រសៀលថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានជួបសំណេះសំណាលនិងផ្តាំផ្ញើដល់សម្បទានិកដីសម្បទានសង្គមកិច្ច ភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចំនួន ១៧នាក់ ក្នុងនោះស្រី ៩ នាក់ ដែលបានមកបំពេញទស្សនកិច្ចសិក្សាដកស្រង់បទពិសោធន៍ពី ៖
១.ការដាំដុះដំណាំបន្លែសុវត្ថិភាព របស់កសិករឈ្មោះ អុត ធី កសិករឈ្មោះ គង វី និងកសិករឈ្មោះ សឹង វាន់សង នៅភូមិថ្នល់ថ្មី សង្កាត់វិហារលួង ក្រុងសួង។
២.ការចិញ្ចឹមកង្កែប របស់កសិករ សោម លី នៅភូមិវិហារលួង សង្កាត់វិហារលួង ក្រុងសួង។
៣.ការចិញ្ចឹមត្រីក្នុងអាងផ្លាស្ទិច របស់កសិករ ខាន់ ជិនសេង នៅភូមិគោកនាវា ឃុំដូនតី ស្រុកពញាក្រែក។
ដែលដឹកនាំសម្របសម្រួលដោយលោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំនិងសហការី សហការជាមួយលោក ណុប ណាង ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកមេមត់ នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II) របស់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រថវិកាដោយធនាគារពិភពលោក។
តាមការស្ទាបស្ទង់វាយតម្លៃ បង្ហាញថា សម្បទានិកមានការចាប់អារម្មណ៍និងទទួលបានការយល់ដឹងបទពិសោធថ្មីពាក់ព័ន្ធជាមួយនឹងបច្ចេកទេសដាំដុះដំណាំបន្លែ ចិញ្ចឹមកង្កែបនិងត្រី ហើយសម្បទានិកប្រមាណ ៦៥% បានប្តេជ្ញាចិត្ត នឹងចាត់ចែងធ្វើតាមក្រោយពេលត្រឡប់ទៅវិញ។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានមានមតិថ្លែងអំណរគុណចំពោះកសិករ ដែលបានផ្តល់ទីតាំងនិងសម្របសម្រួលសម្រាប់ទស្សនកិច្ចសិក្សា ព្រមទាំងបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការបង្ហាញបច្ចេកទេស និងផ្ដល់បទបង្ហាញតាមចម្ងល់របស់សម្បទានិក។
ហើយចំពោះសម្បទានិក ដែលបានចំណាយពេលវេលាចូលរួម ដោយចង់ចេះចង់ដឹង នៅជំនាញបច្ចេកទេសទាំងអស់នេះ និងសូមឲ្យសម្បទានិក យកចំណេះដឹងទាំងនេះ ទៅអនុវត្តនៅក្នុងគ្រួសារ បង្កើតមខរបរ បង្កើនប្រាក់ចំណូលក្នុងគ្រួសារ កាត់បន្ថយការនាំចូលកសិផលដែលយើងអាចផលិតបាន ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល។ បើសិនជាមានបញ្ហាទាក់ទងជាមួយបច្ចេកទេស សូមទាក់ទងមកមន្ទីរនិងកសិករទាំង៤រូប ដើម្បីចាត់ចុះជួយអន្តរាគមន៍និងផ្ដល់បច្ចេកទេសបន្ថែម។