សំបុរស្រអែម ស្គម ខ្ពស់ សក់រួញ សំដីមួយៗ មិនព្រួយអ្វីនោះ កសិករ សោម លី រស់នៅភូមិជើងវត្ត សង្កាត់វិហារលួង ក្រុងសួង ជោគជ័យក្នុងការភ្ញាស់និងចិញ្ចឹមកង្កែប ដោយប្រើរយៈពេលត្រឹមតែមួយឆ្នាំ ដែលអាចពង្រីកអាងតង់ប្លាស្ទិចភ្ញាស់និងចិញ្ចឹមយកសាច់ រហូត ៥០អាង លើផ្ទៃដី ៤០មx៣០ម(ប្រើអស់លទ្ធភាពដីជុំវិញផ្ទះ)។ ក្នុងជំហានមួយៗ បាចចំណីកង្កែបបណ្តើរ ចង្អុរបង្ហាញបណ្តើរ លោក សោម លី បានរៀបរាប់ជូនឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងឯកឧត្តម ណី លន់ និងឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងកម្មវិធីទី៣ នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នេះថា ដោយមានចិត្តស្រឡាញ់លើមុខរបរចិញ្ចឹមកង្កែប ខ្ញុំ បានទៅរៀនភ្ជាប់ជាមួយការអនុវត្តផ្ទាល់ជាមួយកសិករនៅខេត្តកំពង់ស្ពឺ ២ថ្ងៃ និងនៅប្រទេសថៃ ១ព្រឹក ហើយក៏បានចាប់ផ្តើមរៀបចំអាងភ្ញាស់និងចិញ្ចឹមកង្កែបនេះតែម្តង ដោយផ្តើមពីអាងចំនួន ៦ មេពូជ (ញី) ២០ក្បាល (ឈ្មោល) ២០ក្បាល នៅពាក់កណ្តាលឆ្នាំ២០១៩។ បច្ចុប្បន្ន ខ្ញុំ បានពង្រីកចំនួនអាងតង់ប្លាស្ទិចបាន ៥០អាង មានមេពូជ(ញី) ៣៥០ក្បាល (បា) ៣៥០ក្បាល ហើយមានកូនកង្កែបអាចលក់បានចំនួន ៥០ ០០០ក្បាល កូនកង្កែបទើបញាស់(កូនក្អុក) ១០០ ០០០ក្បាល និងពងញាស់បានមួយថ្ងៃ ៩អាង។ បច្ចុប្បន្នកូនកង្កែប និងកង្កែបសាច់ កំពុងមានទីផ្សារល្អ ដោយកូនកង្កែបអាចលក់បានតម្លៃ ៤០០រៀល/ក្បាល ទៅឲ្យកសិករចិញ្ចឹមបន្តក្នុងខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ ស្ទឹងត្រែង ពោធ៍សាត់ និងខេត្តព្រៃវែង។ ចំណែកកង្កែបសាច់ លក់ទៅកាន់ទីផ្សារតម្លៃជាមធ្យម ១០ ០០០រៀល/គ.ក្រ។ តាមទំហំផលិតនិងលក់បច្ចុប្បន្ននេះ ខ្ញុំ អាចទទួលចំណេញបានចន្លោះពី ២ ០០០-៣ ០០០ដុល្លា/ខែ ហើយក្នុងរយៈពេល៣-៤ខែខាងមុខនេះ ខ្ញុំ មានផែនការពង្រីកបន្ថែមលើផ្ទៃដី ២ហិកតាទៀត។
ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានដឹកនាំអញ្ជើញចុះពិនិត្យការភ្ញាស់និងចិញ្ចឹមកង្កែបរបស់កសិករ សោម លី បាន កោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កសិកររូបនេះនិងលើកទឹកចិត្តឲ្យបន្តពង្រីកទំហំផលិតកម្មភ្ញាស់កូនលក់និងចិញ្ចឹមយកសាច់ឲ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីឲ្យទទួលបានចំណូលកាន់តែប្រសើរឡើង។ តាមរយៈការចុះបំពេញការងារនេះ ពិតជាបានផ្តល់ បទពិសោធន៍ល្អៗនិងស្វែងយល់អំពីចរិត លក្ខណៈរស់នៅ ការពងកូន ការធំធាត់របស់ កង្កែប។ សកម្មភាពភ្ញាស់និងចិញ្ចឹមកង្កែបនេះ ពិតជាបានចូលរួមក្នុងការអនុវត្តសារាចរ ណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រង់ចំណុច ៦ ក្នុងបរិបទវិបត្តិនៃការ រាលដាលជំងឺកូវីដ ១៩។ កូវីដ ១៩ ប៉ះពាល់លើគ្រប់វិស័យ រួមទាំងកសិកម្ម ប៉ុន្តែ ក៏បានផ្តល់ នូវកាលានុវត្តភាព សម្រាប់វិស័យកសិកម្មតាមរយៈជំរុញកំណើននៃផលិតកម្មដាំដុះដំណាំរយៈពេលខ្លី ចិញ្ចឹមសត្វ ចិញ្ចឹមត្រី និងកង្កែប ដែលជាប្រភេទផលិតកម្មងាយផ្តល់នូវចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសាររបស់កសិករនិងរក្សាបានស្ថិរភាពសន្តិសុខស្បៀង។ ក្នុងវិបត្តិ កូវីដ ១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឥណទានសម្រាប់កសិករខ្ចីយកទៅពង្រីកអាជីវកម្មដាំដំណាំ រយៈពេលខ្លី ចិញ្ចឹមសត្វ ត្រី កង្កែប និងដំណាំផ្លែឈើ ដែលមានអត្រាការប្រាក់ត្រឹមតែ ៥% ក្នុងមួយឆ្នាំ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ចំនួន ៥០លានដុល្លា។ ហើយថ្មីៗនេះ ពីខេត្តព្រៃវែង សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ថវិកា ៥លានដុល្លាទៀត សម្រាប់តែការចិញ្ចឹមត្រីអណ្តែងក្នុងតង់ប្លាស្ទិក ដោយផ្តល់ជូនទាំងពូជនិងតង់សម្រាប់ធ្វើអាងតែម្តង។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានជូនពរឲ្យកសិករ សោម លី សម្រេចតាមគោលបំណងរបស់ខ្លួន ពង្រីកការភ្ញាស់និងចិញ្ចឹមលើផ្ទៃដី ២ហិកតា ខាងមុខនេះ។