ចុះជួបជាមួយក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មសាមគ្គីកក់និងចុះពិនិត្យការចិញ្ចឹមមាន់ស្រែ នៅស្រុកពញាក្រែក
ចេញ​ផ្សាយ ០៥ តុលា ២០២០
418

រសៀលថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០
កម្មវិធីទី៣
លោកប្រធានមន្ទីរ និងសហការី បានបន្តចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មសាមគ្គីកក់និងចុះពិនិត្យការចិញ្ចឹមមាន់ស្រែ ផលិតកម្មពូជស្រូវផ្ការំដួល របស់សមាជិកសហគមន៍កសិកម្មសាមគ្គីកក់ នៅភូមិកន្សោមសត្វ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។  
លោក ឆាន ឈី ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍ ទូរស័ព្ទលេខ 097 94 42 644 បានឲ្យដឹងថា
បច្ចុប្បន្នសហគមន៍ មានទុនប្រមាណ ៣០លានរៀល សម្រាប់សមាជិកខ្ចីទិញជី ពូជ សម្ភារៈផ្សេងៗ ដើម្បីគាំទ្រផលិតកម្មនិងពង្រីកមុខរបរ។ មាន់ស្រែនិងកង្កែប ដែលប្រមូលផលបាន គឺផ្គត់ផ្គង់ទៅឱ្យអ្នកបរិភោគក្នុងភូមិនិងអ្នកទិញទៅលក់បន្តនៅតំបន់ទេសចរណ៍អន្លង់ជ្រៃ។
ក្នុងពេលចុះពិនិត្យការចិញ្ចឹមមាន់របស់ប្រធានសហគមន៍ពិនិត្យឃើញថា មាន់មានសុខភាពល្អ តែការរៀបចំទ្រុងរបស់គាត់មិនទាន់បានល្អ ដោយមានលក្ខណៈចង្អៀត ខ្យល់ចេញចូលមិនបានល្អ។ ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរ បានផ្តល់ការប្រឹក្សាបច្ចេកទេសនិងតម្រង់ទិសដូចខាងក្រោម៖
-ការរៀបចំទ្រុងមាន់ សុំឲ្យមានធ្លារធំទូលាយសម្រាប់មាន់ដើរលេង ស្រូបខ្យល់អាកាសល្អ ជួយឲ្យមានឆាប់ធំធាត់។ ម្យ៉ាងទៀត គាត់អាចរៀបចំការចិញ្ចឹមមាន់សាច់ក្នុងចម្ការកៅស៊ូ ដោយធ្វើការព័ទ្ធសំណាញ់ជុំវិញនិងផ្នែកខាងលើ ដើម្បីកុំឲ្យមាន់ហើរចេញរួច។ ការធ្វើដូចនេះ វាមានលក្ខណៈពិសេសនោះគឺ អាចផ្តល់ជីលាមកមាន់ដល់ដំណាំកៅស៊ូនិងធ្វើឲ្យកៅស៊ូចេញជ័របានច្រើននិងល្អ (បទពិសោធន៍របស់លោកស្រី ពុធ សុជា)
-ត្រូវធ្វើចាក់ថ្នាំការពារជំងឺ(វ៉ាក់សាំង)ឲ្យបានត្រឹមត្រូវ និងបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ។
-នៅពេលជួបបញ្ហា ត្រូវរាយការណ៍មន្ត្រីជំនាញ ដើម្បីចុះជួយអន្តរាគមន៍ទាន់ពេលវេលា តាមរយៈលេខទូរស័ព្ទ012 87 15 71។
បន្ទាប់មក ក្រុមការងារ បានបន្តចុះពិនិត្យផលិតកម្មស្រូវពូជផ្ការំដួល របស់សមាជិកសហគមន៍ ដែលគាំទ្រដោយគម្រោងខ្សែច្រវ៉ាក់តម្លៃដោយភាតរបរិស្ថាន ពិនិត្យឃើញថា មានការដុះលូតលាស់ល្អ
មានទឹកគ្រប់គ្រាន់ និងចាប់ផ្តើមកំណរកំណើតកួរ។ ក្នុងនោះមន្ត្រីជំនាញ បានបង្ហាញពីបច្ចេកទេសរៀបចំដីស្រែនិងការប្រើប្រាស់ម៉ាស៊ីនព្រោះគ្រាប់ស្រូវEli seeder សម្រាប់ផលិតកម្មពូជ ដែលប្រើប្រាស់ពូជតិច ធ្វើការបានលឿន ស្រូវដុះជាជួរល្អ ងាយស្រួលក្នុងការកាត់ពូជលាយ។
ការរៀបចំភ្ជួររាស់និងការកៀរពង្រាបដីស្រែ វាមានសារៈសំខាន់ណាស់ ដើម្បីធ្វើឱ្យដីស្រែមានលក្ខណៈផុស រាបស្មើល្អ។ សម្រាប់ការដាំដុះដំណាំស្រូវ យើងត្រូវយកចិត្តទុកដាក់ ៖
-ត្រូវពិនិត្យនិងរៀបចំភ្លឺស្រែឲ្យបានរឹងមាំល្អ ដើម្បីរក្សាទឹកទុកនិងងាយស្រួលក្នុងការបញ្ចេញបញ្ចូលទឹក នៅពេលភ្លៀងនៅតែបន្តធ្លាក់ ដើម្បីកុំឱ្យគ្រាប់ពូជរលួយ ដុះមិនទាន់។
-ត្រូវរាស់និងកៀរពង្រាបដីស្រែឲ្យបានរាបស្មើល្អ បន្ទាប់ពីភ្ជួរលើកទី១ ដោយប្រើត្រាក់ទ័របំពាក់ជាមួយអង្គប់វៃដីឬគោយន្តបំពាក់ជាមួយរនាស់ដោយចង ផ្អោបជាមួយបន្ទះក្តារទៅនឹងធ្មេញរនាស់ ក្នុងនោះត្រូវបន្ថែមទម្ងន់៣០ទៅ៤០គីឡូក្រាម ដោយយកដុំថ្មចងភ្ជាប់ពីលើរនាស់ ការងារនេះសម្រាប់អនុវត្ត នៅលើដីស្រែដែលមានទឹក។
-បន្ទាប់ពីធ្វើការរាស់ កៀរពង្រាបដីស្រែបានស្មើល្អហើយ ត្រូវភ្ជួរ រាស់លើកទី២ ឬ ជាលើកទី៣ កាន់តែប្រសើរ សម្រាប់ធ្វើការព្រោះគ្រាប់ស្រូវ។ ការភ្ជួររាស់ បាន ២ទៅ៣ដង ធ្វើឱ្យដីម៉ដ្ឋល្អ ងាយស្រួលដំណាំស្រូវដុះលូតលាស់និងកាត់បន្ថយការដុះរបស់ពពួកស្មៅចង្រៃ។
-បន្ទាប់ពីភ្ជួរ រាស់រួច ត្រូវឆូតរង ឬ ចង្អួរ ចន្លោះពី ៥ទៅ១០ម៉ែត្រ មួយរងឬចង្អូរ ដើម្បីងាយស្រួលក្នុងការរំដោះទឹកចេញ ពេលមានភ្លៀងធ្លាក់លើសលុប
ជៀសវាងគ្រាប់ពូជស្រូវរលួយនិងដុះលូតលាស់បានល្អ រួចយើងអាចព្រោះស្រូវយកតែម្តង។
" ការរៀបចំដីស្រែឲ្យបានល្អ មុនព្រោះគ្រាប់ស្រូវពូជ មានសារៈសំខាន់ណាស់សម្រាប់ដំណាំស្រូវ  " ទូរស័ព្ទលេខ 071 59 59 271

ចំនួនអ្នកចូលទស្សនា
Flag Counter