បន្ថែមការចិញ្ចឹមមាន់ ត្រីអណ្តែង ខ្នាតតូច ចំនេញច្រើនចំពោះកសិករដាំបន្លែ
ចេញ​ផ្សាយ ២៦ ឧសភា ២០២០
202

ព្រឹកថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំនិងសហការី បាន៖

-ចុះពិនិត្យស្ថានភាពដាំដុះដំណាំបន្លែរបស់ប្រជាកសិករ នៅភូមិចង្វារ ឃុំគងជ័យ ស្រុកអូររាំងឪ ដែលកំពុងប្រមូលផលនិងថែទាំដំណាំរួមមាន ស្ពៃក្រញ៉ាញ់ ស្ពៃតឿ ខ្ទឹមស្លឹក សាលាដ លើផ្ទែដីដាំដុះសរុប ១,៥ហិកតា

-បានពិភាក្សាជាមួយឈ្នួញកណ្ដាលនិងសុំឲ្យជួយរៀបចំផែនការដាំដុះជាមួយកសិករដៃគូឲ្យបានជាក់លាក់ ជៀសវាងបន្លែផលិតបានច្រើនលើសតម្រូវការរបស់ទីផ្សារ

-បន្ទាប់មក បានបន្តដំណើរចុះពិនិត្យស្ថានភាពដំណាំឆៃថាវ ជីនាងវង ត្រប់ និងការ ប្រមូលផលឆៃថាវ របស់កសិករនៅភូមិទំនាប ឃុំគងជ័យ ស្រុកអូររាំងឪ ដែលដាំដុះលើផ្ទៃដីប្រមាណ ៤០អារ។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានធ្វើការណែនាំតម្រង់ទិសមួយចំនួនដល់ប្រជាកសិកររួមមាន ៖
-សុំឲ្យប្រើទុយោសាច ចំណេញពេលវេលា កម្លាំងពលកម្ម
-សុំឲ្យសម្អាតកាកសំណល់បន្លែមិនឲ្យមាននៅលេីរង ក្រោយប្រមូលផលរួចហើយ ជៀសវាងបន្លែរលួយ បង្កឲ្យកើតមានពពួកផ្សិត ដង្កូវ សត្វល្អិតចង្រៃក្នុងដី បង្កជាប្រភពកត្តាចង្រៃដល់ដំណាំបន្លែវគ្គបន្ទាប់
-ត្រូវបន្ថែមការចិញ្ចឹម មាន់ ត្រីអណ្តែង ខ្នាតតូច ដោយយកកាកសំណល់បន្លែ ធ្វើជាចំណី ផ្សំជាមួយចំណីសត្វទិញពីផ្សារ។ ការចិញ្ចឹមមាន់ ត្រូវប្រើទ្រុង ហើយចាក់ថ្នាំការពារជំងឺឲ្យបានគ្រប់មុខជំងឺ
-កសិករត្រូវចំណាយ ពេលខ្លះអង្គុយពិភាក្សាគ្នា រៀបចំផែនការដាំដុះ កុំឲ្យជាន់មុខដំណាំគ្នា ពេលវេលាគ្នា ជាពិសេសពិភាក្សាជាមួយឈ្មួញកណ្តាល អំពីដំណាំអ្វីត្រូវដាំ ដែលជាតម្រូវការរបស់ទីផ្សារ ហើយមិនលើសពីតម្រូវការ។

ចំនួនអ្នកចូលទស្សនា
Flag Counter