បាញ់ថ្នាំរំងាប់មេរោគជាប្រចាំនិងការចាក់ថ្នាំការពារ តាមបច្ចេកទេស ជាវិធានការល្អបំផុតសម្រាប់ការចិញ្ចឹមមាន់
រសៀលថ្ងៃអង្គារ ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពស២៥៦៤ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំបានដឹកនាំលោក សេង សោភា ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល ចុះពិនិត្យការចិញ្ចឹមមាន់ស្រែភ្ញាស់កូនបែបសិប្បនិម្មិតរបស់កសិករ ប៊ិន ថេង នៅភូមិទឹកចេញ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ដែលបានចិញ្ចឹមមាន់ស្រែ អស់រយៈពេលបីឆ្នាំមកហើយ ហើយបានប្តូរពីការភ្ញាស់មាន់បែបធម្មជាតិ មកភ្ញាស់បែបសិប្បនិម្មិតវិញ។ បច្ចុប្បន្នគាត់ចិញ្ចឹមបំប៉នមាន់មេ ២០០ក្បាល មាន់ឈ្មោល ៣០ក្បាល ស្ទាវ ១៣០ក្បាល ដោយប្រើប្រាស់កម្លាំងពលកម្ម ពីរនាក់ប្តីប្រពន្ធ។ បង្កាត់បែបសិប្បនិម្មិត អាចលក់កូនបានពី ២០០ក្បាល ក្នុងមួយខែ ទិសដៅបង្កើនមេឲ្យបាន ៥០០ក្បាល។
ចំពោះមុខការចិញ្ចឹមនេះ ក្រុមការងារបានផ្តល់អនុសាសន៍មួយចំនួនដូចតទៅ ៖
១-ត្រូវធ្វើការបាញ់ថ្នាំរំងាប់មេរោគទាំងក្នុងទ្រុង ក្រៅទ្រុង ឲ្យបានជាប្រចាំ
២-ចាក់ថ្នាំការពារជំងឺញូកាស ជំងឺអាសន្នរោគ និងជួសអុត តាមបច្ចេកទេសត្រឹមត្រូវ
៣-សម្អាតទ្រុងប្រមូលអាចម៍មាន់ចេញជាប្រចាំ ជៀសវាងជះក្លិនអាម៉ូញាក់ បណ្តាលឲ្យមាន់រលាកបំពង់ក
៤-ប្រកាន់ខ្ជាប់ចិញ្ចឹមមាន់ស្រែពូជសុទ្ធ ដែលអាចប្រកួតប្រជែងទីផ្សារ ទាំងសាច់ ទាំងកូនពូជ
៥-ត្រូវចងក្រងក្រុមអតិថិជនដែលទិញកូនមាន់ទៅចិញ្ចឹម ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នានិងជួយគ្នាទៅវិញទៅមកផ្នែកទីផ្សារ
ត្រូវការបទពិសោធន៍កូនមាន់ មាន់ពូជ សូមទាក់ទងទូរស័ព្ទលេខ
092 22 00 78