កម្មវិធីទី៥៖
លោកប្រធានមន្ទីរ និងសហការី បានបន្តនាំម្ចាស់ផ្សារបៃតងស្រស់ ចុះពិនិត្យការចិញ្ចឹមគោយកកូននិងគោបំប៉នយកសាច់ របស់លោក ហួត លាង (0973868898)នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ។ លោក ហួត លាង បានបញ្ជាក់ថា ការចិញ្ចឹមគោរបស់គាត់បានចាប់ផ្តើមពីគោ ៧ក្បាល នៅឆ្នាំ ២០១៣ កើនដល់ ៣៨ក្បាល នៅឆ្នាំ២០១៦ ដោយចិញ្ចឹមលែងឲ្យស៊ីស្មៅនៅទីវាល ការចិញ្ចឹមបែបនេះ គោ មិនធំ តែងតែឈឺមិនឈប់ និងមិនសូវបានលក់ទេ។ បន្ទាប់ពីមន្ត្រីជំនាញពេទ្យសត្វនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះណែនាំនិងផ្តល់បច្ចេកទេសចិញ្ចឹមគោក្នុងក្រោលជាបន្តបន្ទាប់ ដោយមិនលែងឲ្យគោស៊ីស្មៅតាមទីវាលដូចមុននោះមក ចាប់ពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន គោរបស់គាត់កើនជាង ៣០០ក្បាល សម្រាប់លក់ រួមមានទាំងគោសាច់និងគោមេយកកូន។
បច្ចុប្បន្នគាត់មានដាំស្មៅ ៦ហិកតា សម្រាប់លាយជាមួយចំណីសម្រេច កាកប៊ីយែ និងដំឡូងមី ហើយដាក់ឲ្យគោស៊ីប្រមាណ ៣តោនក្នុងមួយថ្ងៃ ហើយគាត់ប្រមូលលាមកគោបានប្រមាណ ១,៥តោនក្នុងមួយថ្ងៃ ដែលអាចលក់លាមកគោបានប្រមាណ ២០លានរៀលក្នុងមួយឆ្នាំ។ គាត់បានលើកឡើងថា ចំណុចជោគជ័យរបស់គាត់ក្នុងការថែទាំគោ គឺការចាក់វ៉ាក់សាំងការពារជំងឺឆ្លង និងការចាក់ថ្នាំទម្លាក់សត្វល្អិតឲ្យបានជាប្រចាំ។សព្វថ្ងៃគាត់អាចលក់គោបានចំនួន ៣ក្បាលនៅរដូវវស្សានិងលក់បានចំនួន ៥ក្បាលនៅរដូវប្រាំង ក្នុងមួយថ្ងៃ។