ឯកឧត្តម វេង សាខុន បានលើកកម្មវិធីផ្សព្សផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុដល់កសិករ នៅស្រុកមេមត់
ចេញ​ផ្សាយ ០៤ កញ្ញា ២០២០
119

កម្មវិធីទី៣
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលនិងផ្តល់ធាតុចូលកសិកម្ម ដែលជាការរួមចំណែករបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយការលំបាករបស់ប្រជាកសិករក្នុងការដាំបន្លែ តាមរយៈកម្មវិធីផ្សព្សផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដល់សមាជិកបណ្តុំអាជីវកម្មបន្លែក្នុងឃុំទន្លូង ចំនួន ៨៨គ្រួសារ នៅបរិវេណសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ចង្គុំទី១ ភូមិចង្គុំទី១ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។ 
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ទោះបីស្ថិតក្នុងវិបត្តិនៃការរីករាលដាលជំងឺកូវីដ ១៩ ដែលប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ចមួយចំនួន តែវិស័យកសិកម្ម ត្រូវបានរាជរដ្ឋាភិបាល កំណត់ជាអាទិភាពនិងបានគាំទ្រយ៉ាងពេញទំហឹង ក្នុងការរក្សាសន្តិសុខស្បៀង ប្រភពចំណូលរបស់ប្រជាពលរដ្ឋ និងអាចរួមចំណែករក្សាស្ថេរភាពសេដ្ឋកិច្ចជាតិផងដែរ។ ដូច្នេះ បងប្អូនប្រជាកសិករ ត្រូវឧស្សាហ៍ព្យាយាម ប្រឹងប្រែងក្នុងការងារដាំដុះនេះ និងស្វែងរកបច្ចេកទេសពីមន្ត្រីជំនាញ។
ធាតុចូលកសិកម្មផ្តល់ជូនដល់សមាជិកបណ្តុំក្នុងឃុំទន្លូងនាពេលនេះមាន ៨៤គ្រួសារ ដែលនឹងផ្តល់ជា ទុយោសាច ៨៤ដុំ សំណាញ់ទ្រើង ២៦០ដុំ កៅស៊ូគ្របរង ៨៤ដុំ ថាសបណ្តុះកូន ៣៦០បន្ទះ គ្រាប់ពូជត្រសក់ ៨៤កញ្ចប់ សណ្តែកកួរ ១៦៨កញ្ចប់ ខាតណាដើម ៨៤កញ្ចប់ ស្ពៃចង្កឹះ ៨៤កញ្ចប់ ស្ពៃក្រញាញ់ ៨៤កញ្ចប់ ដែលត្រូវដាំដុះលើផ្ទៃដី ១០ហិកតា។
កម្មវិធីបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អនុប្រធានរដ្ឋបាលជលផល អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ លោកប្រធាននាយកដ្ឋានរដ្ឋបាល លោកប្រធាននាយកដ្ឋានផែនការ ស្ថិតិ លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោកអនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងថ្នាក់ដឹកនាំក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាច្រើនរូប។

ចំនួនអ្នកចូលទស្សនា
Flag Counter