ទោះស្ថិតក្នុងវិបត្តិនៃជំងឺកូវីដ ១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តជំរុញបញ្ជ្រាប បច្ចេកទេសកសិកម្មថ្មី ព្រមជាមួយការផ្តល់កូនត្រី ដោះស្រាយការលំបាកកសិករងាយរងគ្រោះ
ថ្ងៃព្រហស្បត្តិ៍ ១៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ រួមជាមួយសហការី សហការជាមួយលោក ជាម ជាង មេឃុំតំបែរ ជួបសំណេះសំណាលនិងប្រគល់កូនពូជត្រីអណ្តែងនិងចំណីត្រី ដល់គ្រួសារកសិករងាយរងគ្រោះ ក្រោមកិច្ចអន្តរាគមន៍បន្ទាន់នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ធន់ទៅនឹងការប្រែប្រួលអាកាសធាតុរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងសភាពការណ៍នៃវិបត្តិជំងឺឆ្លង កូវីដ ១៩ ដើម្បីឆ្លើយតបនឹងសន្តិសុខស្បៀងនិងរក្សាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ៥គ្រួសារ នៅភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយមួយគ្រួសារ ទទួលបាន តង់ធ្វើអាងត្រីមួយឈុត កូនត្រីអណ្តែង ១ ២០០ក្បាល និងចំណីត្រី ១បាវតូច។
នេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវផ្តល់លទ្ធភាពឲ្យប្រជាកសិករដែលងាយរងគ្រោះ មានចំណូលក្នុងគ្រួសារ ក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ ១៩ ដ៏ធ្ងន់ធ្ងរនេះ។
សូមជម្រាបជូនថា ក្នុងកិច្ចអន្តរាគមន៍បន្ទាន់ក្នុងពេលវិបត្តិនៃជំងឺកូវីដ ១៩ ក្រោមការតម្រង់ទិសរបស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានទទួលការអនុញ្ញាតអនុវត្តសកម្មភាពពិសេសបន្ទាន់ ៤ រួមមាន ការផ្តល់ពូជត្រីនិងកង្កែប ការផ្តល់ពូជបន្លែ ការតាំងលក់បន្លែសុវត្ថិភាពនៅតាមសហគមន៍ និងការផ្សព្វផ្សាយទីផ្សារកសិផល។
ក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរនិងសហការី បានបន្តចុះពិនិត្យការចិញ្ចឹមមាន់ស្រែជាលក្ខណៈគ្រួសារនិងផ្តល់ការតម្រង់ទិសមួយចំនួន។