ការចងក្រងអាជីវកម្ម ជាបណ្តុំ នឹងផ្តល់ឱកាសសម្រាប់កសិករទទួលបានបច្ចេកទេសច្បាស់លាស់ ភាពរឹងមាំទីផ្សារនិងតម្លៃ
ចេញ​ផ្សាយ ០១ កក្កដា ២០២០
149

ព្រឹកថ្ងៃ​ពុធ កេីត ខែអាសាឍ​ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤​ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការីចូលរួម​សំណេះសំណាល​ និងប្រគល់កូនមាន់ដល់សមាជិក​បណ្ដុំអាជីវកម្មចិញ្ចឹមមាន់ស្រែចុងជាច ដែលសម្របសម្រួលអនុវត្តដោយអង្គការសហគមន៍អភិវឌ្ឍន៍សង្គមកម្ពុជា (SOFDEC) ដែលបានធ្វើកិច្ចសន្យាអនុវត្តពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ប្រព្រឹត្តឡើងនៅភូមិជាចជេីង​ ឃុំ​ចុងជាច​ ស្រុក​តំបែរ​ ខេត្តត្បូងឃ្មុំ ដោយបានការអញ្ជើញចូលរួមពីលោកជំទប់ឃុំចុងជាច​ មន្ត្រី​សម្របសម្រួល​ថ្នាក់​ខេត្ត​ ស្រុក​ មន្រ្ដី​ជំនាញ​ តំណាងអង្គការSOFDEC ភ្នាក់ងារ​ផ្សព្វផ្សាយ​កសិកម្ម​ឃុំ​ចុងជាច​ និងសមាជិកបណ្ដុំ ៥២នាក់ ដោយគ្រួសារជាសមាជិកបណ្ដុំនីមួយៗ ទទួលបានកូនមាន់ស្រែចំនួន ៣០ក្បាល។​

លោក ឃង មករា តំណាង​អង្គការ​SOFDEC បានរៀបរាប់ថា​ នៅ​ក្នុង​បណ្ដុំ​អាជីវកម្ម​ចិញ្ចឹម​មាន់​ស្រែ​ចុងជាច​ មាន​សមាជិក​ ៥២គ្រួសារ​ និងមានរោង​បង្ហាញ​ចិញ្ចឹម​មាន់​ស្រែមួយ​ដែលមានទំហំ​ ៥ម្រ៉ែត​ x​ ៧,៥ម្រ៉ែត​ ដែលអាច​ដាក់មេមាន់ពូជបាន​ ៥០ក្បាល​ តែជាក់ស្ដែង​មានមេមាន់ ១០០ក្បាល​។ កន្លងមកអង្គការ បានបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់នេះហើយ តែបន្ទាប់ពីទទួលកូនមាន់នេះ អង្គការនឹងមានវគ្គ​បណ្ដុះ​បណ្ដាល​ពី​បច្ចេកទេស​ចិញ្ចឹម​មាន់ថែមទៀត សុំឲ្យមានការចូលរួមឲ្យបានច្រើន។

​ក្នុង​ឱកាស​នោះ​ផង​ដែរ​ លោក សេង សោភា អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានបង្ហាញពីបច្ចេកទេស​ក្នុង​ការ​ចិញ្ចឹម​មាន់ ឱ្យ​បាន​ជោគជ័យ​ដល់​សមាជិក​បណ្ដុំ​ដូច​ជា ៖
​-សាង​សង់​ទ្រុងតាម​បច្ចេកទេស​ ដោយ​សាង​សង់​ទ្រុងបណ្ដោយ​ថ្ងៃ​ លេីដីទួល​ នៅ​ដាច់​ឆ្ងាយ​ពី​គេ
-ការ​ជ្រើសរើស​ពូជមាន់ដែលមាន​សុខភាព​ល្អ​ មានប្រភព​ច្បាស់លាស់ ដេីម្បី​យកមក​ចិញ្ចឹម​
-ការ​ផ្ដល់​ចំណី​ឱ្យ​បានត្រឹម​ត្រូវ​ ធ្វើ​ឱ្យ​មាន់ឆាប់ធំធាត់​ ​និងកែច្នៃចំណីប្រើវត្ថុធាតុដើមក្នុងស្រុក ដើម្បីកាត់​បន្ថយ​ការ​ចំណាយ​ដេីមទុនច្រេីនលេីការទិញចំណីពីរោងចក្រ
-ត្រូវ​យក​ចិត្ត​ទុក​ដាក់​លេី​ការ​ថែទាំ​ និង​ចាក់​វ៉ាក់​សាំង​ឱ្យ​បានត្រឹម​ត្រូវ​តាម​អាយុ​របស់កូន​មាន់​
-ត្រូវ​អនុវត្ត​វិធានការ​សុវត្ថិភាព​ជា​ប្រចាំ។

ក្នុងកិច្ចសំណេះសំណាល លោកប្រធានមន្ទីរបានជម្រាបជូនសមាជិកបណ្តុំនិងអង្គពិធីជ្រាបថា កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែ ប្រួលអាកាសធាតុនេះ ជាគម្រោងរបស់រាជ រដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ថវិកាជាតិមួយចំណែកនិងឥណទានពីមូលនីធិអន្តរជាតិ ដើម្បីអភិវឌ្ឍន៍កសិកម្ម(IFAD) ដឹកនាំអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយសម្របសម្រួលអនុវត្តផ្ទាល់នៅមូលដ្ឋានដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សហការជាមួយអង្គការសហគមន៍អភិវឌ្ឍសង្គមកម្ពុជា (SOFDEC) ដែលសកម្មភាពនៃការផ្តល់កូនមាន់នេះ ជាការគិតគូររបស់រាជរដ្ឋាភិបាល របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងការដោះស្រាយបន្ទុុកចំណាយក្នុងផលិតកម្មចិញ្ចឹមមាន់ស្រែនិងដើម្បីឲ្យកសិករទទួលបានចំណូលបន្ថែមសម្រាប់ទ្រទ្រង់ជីវភាពក្នុងគ្រួសារ។

កក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរ បានផ្ដល់ការតម្រង់ទិសដល់សមាជិកបណ្ដុំអាជីវកម្មមួយចំនួនដូចជា ៖
១-ត្រូវចាត់ទុកថា កូនមាន់ទាំងនេះជាទ្រព្យរបស់ខ្លួន ជាប្រភពទុននាំទៅដល់ការរកចំណូលចូលគ្រួសារនិងពង្រីកផលិតកម្មឲ្យបានធំថែមទៀត។
២-ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដែលទទួលបានពីមន្ត្រីជំនាញគ្រប់ជំហាននៃផលិតកម្មទាំងការថែទាំ ការចាក់វ៉ាក់សាំង អនុវត្តវិធានអនាម័យជាប្រចាំ ជីវសុវត្ថភាព និងសូមមានទំនាក់ទំនងមក​មន្រ្តី​ជំនាញ​ពេលដែលជួប​ញ្ហាផ្សេងៗដែល​ទាក់ទង​ទៅនឹង​ការ​ចិញ្ចឹម​មាន់
៣-ត្រូវខិតខំប្រឹងប្រែង ឧស្សាហ៍ព្យាយាមនិងប្រើប្រាស់វត្ថុធាតុដើមមានស្រាប់ជាចំណីស្រស់ ដើម្បីកាត់បន្ថយថ្លៃដើមផលិត។
៤-សមាជិកបណ្តុំ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ ឧស្សាហ៍ជួបប្រជុំពិភាក្សារកបញ្ហាប្រឈមនិងដំណោះស្រាយ ព្រមទាំងទាក់ទងរកដៃគូពិតប្រាកដសម្រាប់ទីផ្សារមាន់និងការផ្គត់ផ្គង់ចំណីនិងថ្នាំ។

ចំនួនអ្នកចូលទស្សនា
Flag Counter