កម្មវិធីទី២ ថ្ងៃនេះ
" ខ្ញុំ សូមសំដែងនូវការកោតសរសើរដល់ការចិញ្ចឹមគោបំប៉នយកសាច់និងការបង្វែរដីដាំដុះពីដំណាំដែលត្រូវការទឹកច្រើន រយៈពេលវែង(ស្រូវ) មកដាំបន្លែដែលប្រើទឹកតិចជាងនិងរយៈពេលដាំដុះខ្លី ហើយទទួលបានចំណូលកាន់តែប្រសើរ។ "
ប្រសាសន៍ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងសកម្មភាពចុះពិនិត្យស្វែងយល់ពីការចិញ្ចឹមគោបំប៉នយកសាច់របស់កសិករ សេង សូត្រ និងការចុះពិនិត្យផលដំណាំខ្ទឹមស្លឹក ត្រប់ស្រួយ និងការសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មបៃតងគោកស្រុក ចំនួន ៦០នាក់ កាលពីព្រឹកថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឲ្យមន្ត្រីជំនាញការិយាល័យផលិតកម្មនិងបសុព្យាបាល ជួយបណ្តុះបណ្តាលកសិករចិញ្ចឹមគោ ឲ្យចេះបង្កាត់តាមបែបសិប្បនិម្មិតនិងតាមដានទប់ស្កាត់ឲ្យបានទាន់ពេលវេលា ទប់ស្កាត់ជំងឺឆ្លងសត្វ។
ជាការឆ្លើយតបនឹងការប្រឹងប្រែងរបស់សហគមន៍កសិកម្មនិងស្របតាមទិសដៅរបស់ក្រសួងក្នុងការជំរុញយន្តូបនីយកម្មកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី បានសន្យាផ្តល់ម៉ាសុីនភ្ជួរដីខ្នាតតូចចំនួន ២គ្រឿងដល់សហគមន៍ ដើម្បីសម្រួល និងពន្លឿនការរៀបចំដីរបស់សមាជិកសហគមន៍ទាំងមូល។
កម្មវិធីបានប្រព្រឹត្តទៅនៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អនុប្រធានរដ្ឋបាលជលផល អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ លោកប្រធាននាយកដ្ឋានរដ្ឋបាល លោកប្រធាននាយកដ្ឋានផែនការ ស្ថិតិ លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោកអនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងថ្នាក់ដឹកនាំក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាច្រើនរូប។