តោះ! ទិញបន្លែសុវត្ថិភាពស្រុកយើង
ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមពិធីដាក់ឲ្យដំណើរការផ្សារចុងសប្តាហ៍ លក់បន្លែសុវត្ថិភាព ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងសួង ។
សូមជម្រាបថា ផ្សារចុងសប្តាហ៍នេះ រៀបចំដោយមន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ដែលគាំទ្រដោយគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)។
ការលក់ដូរនេះ ជារៀងរាល់ចុងសប្តាហ៍ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ បើកពីម៉ោង៨ព្រឹក រហូតដល់ម៉ោង ៦ល្ងាច ដែលមានទីតាំងនៅមុខសាលាក្រុងសួង ខេត្តត្បូងឃ្មុំ។
ផ្សារចុងសប្ដាហ៍ ត្បូងឃ្មុំមានលក់បន្លែសុវត្ថិភាព និងសរីរាង្គ មាន់ស្រែ អង្គរ ត្រី កង្កែប ដែលដាំដុះ និងចិញ្ចឹមដោយក្រុមកសិករនិងសហគមន៍កសិកម្មក្នុងខេត្តត្បូងឃ្មុំ និងផលិតផលកសិកម្មកែច្នៃដោយសិប្បករនៅក្នុងខេត្តជាច្រើនមុខ។
សូមជួយគាំទ្រផលិតផលរបស់កសិករយើង ដើម្បីរួមចំណែកលើកស្ទួយជីវភាពកសិករយើងនិងសន្តិសុខស្បៀង។