផ្សារ។
៤-ផលិតកម្មកសិកម្ម ត្រូវធានានូវកសិផលសុវត្ថិភាព មានអត្តសញ្ញាណត្រឹមត្រូវ។
ចំពោះសំណូមពរការបណ្តុះបណ្តាល មន្ទីរ នឹងសម្របសម្រួលបើកវគ្គបណ្តុះបណ្តាលនិងទស្សនកិច្ចសិក្សាដកស្រង់បទពិសោធន៍ លើការដាំដំណាំ ការចិញ្ចឹមមាន់ ចិញ្ចឹមត្រី កង្កែប ការធ្វើជីកំប៉ុស្តទឹក គោក ជំងឺស្ងួតមុខជៀរកៅស៊ូ នៅពេលខាងមុខ។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បាននាំយកថ្នាំសម្លាប់មេរោគ ២ប៊ីដុងនិងថវិកាមួយចំនួនប្រគល់ជូនដល់សហគមន៍កសិកម្ម ផងដែរ។