នាព្រឹកថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នៅទួលសុវត្ថិភាពថ្មី ដែលផ្តួចផ្តើមកសាងដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានដឹកនាំថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សា មន្ត្រីរាជការ ប្រជាពលរដ្ឋ ចុះពិនិត្យដំណើរការរៀបចំទីទួលសុវត្ថិភាពដែលគ្រោងទំហំ ១០ហិកតា និងទីតាំងដាំកូនឈេីធ្នង់ និងនាងនួន ប្រមាណ ១ ៥០០ដើម។ ទួលសុវត្ថិភាពថ្មីនេះ ស្ថិតនៅភូមិយាយសរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានគោលបំណងប្រើប្រាស់សម្រាប់ជាជម្រកស្នាក់នៅបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹក ជំនន់ទន្លេមេគង្គ ដែលតែងកើតមានជារៀងរាល់ឆ្នាំ។
នេះ ជាការយកចិត្តទុកដាក់គិតគូរសុខទុក្ខប្រជាពលរដ្ឋពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំអនុវត្តផ្ទាល់ពីឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិង សំណង់និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។