ពោតក្រហម ឬពោតចំណីសត្វ ទទួលបានទិន្នផលជាមធ្យមចំនួន ៥,២៦តោន/ហិកតា (គ្រាប់ពោតស្ងួត) និងទទួលបានបរិមាណផលសរុបចំនួន ៥៦ ៧៥០តោន(គ្រាប់ពោតស្ងួត)
ចេញ​ផ្សាយ ១០ មិថុនា ២០២០
460

ពោតក្រហម ឬ ពោតចំណីសត្វ ទទួលបានទិន្នផលជាមធ្យមចំនួន ៥,២៦តោន/ហិកតា (គ្រាប់ពោតស្ងួត) និងទទួលបានបរិមាណផលសរុបចំនួន ៥៦ ៧៥០តោន(គ្រាប់ពោតស្ងួត) ដែលប្រជាកសិករបានដាំដុះតាមតំបន់ដីទំនាបលិចទឹកទន្លេមេគង្គក្នុងខេត្តត្បូងឃ្មុំ រួមមាន ក្នុងស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ ស្រុកមេមត់ និងស្រុកអូររាំងឪ លើផ្ទៃដីដែលបានដាំចំនួន
១០ ៧៩០ហិកតា ក្នុងនោះដាំដុះក្នុងរដូវប្រាំងចំនួន ៦ ៨៥៥ហិកតា នៅស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ដែលផ្តល់ទិន្នផលជាមធ្យម ៥,៤០តោន/ហិកតា និងរដូវវស្សាចំនួន ៣ ៩៣៥ហិកតា ស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ ស្រុកមេមត់ និង ស្រុកអូររាំងឪ ដែលផ្តល់ទិន្នផលជាមធ្យម ៥,១២តោន/ហិកតា។ បច្ចុប្បន្ន ក្នុងខេត្តត្បូងឃ្មុំ មានពូជពោតប្រមាណ ១០ពូជ ត្រូវបានប្រជាកសិករប្រើប្រាស់ ដែលផ្តល់ទិន្នផលនិងគុណភាពផ្សេងៗគ្នា តែឆ្លើយតម្រូវការរបស់ទីផ្សារដូចគ្នា។

តាមរយៈការផ្សព្វផ្សាយបច្ចេកទេសដាំដុះពីមន្ត្រីជំនាញមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំនិងអ្នកបច្ចេកទេសរបស់បណ្តាក្រុមហ៊ុនលក់ពូជពោត ប្រជាកសិករបានផ្លាស់ប្តូរទម្លាប់ចាស់មួយចំនួន ដូចជាការជ្រើសរើសពូជ ការប្រើប្រាស់ប្រព័ន្ធទុយោបាចសាចដែលប្រើប្រាស់ទឹកតិច ការប្រើប្រាស់ជីទ្រាប់បាត ការប្រើប្រាស់ជីបំប៉ន ការប្រើប្រាស់ថ្នាំកសិកម្ម ដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ធ្វើឲ្យបរិមាណផលពោតមានការកើនឡើង។ ទន្ទឹមនោះ ការប្រមូលផល ក៏ត្រូវបានផ្លាស់ប្តូរពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សទាំងស្រុង មកប្រើម៉ាស៊ីនច្រូតពោតនិងប្រឡេះគ្រាប់ពោតច្រកការ៉ុងតែម្តង ដែលចំណេញពេលវេលា ថវិកា កម្លាំងពលកម្ម និងកាត់បន្ថយការខាតបង់។ ក្នុងខេត្តត្បូងឃ្មុំ ពោតរដូវប្រាំងប្រមូលផលនៅចន្លោះខែកុម្ភៈដល់ខែមេសា និងរដូវវស្សាប្រមូលផលនៅចន្លោះខែកក្កដាដល់ខែកញ្ញា។

ទោះយ៉ាងណា ក្នុងវដ្តផលិតកម្មដំណាំពោត កន្លងមក ប្រជាកសិករប្រឈមនឹងកត្តាចង្រៃមួយចំនួនដូចជា ដង្កូវហ្វូងប្រភេទថ្មី (Fall Armyworm) ផ្សិតដូន្នីមីលឌូ (Downy Mildew) ដែលទាមទារឲ្យប្រជាកសិករឧស្សាហ៍ព្យាយាម ចុះពិនិត្យចម្ការ ថែទាំ រៀបចំប្រព័ន្ធសុវត្ថិភាព ទប់ស្កាត់បង្កាឲ្យបានមុននិងទាន់ពេលវេលា និងទាក់ទងពិគ្រោះជាមួយមន្ត្រីជំនាញជាប្រចាំតាមទូរស័ព្ទលេខ ០៩៧ ៧១ ១៧ ៣៤៦ /០៨៨ ៩៥ ៥៥ ៣៣២/០៩៧ ៥៧ ០៤ ០១០/០១២ ២០ ០៣ ២៦។

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ឡសម្ងួតពោតជាលក្ខណៈគ្រួសារ ត្រូវបានអ្នកប្រមូល ទិញ រៀបចំឡើងនៅតាមលំនៅដ្ឋានរបស់ខ្លួនមានចំនួន ៧ឡ ក្នុងស្រុកក្រូចឆ្មារ ចំនួន ៥ឡ និងស្រុកត្បូងឃ្មុំ ចំនួន ២ឡ ដែលមានសមត្ថភាពសម្ងួតគ្រាប់ពោតពី ១ ៥០០តោនទៅ៣ ០០០តោន ក្នុងមួយឡក្នុងមួយឆ្នាំ។ ទោះបីឡសម្ងួតទាំងនោះ មិនទាន់មានភាពស្វ័យប្រវត្តិ តែវាបានចូលរួមចំណែកកាត់បន្ថយថ្លៃដើមផលិតបានមួយចំណែកដែរ។

ចំពោះបញ្ហាទីផ្សារ មានទាំងក្នុងស្រុក លក់ទៅកាន់រោងចក្រចំណីសត្វក្នុងស្រុកដូចជា ស៊ីភី បេតាហ្គ្រូ ហ្គ្រីនហ្វីត .....និងទៅក្រៅប្រទេសដូចជា វៀតណាមនិងថៃ។ តម្លែពោតក្រហមក្នុងឆ្នាំ២០១៩និងដើមឆ្នាំ២០២០នេះ មានលក្ខណៈប្រសើរ។ ក្នុងឆ្នាំ២០១៩ តម្លៃជាមធ្យម ពោតសើមមានតម្លៃ ៨៣០រៀល/គ.ក្រ ពោតស្ងួតមានតម្លៃ ៩៤០រៀល/គ.ក្រ និងដើមឆ្នាំ២០២០ ពោតសើមមានតម្លៃ ៧៣០រៀល/គ.ក្រ ពោតស្ងួតមានតម្លៃ ១ ០០០រៀល/គ.ក្រ ធៀបឆ្នាំ២០១៨ តម្លៃពោត ពោតសើមមានតម្លៃតែ ៧៥០រៀល/គ.ក្រ ពោតស្ងួតមានតម្លៃតែ ៩៥០រៀល/គ.ក្រ។
សរុបជារួម ខេត្តត្បូងឃ្មុំ មានចំណូលពីដំណាំពោតក្រហមប្រមាណ ៥៣ ៣៤៥ ០០០ ០០០រៀល/ឆ្នាំ។

សូមជម្រាបជូនថា ការចិញ្ចឹមសត្វជ្រូកនិងមាន់ មានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ ជា ពិសេសការចិញ្ចឹមជាលក្ខណៈកសិដ្ឋាន តាមកិច្ចសន្យាផលិតកម្មរវាងក្រុមហ៊ុនចំណីសត្វ និង ប្រជាកសិករ ដែលបង្ហាញឲ្យឃើញថា តម្រូវការពោតក្រហមសម្រាប់ធ្វើជាធាតុផ្សំចំណីសត្វ កាន់តែខ្ពស់។ ត្រឹមខែឧសភា ឆ្នាំ២០២០នេះ ខេត្តត្បូងឃ្មុំ មានកសិដ្ឋានចិញ្ចឹមជ្រូកចំនួន ១៦កសិដ្ឋាន ស្មើ ៦៧ខ្នងទ្រុង មានសត្វជ្រូក ២៧ ៦០០ក្បាល កសិដ្ឋានចិញ្ចឹមមាន់សាច់ ចំនួន ៥៧កសិដ្ឋាន ស្មើ ៨២ខ្នងទ្រុង មានសត្វមាន់ ៥៤០ ០០០ក្បាល។

ចំនួនអ្នកចូលទស្សនា
Flag Counter