រសៀលថ្ងៃអង្គារ ១កេីត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២០
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី សហការជាមួយអ្នកស្រី ឃាង មករា អភិបាលរងស្រុកត្បូងឃ្មុំនិងមន្រ្ដី ថ្នាក់ស្រុក លោកស្រីមេភូមិ ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ ចុះជួបសំណេះសំណាលនិងផ្សព្វផ្សាយពីជំងឺសារទឹក ដល់ប្រជាកសិករចំនួន ២៣គ្រួសារ និងធ្វើការចាក់វ៉ាក់សាំងជំងឺសារទឹក ព្យាបាលជំងឺគោ ក្របី ជូនដល់ប្រជាកសិករ នៅភូមិឈេីទាលតូច ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសជួបសំណេះសំណាលនេះ លោកប្រធានមន្ទីរ បានធ្វើការសំណូមពរនិងណែនាំដល់ប្រជាកសិករ ដូចតទៅ ៖
-នៅពេលដែលមានសត្វគោ ឬ ក្របី ស្លាប់មិនត្រូវយកមកបរិភោគទេ ត្រូវយកទៅកប់ ឬដុតចោល បើមិនដូច្នេះ វាអាចប៉ះពាល់សុខភាពអ្នកបរិភោគនិងអាចបណ្ដាលឱ្យឆ្លង ដល់សត្វដទៃទៀត
-មិនត្រូវលែងគោ ក្របី ឲ្យទៅសុីស្មៅពាស់វាល ពាស់កាល មុនម៉ោង ៩ព្រឹកទេ ព្រោះសន្សើមផ្តល់ឱកាសឲ្យមេរោគតាមវាលស្មៅ ចម្លងមកសត្វឆាប់រហ័ស
-ត្រូវប្រុងប្រយ័ត្នក្នុងការទិញគោ ក្របី មកពីខាងក្រៅ ដែលអាចនាំមកជំងឺមកជាមួយ
-ត្រូវលាងសម្អាតគោ ក្របី ឱ្យបាន ២ដងក្នុងមួយថ្ងៃ ដេីម្បីឱ្យគោ ក្របី មានសុខភាពល្អ និងឆាប់ធំធាត់
-ត្រូវធ្វើការចាក់វ៉ាក់សាំងឱ្យបានគ្រប់គោ ក្របីទាំងអស់ តាមលក្ខណៈបច្ចេកទេស
ជាពិសេសនៅរដូវវស្សាដែលមានភ្លៀងធ្លាក់ ដែលតែងប្រឈមកើតជំងឺ២ប្រភេទគឺ ជំងឺអុតក្ដាមនិងជំងឺសារទឹក ធ្វើឲ្យគោ ក្របី ងាប់យ៉ាងឆាប់រហ័ស
-ត្រូវធ្វើ់ការបាញ់ថ្នាំរម្ងាប់មេរោគជាប្រចាំក្នុងក្រោលឬទីកន្លែងគោ ក្របី ស្នាក់នៅ
-ពេលដែលមានសត្វឈឺ ឬសត្វមានបញ្ហាផ្សេងៗ សូមរាយការណ៍មកភូមិ ឃុំ ឬ មន្រ្ដីជំនាញ ដេីម្បីចុះអន្តរាគមន៍ ពិនិត្យ និងព្យាបាលឲ្យបានទាន់ពេលវេលា
-ធ្វើឡជីវឧស្ម័ន ដើម្បីទាញផលប្រយោជន៍ពីលាមកគោ ក្របី បន្ថែមទៀត ដូចជាទទួលបាន ជីធម្មជាតិ អាចលក់បានចំណូលបន្ថែមឬប្រើប្រាស់សម្រាប់បំប៉នគ្រប់មុខដំណាំ ផ្តល់ចំហេះសម្រាប់ដាំបាយ ធ្វើម្ហូប ដាំទឹក ហើយអ្វីដែលពិសេស។
សូមជម្រាបថា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ មន្ត្រីជំនាញបសុព្យាបាល បានបន្តចាក់វ៉ាក់សាំងគោ ក្របី បាន ២៨២ក្បាល ព្យាបាលបាន ៤ក្បាល គោ ក្របី បានជាសះស្បើយ ១៦ក្បាល (មិនមានគោ ក្របី ងាប់ទៀតនោះទេ) និងបានបាញ់ថ្នាំរម្ងាប់មេរោគបាន ១៥កន្លែង/ទីតាំង។
ជាចុងក្រោយ លោកប្រធានមន្ទីរ បានសំណូមពរដល់បងប្អូនប្រជាកសិករជួយផ្សព្វផ្សាយពីផលវិបាកនៃជំងឺ សារទឹក និងជួយផ្តល់ដំណឹងដល់មន្រ្ដីជំនាញ នៅពេលមានសត្វពាហនៈកើតមានជំងឺផ្សេងៗ តាមរយៈទូរស័ព្ទលេខ ០៩៧ ៤៥០ ៨៧ ៩៩ , ០៩៧ ៣៣៣ ៣២ ២៥, ០៩៧ ៥៧០ ៤០ ១០ ឬតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដែលមានឈ្មោះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។