នាព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២០ នេះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី បានបន្តចុះពិនិត្យការដាំបន្លែក្នុង ផ្ទះសំណាញ់របស់កសិករនៅភូមិបីម៉ែត្រ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលបាន ដាំប្រភេទបន្លែស្លឹកដូចជា ស្ពៃតឿ ស្ពៃក្រញាញ់ ស្ពៃចង្កឹះ បានចំនួន ២ដងមកហើយ បន្ទាប់ពីទទួលបានផ្ទះសំណាញ់នេះ ពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការ ប្រែប្រួលអាកាសធាតុ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលសម្របសម្រួលដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។
លោក សេង សំបាត់ ដែលទទួលបានផ្ទះសំណាញ់ពីកម្មវិធី បានរៀបរាប់ថា ៣ឆ្នាំកន្លងមក គាត់ បានដាំបន្លែនៅលើទីវាលដីលាតធម្មតា ជួបបញ្ហាជាច្រើនដូចជា ទឹកភ្លៀងធ្វើឲ្យងាយរលួយ ក្តៅ ខ្លាំងខ្វះទឹក សត្វល្អិតចង្រៃ ស្មៅចង្រៃ....។ បន្ទាប់ពីការដាំក្នុងផ្ទះសំណាញ់ធ្វើឲ្យគាត់កាត់បន្ថយបញ្ហាប្រឈម ដូចខាងលើយ៉ាងច្រើន ទិន្នផលបន្លែក៏ល្អប្រសើរ ហើយទីផ្សារលក់ក៏បានល្អ។ គាត់ ក៏បាន ថ្លែង អំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានគិតគូរឲ្យមានកម្មវិធីនេះឡើង ហើយនឹងព្យាយាមពង្រីកការដាំក្នុងផ្ទះសំណាញ់ឲ្យបានកាន់តែធំ និងរួមចំណែក ផ្តល់បទពិសោធន៍ជូនដល់កសិករឯទៀតផងដែរ។
ត្រូវការទិញបន្លែសូមទាក់ទងលេខទូរស័ព្ទ ០៩៧ ៥៨ ០៨ ២៩២
ត្រូវការបច្ចេកទេសសូមទាក់ទងលេខទូរស័ព្ទ ០៩៧ ៧១ ១៧ ៣៤៦; ០៨៨ ៩៥ ៥៥ ៣៣២។