នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០
ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាប្រចាំការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញចុះជួបសំណេះសំណាលនិងចែកពូជត្រី កង្កែប ចំណីត្រី កង្កែប ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រី នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ចំនួន ៤០គ្រួសារ នៅឃុំសេដាស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានរាយការណ៍ពីការងារបង្កបង្កើនផលដំណាំរដូវវស្សាដែលគិតត្រឹមថ្ងៃនេះ សម្រេចដាំដុះបានប្រមាណ៨០% ហើយមិនមានរងផលប៉ះពាល់នោះទេ តែក៏កំពុងតាមដានបញ្ហាទឹកក្នុងកូនរដូវប្រាំងនេះ។ ចំណែកសត្វមានលេចចេញករណីគោ ក្របី នៅឃុំពាមជីលាំង ឈឺងាប់ ដោយសារជំងឺសារទឹក ហើយសូមអំពាវនាវដល់ប្រជាកសិករ ត្រូវមានការប្រុងប្រយ័ត្នក្នុងអំឡុងពេលនេះ ដែលគោ ក្របី តែងកើតជំងឺអុតក្តាមនិងសារទឹកនេះ។សម្រាប់កម្មវិធីពេលនេះ ប្រជាកសិករ ៤០គ្រួសារ ក្នុងឃុំសេដា នឹងទទួលបាន កូនត្រី កូនកង្កែបសរុប ៧០ ៣០០ក្បាល និងចំណីត្រី ចំណីកង្កែប ៦៧បាវ ស្មើ ១ ៥៨៥គ.ក្រ ដោយកសិករចិញ្ចឹមត្រីអណ្តែង ៨គ្រួសារ ទទួលបានកូនត្រី ៨ ៨០០ក្បាល កសិករចិញ្ចឹមត្រីប្រា ១៤គ្រួសារ ទទួលបានកូនត្រី ២៨ ០០០ក្បាល កសិករចិញ្ចឹមត្រីឆ្ពិន ៦គ្រួសារ ទទួលបានកូនត្រី ១៥ ៥០០ក្បាល កសិករចិញ្ចឹមត្រីក្រាញ់ ៩គ្រួសារ ទទួលបានកូនត្រី ១៦ ២០០ក្បាល និងកសិករចិញ្ចឹមកង្កែប ៣គ្រួសារ ទទួលបានកូនកង្កែប ១ ៨០០ក្បាល ពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាការរួមចំណែកកាត់បន្ថយបន្ទុកចំណាយគ្រួសារកសិករចិញ្ចឹមត្រី កង្កែបនិងជាទុនសម្រាប់ពង្រីកបន្ថែមនាពេលខាងមុខ។
នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខនឹករឮកពីឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ដែលតែងបារម្មណ៍ចាត់ចែងមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះទេ ហើយតែងតែផ្ញើសារផ្តាំផ្ញើឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្តចំពោះជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនៅទូទាំងពិភពលោក ដោយនាំគ្នាអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល។ បញ្ហាកូវីដ ១៩ នេះ បានធ្វើឲ្យសម្តេចតេជោ ហ៊ុន សែន ផ្តោតកាន់តែខ្លាំងក្លាថែមទៀតលើវិស័យកសិកម្ម ជាពិសេសការដាំដុះដំណាំរយៈពេលខ្លី ចិញ្ចឹមសត្វ ចិញ្ចឹមត្រី។ ឆ្លើយតបនឹងការយកចិត្តទុកដាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានដាក់ចេញសារាចរណែនាំជំរុញផលិតកម្មកសិកម្មឲ្យកាន់តែមោះមុត សំដៅបង្កើនចំណូលគ្រួសារកសិករ និងបង្កើនផលិតកម្មផ្គត់ផ្គង់ទាំងក្នុងស្រុកនិងនាំចេញទៅក្រៅប្រទេស។ ដើម្បីជំរុញការងារនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានផ្ដល់អនុសាសន៍ណែនាំដល់បងប្អូនប្រជាកសិករ មន្ទីរ រដ្ឋបាលស្រុក ឃុំ មួយចំនួនដូចតទៅ ៖
+បងប្អូនប្រជាកសិករ
-ត្រូវយកទុនជាកូនត្រីដែលទទួលបាននេះ ទៅអនុវត្តការចិញ្ចឹមឲ្យបានត្រឹមត្រូវនិងយកចិត្តទុកដាក់បំផុត តាមបច្ចេកទេស ដើម្បីទទួលបានចំណូលចូលគ្រួសារនិងពង្រីកផលិតកម្មឲ្យបានធំថែមទៀត
-ត្រូវចេះចែករំលែកបទពិសោធន៍ល្អៗ ទៅវិញទៅមក ដើម្បីឲ្យការចិញ្ចឹមទទួលបានជោគជ័យទាំងអស់គ្នា
-ក្នុងកាលៈទេសៈនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ កសិករត្រូវបង្កើនផលិតភាពផលិតកម្មវារីវប្បកម្ម (ចិញ្ចឹមត្រី បង្កង កង្កែប អន្ទង់ កន្ធាយ) សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក
+មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
-ត្រូវបន្តខិតខំបណ្តុះបណ្តាល អប់រំ ណែនាំបច្ចេកទេសដល់កសិករចិញ្ចឹមត្រីនិងចិញ្ចឹមសត្វ ដាំដំណាំនិងបន្តចុះតាមដានជាប្រចាំ
-បន្តផ្សព្វផ្សាយ ពីការគិតគូរយកចិត្តទុកដាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រី ក្នុងដំណើរទៅសម្រេចចក្ខុវិស័យនៅឆ្នាំ២០៣០ ចំណូលមធ្យមកម្រិតខ្ពស់
-ជំរុញការអនុវត្តរាល់សារាចរណែនាំ លិខិតបទដ្ឋាននានារបស់ក្រសួង។
+រដ្ឋបាលស្រុក
-ត្រូវបន្តជំរុញការចាត់វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ឲ្យបានកាន់តែខ្លាំងក្លាថែមទៀត
-ត្រូវបន្តតាមដានស្រង់ស្ថិតិប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ដើម្បីទទួលបានគោលនយោបាយពីរាជរដ្ឋាភិបាល
-ត្រូវបន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីភូមិឃុំ មានសុវត្ថិភាព។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានក្រើនរំឭក កុំភ្លេចនូវការរក្សាអនាម័យល្អ និងអនុវត្តឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ទាំងអស់គ្នា។