ជួបសំណេះសំណាលនិងប្រគល់កូនពូជត្រី និងចំណីត្រី ជូនកសិករជាសមាជិកបណ្តុំ អាជីវកម្មចិញ្ចឹមត្រី ៣២គ្រួសារ នៅស្រុកតំបែរ
ចេញ​ផ្សាយ ០៤ សីហា ២០២០
178

ព្រឹកថ្ងៃសុក្រ ១១កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ រួមជាមួយលោក រ៉េត បូរ៉ាន់អភិបាលរងស្រុកតំបែរបានជួបសំណេះសំណាលនិងប្រគល់កូនពូជត្រី និងចំណីត្រី ជូនកសិករជាសមាជិកបណ្តុំ អាជីវកម្មចិញ្ចឹមត្រី  ៣២គ្រួសារ នៅឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលគាំទ្រដោយ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ  (ASPIRE) នូវកូនត្រីចំនួន ៤ប្រភេទ គឺ កូនត្រីប្រាចំនួន ៣១ ០០០ក្បាល កូនត្រីអណ្តែងកូនកាត់ចំនួន ២៤គីឡូក្រាម =៤ ៨០០ក្បាល កូនត្រីឆ្ពិនចំនួន ២៧គីឡូក្រាម=៨ ១០០ក្បាល កូនត្រីទីឡាព្យាចំនួន ៥៤គីឡូក្រាម=១៣ ៥០០ក្បាល និងចំណីកូនត្រីចំនួន ៣២ប៉ាវ ស្មើនឹង ៨០០គីឡូក្រាម។
សូមជម្រាបជូនថា កម្មវិធីផ្សព្វផ្សាយបចេ្ចកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុនេះ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ថវិកាជាតិមួយចំណែកនិងឥណទានពីមូលនិធិអន្តរជាតិដើម្បីអភិវឌ្ឍន៍កសិកម្ម(IFAD) ដឹកនាំអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយសម្របសម្រួលអនុវត្តផ្ទាល់នៅមូលដ្ឋានដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដែលសកម្មភាពនៃការផ្តល់ពូជកូនត្រីនិងចំណីនេះ ជាការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងវិបត្តិកូវីដ ១៩ និងការដោះស្រាយបន្ទុកចំណាយក្នុងផលិតកម្មចិញ្ចឹមត្រី និងដើម្បីកសិករទទួលបានចំណូលបន្ថែមសម្រាប់ទ្រទ្រង់ជីវភាពក្នុងគ្រួសារ។
មានប្រសាសន៍ក្នុងអង្គពិធី លោកប្រធានមន្ទីរ បានសំណូមពរសមាជិកបណ្តុំ ត្រូវចាត់ទុកថា កូនត្រីនិងចំណីត្រីដែលបានផ្តល់ជូននាពេលនេះ ជាដើមទុន មិនមែនជាចំណូលនោះទេ។ គឺចង់ឲ្យសមាជិកបណ្តុំប្រឹងប្រែងចិញ្ចឹម ថែទាំ កូនត្រីទាំងនេះដោយយកចិត្តទុកដាក់និងតាមបច្ចេកទេសដែលមន្ត្រីជំនាញបានផ្តល់ជូន និងប្រែក្លាយចំណូលពីការចិញ្ចឹមនេះ ជាដើមទុនពង្រីកការចិញ្ចឹមបន្ថែមជាបន្តបន្ទាប់។ 
កូនត្រីទទួលនេះ មិនត្រូវព្រលែងភ្លាមៗនោះទេ ត្រូវទុកមួយភ្លេតសិនហើយដាក់ទៅក្នុងទឹកស្អាតបរិមាណ១០លីត្រ លាយអំបិលគ្មានជាតិអុីយ៉ូត២ស្លាបព្រា ដើម្បីជម្រុះបាក់តេរីពីខ្លួនត្រីនិងស្រកីត្រីសិន សឹមយកទៅដាក់ចូលក្នុងអាងឬស្រះចិញ្ចឹម បាចបញ្ចូលទឹកធម្មជាតិបន្តិចម្តងៗ រហូតកូនត្រីអាចហែលចេញពីធុងឬចានដែកដាក់ត្រីនោះអស់។ ហើយក៏មិនត្រូវផ្ដល់ចំណីភ្លាមៗនោះដែរ ទុកឲ្យបានរយៈពេលយ៉ាងតិច២ម៉ោងសិន។ប្រសិនបើមានបងប្អូនជួបករណីមានជួបបញ្ហាផ្សេងៗ សូមទំនាក់ទំនងមកមន្រ្តីជំនាញតាមលេខទូរស័ព្ទ ០៩៧ ៤៦ ៧៧ ៩០២ ។
បន្ទាប់មកលោកប្រធានមន្ទីរនិងលោកអភិបាលរងស្រុកតំបែរ បានបន្តចុះពិនិត្យការបណ្ដុះផ្សិតចំបើងរបស់កសិករ អន ឯក ដែលបានប្រកបមុខរបរបណ្ដុះផ្សិតចំបើងអស់រយៈពេល ៣ឆ្នាំមកហើយ ដែលមានរោងបណ្ដុះផ្សិតចំនួន ៥រោង អាចទទួលបានផល ២០គីឡូក្រាម ទៅ ៣០គីឡូក្រាម ក្នុងមួយថ្ងៃ​។ តម្លែ ១គីឡូក្រាម ១៣ ០០០រៀល ហើយក្នុងមួយរោងអាចទទួលផលបានចន្លោះពី ៥០គីឡូក្រាម ទៅ ៨០គីឡូក្រាម។ កសិករអន ឯក រស់នៅភូមិឃ្លៃ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលមានលេខទូរស័ព្ទ ០៨៨ ២៥ ២៤ ៣៦៤។

ចំនួនអ្នកចូលទស្សនា
Flag Counter