ផ្សារសហគមន៍ រួមចំណែកដោះស្រាយទីផ្សារកសិផល
រសៀលថ្ងៃចន្ទ ២កេីត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការី សហការជាមួយក្រុមប្រឹក្សាឃុំជីគរ ស្រុកត្បូងឃ្មុំ ប្រគល់ធ្នេីរបន្លែសុវត្ថិភាពជូនដល់សមាជិកបណ្ដុំអាជីវកម្មបន្លែ សម្រាប់ការដាក់តាំងលក់បន្លែសុវត្ថិភាពក្នុងសហគមន៍របស់ខ្លួន ដែលជាសកម្មភាពអន្តរាគមន៍ក្នុងវិបត្តិនៃជំងឺកូវីដ ១៩ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុវត្តដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដែលមានការចូលរួមពីលោកមេភូមិស្ទឹងពេញនិងសមាជិកបណ្ដុំសរុប ១៦នាក់ ក្នុងនោះស្រី ៥នាក់។ សូមជម្រាបថា សម្រាប់កិច្ចអន្តរាគមន៍បន្ទាន់នេះ អនុកម្មវិធីក្នុងខេត្តត្បូងឃ្មុំ រៀបចំប្រគល់ធ្នើរតាំងលក់បន្លែងសុវត្ថិភាពដល់សមាជិកបណ្តុំ ចំនួន ៥ទីតាំង ក្នុងស្រុកអូររាំងឪ ត្បូងឃ្មុំ និងស្រុកតំបែរ ដោយនាំយកបន្លែពីសមាជិកបណ្តុំរបស់ខ្លួនមកតាំងលក់ ដើម្បីរួមចំណែកដោះស្រាយទីផ្សារកសិកម្ម បង្កើតការងារ និងប្រភពចំណូលសម្រាប់ទាំងអ្នកដាំ អ្នកលក់ និងអ្នកទិញ។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានជម្រាបជូនអ្នកដែលបានចូលរួមជ្រាបថា នេះ ជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលតែងដាក់ចេញនូវយន្តការចូលរួមដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។ ហេតុនេះ លោកពូក្រុមប្រឹក្សាឃុំ ជួយគាំទ្រនិងជំរុញការដាំដុះរបស់ប្រជាកសិករឲ្យបានច្រើននិងមានផែនការដាំដុះច្បាស់លាស់ អនុវត្តតាមបច្ចេកទេសដែលមន្ត្រីជំនាញផ្តល់ជូន និងជំរុញឲ្យប្រជាពលរដ្ឋប្រើប្រាស់កសិផលដែលផលិតបានក្នុងស្រុក ព្រមទាំងជំរុញការផ្សារភ្ជាប់កសិផលទៅកាន់ទីផ្សារទាំងក្នុងសហគមន៍និងក្រៅសហគមន៍តាមយន្តការកិច្ចសន្យាផលិតកម្មកសិកម្ម ដែលធានានិរន្តរភាពទីផ្សារនិងតម្លៃ។
ចូលកម្មវិធីបន្ទាប់ លោកប្រធានមន្ទីរ និងសហការី បានបន្តសហការជាមួយលោកក្រុមប្រឹក្សាឃុំ ចុះពិនិត្យស្ថានភាពការចិញ្ចឹមមាន់ស្រែរបស់បណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែជីគរ ដែលសម្របសម្រួលអនុវត្តដោយអង្គការអភិវឌ្ឍន៍សង្គមកម្ពុជា(SOFDEC) ដែលបានទទួលបានកិច្ចសន្យាអនុវត្តកម្មវិធីពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ មានទីតាំងស្ថិតនៅភូមិវាលលិច ឃុំជីគរ ស្រុកត្បូងឃ្មុំ ដែលមានសមាជិកបណ្ដុំចូលរួម ៦នាក់ ក្នុងនោះស្រី ៥នាក់។
ក្នុងឱកាសនោះផងដែរ មន្រ្តីជំនាញ បានណែនាំបច្ចេកទេសចិញ្ចឹមមាន់ឲ្យបានជោគជ័យដោយផ្តោតទៅលើ ៖
-សាងសង់ទ្រុងតាមបច្ចេកទេស ដោយសាងសង់បណ្ដោយថ្ងៃ លេីដីទួល នៅដាច់ឆ្ងាយពីគេ
-ការជ្រេីសរេីសពូជមាន់ ដែលមានសុខភាពល្អ មានប្រភពច្បាស់លាស់ ដេីម្បីយកមកចិញ្ចឹម
-ការផ្ដល់ចំណីឲ្យបានត្រឹមត្រូវ ធ្វេីឲ្យមាន់ឆាប់ធំ និងការកែច្នៃដោយខ្លួនឯង ដោយប្រើប្រាស់វត្ថុធាតុដើមជុំវិញផ្ទះ កាត់បន្ថយការចំណាយលេីការទិញចំណីស្រាប់ដែលមានតម្លៃខ្ពស់
-ការថែទាំនិងចាក់វ៉ាក់សាំង ឲ្យបានត្រឹមត្រូវតាមអាយុមាន់
-ការអនុវត្តវិធានជីវសុវត្ថិភាពជាប្រចាំ
-ត្រូវយកកំបោរស ឬ ទឹកថ្នាំសម្លាប់មេរោគ ដាក់តាមច្រកផ្លូវចេញចូលនិងបាញ់ថ្នាំសម្លាប់មេរោគនៅជុំវិញទ្រុងមាន់ ជាប្រចាំ។
មុនបញ្ចប់ លោកប្រធានមន្ទីរ បានសំណូមពរឲ្យសមាជិកបណ្ដុំអនុវត្តតាមបច្ចេកទេសចិញ្ចឹមមាន់ដែលមន្ត្រីជំនាញផ្តល់ជូននេះ ឲ្យបានខ្ជាប់ខ្ជួន ចែករំលែកបទពិសោធន៍ល្អៗ ទៅវិញទៅមក និងទាក់ទងជាមួយមន្ត្រីជំនាញនៅពេលមានបញ្ហាអ្វីកើតឡើង ដេីម្បីទទួលបានការតម្រង់ ទិសបន្ថែមទៀត។