គ្រាប់ពូជបន្លែនិងសម្ភារកសិកម្ម អន្តរាគមន៍ក្នុងវិបត្តិកូវីដ ១៩ ត្រូវបានផ្តល់ជូនកសិករ ៨០គ្រួសារ ក្នុងស្រុកតំបែរ
ចេញ​ផ្សាយ ២៧ កក្កដា ២០២០
171
កាលពីព្រឹកថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញផ្តល់កិត្តិយសចុះពិនិត្យការងារកសិកម្ម រួមមានការចិញ្ចឹមគោនិង ការដាំដុះបន្លែរបស់ប្រជាកសិករនៅភូមិគោកស្រុក និងប្រគល់ពូជបន្លែនិងសម្ភារកសិកម្មដល់គ្រួសារកសិករងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ ចំនួន ៨០គ្រួសារ ក្នុងឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានរាយការណ៍ជូនអង្គពិធីទាំងមូលថា គិតមកដល់សប្តាហ៍នេះ ការងារបង្កបង្កើនផលស្រូវរដូវវស្សាសម្រេចដាំដុះបាន ៥៩ ៩៨០ហិកតា ស្មើនឹង ៧៧,៥១% ការដាំដុះដំណាំរួមផ្សំ សាកវប្បកម្ម និងឧស្សាហកម្ម សម្រេចបាន ៥៨ ៣១៥ហិកតា ស្មើនឹង ៩៤,២៤%។ ដោយឡែកខេត្តត្បូងឃ្មុំ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ បានចាប់ផ្តើមពីឆ្នាំ២០១៩ ដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួនមានដូចជា ដំណាំស្រូវ ការចិញ្ចឹមសត្វ ការចិញ្ចឹមត្រី ការដាំបន្លែ និងដំឡូងមី និងការផ្សារភ្ជាប់ផលិតផលកសិកម្មទៅកាន់ទីផ្សារ ដោយអនុវត្តក្នុង ៧ស្រុក/ក្រុង ស្មើ ៣០ឃុំ ត្រូវជា ១៥៦ភូមិ និងមានកសិករគោលដៅចងក្រងជាបណ្តុំមានសមាជិកចំនួន ២ ០៩៩គ្រួសារ។ ជាលទ្ធផលនៃការអនុវត្តសកម្មភាពរបស់ខេត្តត្បូងឃ្មុំ រហូតមកដល់បច្ចុប្បន្ន សម្រេចបាន ៖
• បានធ្វើការចងក្រងបណ្តុំអាជីវកម្មចំនួន ៤៩បណ្តុំ ក្នុងនោះរួមមានបណ្តុំអាជីវកម្មស្រូវចំណីចំនួន ៦បណ្តុំ បណ្តុំអាជីវកម្មស្រូវពូជចំនួន ២បណ្តុំ បណ្តុំអាជីវកម្មចិញ្ចឹមមាន់ចំនួន ១៥បណ្តុំ បណ្តុំអាជីវកម្មបន្លែចំនួន ១០បណ្តុំ បណ្តុំអាជីវកម្មចិញ្ចឹមត្រីចំនួន ១៤បណ្តុំ និងបណ្តុំអាជីវកម្មដំឡូងមីចំនួន ២បណ្តុំ។
• ចុះកិច្ចសន្យាក្នុងការផ្គត់ផ្គង់ធាតុចូលកសិកម្ម រវាងក្រុមផលិតរបស់បណ្តុំអាជីវកម្ម ជាមួយអ្នកលក់ធាតុចូលចំនួន ២១បណ្តុំ។
• បានផ្តល់ការគាំទ្រជាធាតុចូលកសិកម្ម រួមមាន ជី ថ្នាំពុលកសិកម្ម កូនត្រី ចំណីត្រី សំភារៈដាំបន្លែ និង សម្ភារៈចិញ្ចឹមត្រីមួយចំនួន ដល់សមាជិកបណ្តុំអាជីវកម្មចំនួន ២៣បណ្តុំ ក្នុងនោះមានបណ្តុំស្រូវចំណី ៤បណ្តុំ បណ្តុំអាជីវកម្មចិញ្ចឹមត្រី ១0បណ្តុំ បណ្តុំអាជីវកម្មចិញ្ចឹមមាន់ ៥បណ្តុំ បណ្តុំអាជីវកម្មដំឡូងមី ២បណ្តុំ បណ្តុំអាជីវកម្ម បន្លែ ២បណ្តុំ
• ផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ ត្រី ៣២វគ្គ ដល់សមាជិកបណ្តុំ ៥៩៩គ្រួសារ
• សាងសង់ផ្ទះសំណាញ់គំរូដល់កសិករជាសមាជិកបណ្តុំចំនួន ៦កន្លែង (ទំហំ ១០x៣៦ម៉ែត្រ)
• ផ្តល់កិច្ចអន្តរាគមន៍ដល់កសិករងាយរងគ្រោះពីជំងឺ Covid-19 ដោយបានផ្តល់សម្ភារៈចិញ្ចឹមត្រី ចំណីត្រី ពូជត្រី និងកង្កែប ដល់កសិករចំនួន ១០គ្រួសារ ផ្តល់ពូជបន្លែដល់គ្រួសារកសិករ ១៤៧គ្រួសារ និងផ្តល់ពូជបន្លែនិង សម្ភារកសិកម្មសម្រាប់បង្ហាញចំនួន ២៥គ្រួសារ
• រៀបចំតូបលក់បន្លែសុវត្ថិភាពសហគមន៍ចំនួន ៥កន្លែង ដែលបានបំពាក់ដោយបដានិងធ្នើរសុវត្ថិភាព សម្រាប់ដាក់លក់បន្លែ។
សម្រាប់ពេលនេះ
១-កសិករទទួលពូជបន្លែរយៈពេលខ្លី ៦១គ្រួសារ ទទួលបាន ត្រកួន ១គ.ក្រ ស្ពៃចង្កឹះ ១កញ្ចប់ ស្ពៃក្រញាញ់ ២កញ្ចប់ ស្ពៃតឿ ១កញ្ចប់ សាលាដ ១កញ្ចប់ ក្នុងមួយគ្រួសារ។
២-កសិករទទួលគ្រាប់ពូជនិងសម្ភារកសិកម្មសម្រាប់ការធ្វើបង្ហាញ ១៩គ្រសារ ទទួលបាន កៅស៊ូផ្លាស្ទិចគ្របរង ១ដុំ សំណាញ់ទ្រើង ២ដុំ ទុយោសាច ១ដុំ ថាសបណ្តុះកូន ៥បន្ទះ គ្រាប់ពូជស្ពៃក្រញាញ់ ១កញ្ចប់ គ្រាប់ពូជខាត់ណាដើម ១កញ្ចប់ គ្រាប់ពូជត្រសក់ ១កញ្ចប់ និងគ្រាប់ពូជសណ្តែកកួរ ១កញ្ចប់ ក្នុងមួយគ្រួសារ។
ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា វិស័យកសិកម្ម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាកំណើនសេដ្ឋកិច្ចជាតិនិងជាប្រភពចំណូល របស់គ្រួសារកសិករ។ សូមបងប្អូន បន្តការដាំដុះនិងចិញ្ចឹមសត្វឲ្យបានច្រើនថែមទៀត។ រាជរដ្ឋាភិបាល តែងតែផ្តួចផ្តើមធ្វើយ៉ាងណាឲ្យកសិករមានចំណូលទ្រទ្រង់ជីវភាពក្នុងគ្រួសារ ដូចជាពេលនេះ ទោះបី ពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា កំពុងប្រយុទ្ធនឹងជំងឺរាតត្បាត កូវីដ ១៩ រាជរដ្ឋាភិបាល នៅតែបន្តគាំទ្រ ជួយដោះស្រាយទុក្ខលំបាករបស់ប្រជាកសិករ។ ថ្ងៃនេះ កសិករ ៨០គ្រួសារ នឹងទទួលបាននូវគ្រាប់ពូជបន្លែនិងសម្ភារ កសិកម្មមួយចំនួន ដូចជា ទុយោសាច ថាស់បណ្ដុះកូនដំណាំ ថង់ប្លាស្ទិកគ្របរង សំណាញ់ទ្រេីង ដែលរួម ចំណែកកាត់បន្ថយថ្លៃដើមផលិត។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្តេជ្ញាចិត្តហើយថា នឹងមិនឲ្យប្រជាពលរដ្ឋ ណាម្នាក់ស្លាប់ដោយសារអត់បាយនោះទេ។ សម្តេច តែងតែដោះស្រាយការលំបាកផ្នែកជីវភាពរបស់ប្រជាពលរដ្ឋងាយ រងគ្រោះ។ ឆ្លើយតបនឹងសភាពការណ៍រីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយ គាំពារផ្តល់ជាថវិកាដល់គ្រួសារដែលមានប័ណ្ណសមធម៌ក្រីក្រ ១ ក្រីក្រ ២។ ពាក់ព័ន្ធករណីនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ត្រីជំរឿន ស្មៀនឃុំ មេភូមិ ធ្វើការវាយតម្លៃដោយសុក្រឹតភាព សមធម៌ សុភវិន្និច្ឆ័យខ្ពស់ ជៀសឲ្យបានដាច់ខាត អ្នកក្រពិប្រាកដមិនបាន តែបានអ្នកដែលមិនក្រទៅវិញ។
ឆ្លៀតឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានបង្ហាញពីផលវិបាកនៃជំងឺកូវីដ ១៩ ព្រមទាំងបានណែនាំឲ្យចូលរួមអនុវត្ត វិធានការរបស់ក្រសួងសុខាភិបាលគ្រប់ៗគ្នា ក្នុងការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺ កូវីដ ១៩ ដូចជា ការធ្វេីអនាម័យជា ប្រចាំ ពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ ឬ កាល់កុល កាត់បន្ថយការជួបជុំគ្នា។
ចំនួនអ្នកចូលទស្សនា
Flag Counter