នារសៀលថ្ងៃសៅរ៍ ៨រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំបានដឹកនាំសហការី ចុះពិនិត្យស្ថានភាពនៃការចិញ្ចឹមមាន់យកពងរបស់កសិករ អ៊ាង ពន្លក នៅភូមិជប់ទី២ ឃុំជប់ ស្រុកត្បូងឃ្មុំ ដែលមានរោងទទឹង ២៤ម៉ែត្រ បណ្ដោយ ៣៥ម៉ែត្រ មានមេមាន់សរុប ២ ៤០០ក្បាល (មេមាន់ចាស់ចំនួន ១ ៨០០ ក្បាល និងមេមាន់ពេញវ័យពងចំនួន ១ ៦០០ក្បាល) ដែលបានផ្តល់ពងមាន់ក្នុងមួយថ្ងៃបានរង្វង់ ១ ០០០គ្រាប់។
លោក អ៊ាង ពន្លក បានរៀបរាប់ថា គាត់មានបទពិសោធន៍ចិញ្ចឹមមាន់មានរយៈពេល ១០ឆ្នាំមកហេីយ ដែលដំបូងចិញ្ចឹមមាន់យកសាច់រយៈពេល ៥ឆ្នាំ និងមាន់យកពងរយៈពេល ៥ឆ្នាំ។ បច្ចុប្បន្នគាត់កំពុងចិញ្ចឹមមាន់យកពង ដោយប្រើពូជមាន់ ដែលអាចផ្តល់ពងបាន ៣៤០-៣៤៥គ្រាប់ក្នុងរយៈពេល ១ឆ្នាំ ៨ខែ ហើយមេមាន់មានទម្ងន់ ១,៨គីឡូក្រាម/ក្បាល។
ចំពោះទីផ្សារ ពងមាន់ដែលផលិតមិនមានការលំបាកទីផ្សារនោះទេ បច្ចុប្បន្ន បានលក់ទៅខេត្តកំពង់ចាមនិងរាជធានីភ្នំពេញ។ ពងមាន់ ត្រូវបែងចែកជាបីប្រភេទគឺ លេខ១ ទម្ងន់ ២២គីឡូក្រាម/៣០០គ្រាប់ លក់បានតម្លៃ ១គ្រាប់ ៣៤០៛ លេខ២ ទម្ងន់ ២០-២៣គីឡូក្រាម /៣០០គ្រាប់ លក់បាន ១គ្រាប់ ៣២០៛ និងលេខ៣ ទម្ងន់ក្រោម ២០គីឡូក្រាម /៣០០គ្រាប់ លក់បាន ១គ្រាប់៣០០៛។ ក្នុងមួយថ្ងៃ បើកាត់ចំណាយរួចរាល់ អាចសល់បាន ១២០ ០០០៛។
ទន្ទឹមប្រាក់ចំណូលទទួលបាននេះ គាត់ បានលើកឡើងបញ្ហាប្រឈម រួមមាន ពូជ ចំណី ភ្លើង និងដេីមទុនពង្រីកអាជីវកម្មឲ្យមានលក្ខណៈស្វ័យប្រវត្តិនិងខ្នាតធំជាង។
ក្នុងឱកាសនោះ ឆ្លើយតបនឹងគោលបំណងពង្រីកទំហំផលិតកម្មនិងដោះស្រាយបញ្ហាប្រឈម លោកប្រធានមន្ទីរ បានលើកយោបល់តម្រង់ទិស ឲ្យទាក់ទងជាមួយធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ទូរស័ព្ទលេខ 012 70 66 36 ដើម្បីខ្ចីឥណទានអន្តរាគមន៍របស់រាជរដ្ឋាភិបាលក្នុងគ្រាវិបត្តិនៃជំងឺកូវូដ ១៩ ដែលមានអត្រាការប្រាក់ទាប ដេីម្បីពង្រីកផលិតកម្មឱ្យបានស្របតាមបទដ្ឋានបច្ចេកទេស បរិស្ថាន អនាម័យ សុវត្ថិភាព និងស្វ័យប្រវត្តកម្មកាត់បន្ថយកម្លាំងពលកម្មក្នុងខ្សែច្រវ៉ាក់ផលិតកម្ម។