វឌ្ឍនភាពការដាំដុះដំណាំ ការចិញ្ចឹមសត្វ និងការកសាងឡជីវឧស្ម័ន នៅវរៈសេនាតូចថ្មើជើងលេខ ២១៣
ចេញ​ផ្សាយ ០២ មិថុនា ២០២០
181

វីរភាពបងបងកងទ័ព នៅពេលស្រុកមានសង្គ្រាម បងបង ជាកម្លាំងជួរមុខការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ពេលប្រទេសជាតិ មានសុខសន្តិភាពពេញលេញដូចបច្ចុប្បន្ន បងបងនៅតែជាកម្លាំងប្រមូលផ្តុំ ជំរុញផលិតកម្មកសិកម្មប្រចាំគ្រួសារ ទ្រទ្រង់ជីវភាពនិងអង្គភាព មិនអាចរំលងបាន

ព្រឹកថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការី ចុះសំណេះសំណាលជាមួយគ្រួសារកងទ័ពដែលដាំដុះបន្លែនិងចិញ្ចឹមសត្វ ចំនួន ២៣គ្រួសារ និងពិនិត្យវឌ្ឍនភាពការដាំដុះដំណាំ ការចិញ្ចឹមសត្វ និងការកសាងឡជីវឧស្ម័ន នៅវរៈសេនាតូចថ្មើជើងលេខ ២១៣ ដែលមានបញ្ជាការដ្ឋាននៅស្រុកតំបែរ។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរបានលើកឡើងពវរៈភាពរបស់បងប្អូនយុទ្ធជនដែលបានបូជាសាច់ស្រស់ឈាមស្រស់ការពារទឹកដី និងនាំមកនូវសុខសន្តិភាពដូចបច្ចុប្បន្ន។ ក្នុងកាលៈទេសៈដែលស្រុកទេសយើងមានសុខសន្តិភាព បងបងយុទ្ធជនយើងនៅតែមានតួនាទីសំខាន់មិនត្រឹមតែការពារបូរណភាពទឹកដី តែក៏ជាកម្លាំងផលិតកម្ម ជាពិសេសផលិតកម្មកសិកម្ម ដែលរួមចំណែកធានាសន្តិសុខស្បៀងនិងសុខភាពប្រជាពលរដ្ឋ។បងបងគ្រួសារកងទ័ពពិតជាមានឱកាស ខិតខំប្រឹងប្រែងដាំដុះដំណាំកសិកម្មជាពិសេសបន្លែនិងការចិញ្ចឹមសត្វ ដោយរៀបចំផែនការផលិតកម្មច្បាស់លាស់ ឆ្លើយតបតម្រូវការទីផ្សា។ បច្ចុប្បន្ននេះ ទីផ្សារបន្លែសុវត្ថិភាពនិងមាន់ស្រែ កំពុងមានតម្រូវខ្ពស់ ជាឱកាសសម្រាប់បងបង បង្កើតនូវប្រភពចំណូលបន្ថែម និងជាកាលានុវត្តន៍ភាពនៃការអភិវឌ្ឍន៍វិស័យកសិកម្ម។

ក្នុងឱកាសនោះដែរ មន្រ្តីជំនាញបានណែនាំបន្ថែមអំពី បង្គុំបច្ចេកទេសដាំដុះដំណាំបន្លែ បង្គុំបច្ចេកទេសចិញ្ចឹមសត្វ និងសារៈសំខាន់នៃឡជីវឧស្ម័ន ជូនដល់គ្រួសារកងទ័ព។ បន្ថែមពីនេះទៀត មន្ទីរ នឹងបន្តគាំទ្រលើបច្ចេកទេសប្រសិនបើមានតម្រូវការបច្ចេកទេស។

គួររំឮកថា នៅឆ្នាំ២០១៩ កន្លងមក មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានសហការជាមួយវរៈសេនាតូចលេខ ២១៣ បើកវគ្គបណ្តុះបណ្តាលជូនបងបងកងទ័ពបានចំនួន ១១៥នាក់ លើជំនាញ ផលិតកម្មដាំដុះបន្លែនិងកៅស៊ូ ការចិញ្ចឹមត្រី និងការចិញ្ចឹមសត្វ។

ចំនួនអ្នកចូលទស្សនា
Flag Counter