ពិធីសំណេះសំណាលនិងប្រគល់ស្រូវពូជចំនួន ៣ ០០០គក្រ ដល់សមាជិកបណ្តុំអាជីវកម្មផលិតស្រូវពូជដំរិល
ចេញ​ផ្សាយ ២៨ កក្កដា ២០២០
172

ពូជល្អ ទិន្នផលខ្ពស់
នារសៀល ថ្ងៃសុក្រ  ០៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០៖
ពិធីសំណេះសំណាលនិងប្រគល់ស្រូវពូជចំនួន ៣ ០០០គក្រ ដល់សមាជិកបណ្តុំអាជីវកម្មផលិតស្រូវពូជដំរិល ដែលមានសមាជិកចំនួន ៤៥គ្រួសារ ក្រោមអធិបតីភាពលោក ងួន ប៊ុណ្ណាន អភិបាល នៃគណៈអភិបាលស្រុកអូររាំងឪ និងលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ រួមទាំងលោកអភិបាលរងស្រុក លោកមេឃុំ និងសហការី នៃមន្ត្រីអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅបរិវេណវត្តដំរិល  ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ពូជស្រូវនេះជាការរួមចំណែកដោះស្រាយ ការលំបាកក្នុងការទិញធាតុចូលកសិកម្ម(ពូជស្រូវ)សម្រាប់ផលិតកម្មដំណាំស្រូវពូជ និងបង្កើនប្រាក់ចំណូលគ្រួសារ ក្នុងសភាពការណ៍វិបត្តិ នៃជំងឺឆ្លងរាលដាលកូវីដ១៩នេះ និងជាការយកចិត្តទុកដាក់គិតគូរពីសម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដោយប្រើប្រាស់ថវិកាជាតិមួយចំណែក និងឥណទានពីមូលនិធិអន្តរជាតិ ដើម្បីអភិវឌ្ឍន៍កសិកម្ម ហៅកាត់ថា(IFAD)  ហើយសម្របសម្រួលដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។ 
សូមយកពូជស្រូវចំនួន ៣ ០០០គក្រ ដែលបានផ្តល់ជូនដល់សមាជិកបណ្តុំផលិតស្រូវពូជដំរិលនាពេលនេះ ធ្វើជាដើមទុនសម្រាប់ពង្រីកការដាំដុះរបស់កសិករក្នុងមូលដ្ឋានកាត់បន្ថយការទិញពូជពីក្រៅនិងសម្រាប់លក់ទៅក្រៅមូលដ្ខាន។ ដូច្នេះសូមសមាជិកបណ្តុំ ខិតខំប្រឹងប្រែងក្នុងការអនុវត្តផលិតកម្មស្រូវពូជស្របតាមបទដ្ឋានបច្ចេកទេស និងឧស្សាហ៍ក្នុងការទៅមើលថែទាំជាប្រចាំ ទប់ស្កាត់កត្តាចង្រៃ ដើម្បីទទួលបានទិន្នផលខ្ពស់ គុណភាពល្អឆ្លើយតបតម្រូវការទីផ្សា។
ទន្ទឹមនេះ សូមពង្រឹងបណ្តុំ ជួបជុំពិភាក្សាដោះស្រាយបញ្ហាប្រឈមនិងត្រូវអនុវត្តការទិញធាតុចូល ជាក្រុម និងលក់កសិផលវិញក៏ជាក្រុម ដែលផ្តល់អត្ថប្រយោជន៍និងផលចំណេញទាំងសងខាង។
ក្នុងពិធីសំណេះសំណាលប្រគល់ពូជស្រូវនេះ  លោកអភិបាលស្រុកបានផ្តាំផ្ញើដល់សមាជិកបណ្តុំអាជីវកម្ម ត្រូវប្រឹងប្រែង អនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំបច្ចេកទេសពីមន្ត្រីជំនាញ ត្រូវយកចិត្តទុកដាក់បង្កបង្កើតឲ្យក្លាយជាចំណូល និងដើមទុនពង្រីកទំហំផលិតកម្មស្រូវពូជឲ្យទទួលបានទិន្នផលខ្ពស់ និងមានស្រូវពូជគ្រប់គ្រាន់សម្រាប់ប្រើប្រាស់នៅក្នុងខេត្តត្បូងឃ្មុំយើង។ 
ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលស្រុក និងលោកប្រធានមន្ទីរកសិកម្មខេត្ត បានសំណូមពរបងប្អូន ត្រូវយកចិត្តទុកដាក់ការពារខ្លួនពីជំងឺកូវីដ ១៩  និងសូមបងប្អូន មាមីង មានសុខភាពល្អ ប្រកបរបរទទួលទានបានល្អប្រសើរ ជាពិសេសជៀសផុតពីជំងឺឆ្លងកូវីដ ១៩ ទាំងអស់គ្នា។

ចំនួនអ្នកចូលទស្សនា
Flag Counter