សម្បទានិក ២០គ្រួសារ ទទួលបានសម្ភារៈ កូនត្រី កូនកង្កែប និងចំណី ដើម្បីចិញ្ចឹមបង្កើនចំណូលគ្រួសារ ឆ្លើយតបវិបត្តិនៃការឆ្លងរាលជំងឺ កូវីដ ១៩
ចេញ​ផ្សាយ ១១ កញ្ញា ២០២០
186

កម្មវិធីទី២ នាព្រឹកថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានសម្របសម្រួលថ្នាក់ខេត្តនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍន៍សេដ្ឋកិច្ច ជំហាន ២ (LASED II) របស់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រមូលនិធីដោយធនាគារពិភពលោក បានអញ្ជើញជួបសំណេះសំណាលនិងប្រគល់សម្ភារៈ កូនត្រី កូនកង្កែប និងចំណី ដល់សម្បទានិក ២០គ្រួសារ ដែលមានពូជត្រីអណ្តែងសរុបចំនួន ៦៤គីឡូក្រាម ស្មើនឹង១៩ ២០០ក្បាល សម្រាប់សម្បទានិក ១៦គ្រួសារ និងកូនកង្កែបចំនួន ១ ៦០០ក្បាល សម្រាប់សម្បទានិក ៤គ្រួសារ នៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ 


លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានជម្រាបជូនឯកឧត្តមគណៈអធិបតីនិងអង្គពិធី បានជ្រាបពីសកម្មភាពសម្រាប់ឆ្នាំ២០២០ របស់គម្រោងនេះ ដែលមន្ទីរ បានអនុវត្តកន្លងមករួមមាន ៖ 
១.ផ្សព្វផ្សាយការយល់ដឹងនិងពង្រឹងយន្តការនិរន្តរភាពការអភិរក្សនិងការគ្រប់គ្រងព្រៃឈើ
២.បណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមសត្វ (មាន់ គោ ជ្រូក) ត្រី និងដំណាំបន្លែ ឈើហូបផ្លែ និងដំណាំឧស្សាហកម្ម
៣.បណ្ដុះបណ្ដាលស្ដីពីផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំពុលកសិកម្ម
៤.បណ្ដុះបណ្ដាលបច្ចេកទេសក្រោយការប្រមូលផល
៥.ធ្វើយុទ្ធនាការការពារជំងឺឆ្លងមាន់ (បាញ់ថ្នាំរំងាប់មេរោគ និងធ្វើវ៉ាក់សាំងការពារជំងឺឆ្លងសត្វ)
៦.បង្ហាញនៅទីវាលពីបច្ចេកទេសកសិកម្មចម្រុះ រួមមាន ការចិញ្ចឹមមាន់ស្រែ ២០បង្ហាញ និងការដាំដុះដំណាំបន្លែ ១០បង្ហាញ
៧.ការរៀបចំបង្ហាញនៅទីវាលពីបច្ចេកទេសដាំដុះដំណាំដំឡូងមី ៣បង្ហាញ
៨.ទស្សនកិច្ចសិក្សាដកស្រង់បទពិសោធន៍ពីបច្ចេកទេសកសិកម្មបានចំនួន ១លើក
៩.បណ្ដុះបណ្ដាលពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ក្រុមផលិតកម្មកសិកម្ម និងផ្សព្វផ្សាយទីផ្សារកសិកម្ម
១០.និងការត្រួតពិនិត្យ តាមដាន ជំរុញការអនុវត្ត និងផ្ដល់ប្រឹក្សាតម្រង់ទិសបច្ចេកទេសបន្ថែមជាប្រចាំ។


លោកប្រធានមន្ទីរ បានមានមតិថ្លែងអំណរគុណដល់សម្បទានិកដែលបានចូលរួមសហការនិងអនុវត្តជាមួយគម្រោងនិងស្នើសុំសម្បទានិក ដែលទទួលបានពូជត្រីនិងកង្កែប ទាំង ២០គ្រួសារ ត្រូវខិតខំប្រឹងប្រែងចិញ្ចឹមថែទាំនិងអនុវត្តតាមការណែនាំបច្ចេកទេសពីមន្ត្រីជំនាញ។ 
មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជូនពរ សូមបងប្អូន មាមីង មានសុខភាពល្អ ប្រកបរបរទទួលទានបានល្អប្រសើរ ជាពិសេសជៀសផុតពីជំងឺឆ្លង កូវីដ ១៩ ទាំងអស់គ្នា។


ឯកឧត្តមអភិបាលរងខេត្ត បានជម្រាបជូនបងប្អូនសម្បទានិកថា គម្រោងបែងចែកដី ដើម្បីសម្បទានសង្គមកិច្ចនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ជាគម្រោងមួយរបស់រាជរដ្ឋាភិបាល ដឹកនាំសម្របសម្រួលអនុវត្តដោយក្រសួងមហាផ្ទៃ ហើយនៅថ្នាក់ក្រោមជាតិ សម្របសម្រួលអនុវត្តដោយរដ្ឋបាលខេត្តត្បូងឃ្មុំ គាំទ្រមូលនិធិដោយធនាគារពិភពលោកនិងរាជរដ្ឋាភិបាល។ 


នេះ ជាជំហានទី២ ដែលរដ្ឋបាលខេត្តត្បូងឃ្មុំ បានអនុវត្ត ដោយមានកិច្ចសហការពីមន្ទីរ វិស័យពាក់ព័ន្ធ រួមមានមន្ទីរកិច្ចការនារី មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរសុខាភិបាល ជាពិសេសមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្ដល់នូវការអប់រំ ផ្សព្វផ្សាយ បច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុជាច្រើន សំដៅលើកកម្ពស់កម្រិតយល់ដឹងនិងជំរុញឲ្យជីវភាព របស់សម្បទានិកកាន់តែប្រសើរឡើង។ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាជនទូទាំងប្រទេស ជាពិសេសក្នុងពេលមានការផ្ទុះនិងរីករាលដាលនៃជំងឺកូវីដ ១៩នៅទូទាំងសកលលោក។ រាជរដ្ឋាភិបាល បានជំរុញនិងលើកទឹកចិត្តដល់កសិករឲ្យបង្កើនការដាំដុះដំណាំបន្លែ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ប្រើរយៈពេលខ្លី ដើម្បីបំពេញត្ម្រូវការរបស់ប្រជាជនទូទាំងប្រទេសនិងសម្រាប់ការនាំចេញផងដែរ។ 


ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍បន្ថែមទៀតថា ការផ្ដល់ជូនសម្ភារ ពូជត្រី និងកង្កែបពេលនេះ មិនអាចជួយឲ្យបងប្អូនមានជីវភាពធូរធារភ្លាមៗនោះទេ តែនេះជាធាតុផ្សំបំពេញនូវតម្រូវការរបបអាហារប្រចាំថ្ងៃនិងអាចសល់សម្រាប់លក់ជូនប្រជាពលរដ្ឋក្នុងភូមិ ដើម្បីបង្កើនប្រាក់ចំណូល ជាទុនយកទៅពង្រីកបន្ថែម នាពេលខាងមុខ។
ការចិញ្ចឹមត្រីនិងកង្កែបក្នុងអាងផ្លាស្ទិចនេះ ជាបច្ចេកទេសមួយដែលចំណាយទុនតិច និងមិនត្រូវការប្រើប្រាស់ទឹកច្រើន ឆ្លើយតបទៅនឹងតំបន់នេះ ដែលជាតំបន់ខ្ពង់រាបនិងខ្វះខាតទឹក។ ព្រមជាមួយគ្នានេះ សូមសម្បទានិកទាំងអស់ចូលរួមអនុវត្តឲ្យអស់លទ្ធភាពលើដីកសិកម្មដែលរាជរដ្ឋាភិបាលបានចែកជូននិងចូលរួមថែរក្សាព្រៃសហគមន៍ ដើម្បីជាប្រយោជន៍រួម ដល់សម្បទានិក អាចអាស្រ័យផលបានទាំងអស់គ្នា និងសូមកុំទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ដែលនឹងនាំឲ្យមានការលំបាកនិងបាត់បង់ផលប្រយោជន៍រួម។


ទន្ទឹមនឹងនេះ ការអនុវត្តបង្ហាញបច្ចេកទេសរបស់សម្បទានិកទាំងអស់ ជាសក្ខីភាពសម្រាប់សម្បទានិកដ៏ទៃទៀតនិងកសិករនៅតំបន់ជុំវិញ យកទៅអនុវត្តតាម។ ដូច្នេះ សូមយកចិត្តទុកដាក់ថែទាំ ហើយត្រូវគិតថានេះជាលុយរបស់យើង ជាទ្រព្យរបស់យើង មិនត្រូវឲ្យបាត់បង់ ឬខូចខាតនោះទេ។ 


បន្ទាប់មក ឯកឧត្តមអភិបាលរងខេត្តនិងក្រុមការងារ បានចុះពិនិត្យការដាំបន្លែដោយប្រើប្រព័ន្ទទុយោតំណក់ ទុយោសាច ការប្រើកៅស៊ូគ្របរងដំណាំបន្លែ ការប្រើរោងសំណាញ់ដាំបន្លែ ការចិញ្ចឹមមាន់ ត្រី និងកង្កែប ដែលអនុវត្តតាមបច្ចេកទេសដែលមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដូចជា ការដាំត្រសក់ចំណាររបស់សម្បទានិកឈ្មោះ ស៊ុន រុន ការដាំស្ពៃក្រញ៉ាញ់របស់សម្បទានិកឈ្មោះ គាន ដន ការចិញ្ចឹមត្រីអណ្ដែងនិងកង្កែបក្នុងអាងប្លាស្ទិចរបស់សម្បទានិកឈ្មោះ សេង ណៃយេន និងបានពិគ្រោះតម្រង់ទិសបច្ចេកទេសបន្ថែម និងជំរុញឲ្យធ្វើការពង្រីកការដាំដុះបន្ថែមទៀត ជៀសវាងការទុកដីឲ្យទំនេរ។ ឯកឧត្តមអភិបាលរងខេត្ត បានកោតសរសើរចំពោះការយកចិត្តទុកដាក់របស់បងប្អូន ដែលនេះជាសមិទ្ធផលដែលគម្រោង ក៏ដូចជារាជរដ្ឋាភិបាលចង់បាន។ ទន្ទឹមនោះ ឯកឧត្តមអភិបាលរងខេត្ត បានជំរុញផលិតឲ្យបានច្រើន រួចយកកសិផលទាំងនោះទៅតាំងលក់នៅទីតាំងផ្សារសហគមន៍ដែលមានស្រាប់និងនាំលក់នៅភូមិសាស្ត្រក្រៅភូមិ។


ក្នុងរបៀបវារៈចុងក្រោយ ឯកឧត្តម អភិបាលរងខេត្តនិងសហការីអមដំណើរ បានចូលរួមដាំកូនឈើជានិម្មតរូបនៅក្នុងព្រៃសហគមន៍និងបរិវេណអគារសហគមន៍ ចំនួន ៨០០ដើម លើផ្ទៃដី១,៥ហិកតា រួមមានប្រភេទ ឈើធ្នង់ ឈើក្រញូង ឈើបេង ឈើសុក្រំ និងឈើកកោះ។

ចំនួនអ្នកចូលទស្សនា
Flag Counter