កូនត្រីពូជ ៦៣ ៧០០ក្បាល និងចំណីសរុបចំនួន ១០៧បាវ ស្មើនឹង ២ ៦៧៥គីឡូក្រាម បានផ្តល់ជូនកសិករ
ចេញ​ផ្សាយ ០៧ កក្កដា ២០២០
168

សុំគិតថា កូនត្រីនិងចំណីប្រគល់ជូននាពេលនេះ ជាដើមទុន មិនមែនជាចំណូលនោះទេ

នាព្រឹកថ្ងៃទីចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ តំណាងឲ្យឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងសហការី សហការជាមួយរដ្ឋបាល ស្រុកត្បូងឃ្មុំ រដ្ឋបាលឃុំរកាពរប្រាំ និងរដ្ឋបាលស្រុកក្រូចឆ្មារ រដ្ឋបាលឃុំទួលស្នួល ជួបសំណេះសំណាលនិងប្រគល់កូនពូជត្រី និងចំណីត្រី ជូនកសិករជាសមាជិកបណ្តុំ អាជីវកម្មចិញ្ចឹមត្រី រកាពរប្រាំ ស្រុកត្បូងឃ្មុំនិងបណ្តុំអាជីវកម្មចិញ្ចឹមត្រី ទួលស្នួល ស្រុក ក្រូចឆ្មារ សរុប ៦៥គ្រួសារ (រកាពរប្រាំ ៣៥គ្រួសារ និងទួលស្នួល៣០គ្រួសារ) ដែលគាំទ្រ ដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានកូនត្រី៤ប្រភេទ គឺត្រីប្រា ត្រីអណ្តែង ត្រីឆ្ពិន ទីឡាព្យា និងត្រីឆ្តោ សរុបកូនត្រីពូជ ៦៣ ៧០០ក្បាល និងចំណីសរុបចំនួន ១០៧បាវ ស្មើនឹង ២ ៦៧៥គ.ក្រ។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តមបណ្ឌិតអភិបាលខេត្ត និងមានការសោកស្តាយដែលខកខានមិនជួបបងប្អូនប្រជាពលរដ្ឋ ដោយសារមានភារកិច្ចការចាំបាច់ត្រូវដោះស្រាយបន្ទាន់។

សូមជម្រាបថា កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ នៅមូលដ្ឋានសម្របសម្រួលដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានរៀបចំបណ្តុំអាជីវកម្មផលិតកម្មកសិកម្ម ៤៩បណ្តុំ រួមមានបណ្តុំអាជីវកម្មផលិតកម្មបន្លែ ស្រូវចំណី ស្រូវពូជ ដំឡូងមី ចិញ្ចឹមត្រី និងបណ្តុំអាជីវកម្មចិញ្ចឹមមាន់ ដែលមានគ្រួសារជាសមាជិកចំនួន ២០៩៩គ្រួសារ។ ក្រៅពីផ្តល់ជូនបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដល់សមាជិកបណ្តុំ មន្ត្រីជំនាញអនុវត្តកម្មវិធី បានផ្តល់ជូនសមាជិកបណ្តុំអំពីគោលគំនិតនៃការចងក្រង អត្ថប្រយោជន៍នៃការចងក្រង និងការទទួលបានអត្ថប្រយោជន៍ពីកម្មវិធីចូលរួមដោះស្រាយបន្ទុកចំណាយបានមួយចំណែកដូចជាថ្ងៃនេះមានកូនត្រីនិងចំណីត្រី ហើយបណ្តុំអាជីវកម្មផ្សេងៗទៀត ទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀតដូចជា ជី កូនមាន់ សម្ភារៈទ្រុងមាន់ ពូជបន្លែជាដើម។

ព្រមជាមួយគ្នានោះ លោកប្រធានមន្ទីរ បានសំណូមពរសមាជិកបណ្តុំត្រូវចាត់ទុកថា កូនត្រីនិងចំណីត្រីដែល បានផ្តក់ជូននាពេលនេះ ជាដើមទុន មិនមែនជាចំណូលនោះទេ។ គឺចង់ឲ្យសមាជិកបណ្តុំប្រឹង ប្រែងចិញ្ចឹម ថែទាំ កូនត្រីទាំងនេះដោយយកចិត្តទុកដាក់និងតាមបច្ចេកទេសដែលមន្ត្រីជំនាញបានផ្តល់ជូន និងប្រែក្លាយចំណូលពីការចិញ្ចឹមនេះ ជាដើមទុនពង្រីកការចិញ្ចឹមបន្ថែមជាបន្តបន្ទាប់។

ត្រូវការបច្ចេកទេសសូមទាក់ទងទូរស័ព្ទលេខ ០៣១ ៥៧ ០៩ ៧០៩ ; ០៩៧ ៤៦ ៧៧ ៩០២

ចំនួនអ្នកចូលទស្សនា
Flag Counter